បាតុករជាច្រើនម៉ឺននាក់បានតវ៉ានៅក្នុងទីក្រុង Minsk ដែលជារដ្ឋធានីនៃប្រទេសបេឡារុសកាលពីថ្ងៃអាទិត្យ ដែលចំថ្ងៃខួបកំណើតរបស់លោកប្រធានាធិបតី ដើម្បីទាមទារឱ្យលោកលាឈប់ពីតំណែង។
ក្រុមបាតុករដែលកាន់ទង់ពណ៌ក្រហមនិងសដែលបានក្លាយជានិម្មិតសញ្ញានៃក្រុមប្រឆាំង បានមកជួបជុំគ្នានៅជុំវិញវិមានលោកប្រធានាធិបតី Lukashenko ដោយប្រឈមមុខនឹងកងកម្លាំងសន្តិសុខដែលបានកាន់ខែល និងគាំទ្រដោយរថយន្តដឹកអ្នកទោសនិងរថយន្តពន្លត់អគ្គិភ័យ។
យ៉ាងហោចណាស់មានបាតុករចំនួន ១៤០ នាក់ត្រូវបានចាប់ឃាត់ខ្លួននៅមុនពេលពួកគេបំបែកគ្នានៅពេលរសៀល។ នេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ។
លោក Alexander Lukashenko ដែលមានអាយុ ៦៦ ឆ្នាំ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ត្រូវបានប្រកាសថាជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី ៩ ខែសីហា ក្នុងពេលដែលមានការចោទប្រកាន់ពីការគៃបន្លំសន្លឹកឆ្នោតយ៉ាងច្រើន។ លោក Lukashenko ដែលបានកាន់អំណាចរយៈពេល ២៦ ឆ្នាំ ហើយ បានប្រកែកថាមិនមានភាពមិនប្រក្រតីនោះទេ។ លោកបានដើរជុំវិញវិមានរបស់លោកដោយកាន់កាំភ្លើងស្វ័យប្រវត្តិរយៈពេលពីរសប្តាហ៍ជាប់ៗគ្នា។ នេះបើតាមរូបថតមួយដែលបោះពុម្ពផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី។
អ្នកស្រី Sviatlana Tsikhanouskaya មេដឹកនាំក្រុមប្រឆាំង បានថ្លែងថា អ្នកស្រីមិនទទួលស្គាល់លទ្ធផលឆ្នោតនេះជាដាច់ខាត។ អ្នកស្រីបានភៀសខ្លួនទៅប្រទេសលីទុយអានី ដោយអះអាងថាគឺដើម្បីសុវត្ថិភាពកូនៗ៕