បញ្ហាសំរាមនៅតាមទីសាធារណៈក្នុងប្រទេសកម្ពុជាមិនមែនជាប្រធានបទថ្មីនោះទេ ក៏ប៉ុន្តែដំណោះស្រាយឆ្លើយតបទៅហ្នឹងបញ្ហាដែលកើតមានឡើងដដែលៗ និងជារៀងរាល់ថ្ងៃនេះហាក់ដូចជាគ្មានប្រសិទ្ធភាពនៅឡើយ។
ក្រៅពីកត្តាអនុវត្តច្បាប់ ដែលនៅមានភាពធូររលុង និងយន្តការគ្រប់គ្រងសំរាមនៅមានភាពខ្វះខាតហើយនោះ ការមិនផ្លាស់ប្ដូរទម្លាប់ចាស់របស់ពលរដ្ឋកម្ពុជា កង្វះការយល់ដឹង និងកង្វះការផ្សព្វផ្សាយ ក៏ជាបញ្ហាចម្បង ដែលបង្កឲ្យមានបញ្ហាសំរាមនៅកម្ពុជាផងដែរ។
ជាទូទៅ គេកត់សម្គាល់ថា ការបន្សល់កាកសំណល់សំរាមតែងកើតមានឡើងនៅពេលដែលមានការប្រមូលផ្ដុំមនុស្សច្រើននៅកន្លែងសាធារណៈណាមួយ ដូចជាការប្រគំតន្ត្រី កម្មវិធីកម្សាន្តនានា និងការប្រកួតបាល់ទាត់នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកជាដើម។
ក្រៅពីនេះ គេក៏ប្រទះឃើញសំរាមជារៀងរាល់ថ្ងៃនៅតាមដងផ្លូវ ប្រឡាយ និងទីធ្លាសាធារណៈ។
ក្រោយពីពិធីបុណ្យអុំទូកឆ្នាំនេះបានបញ្ចប់ទៅ នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេឃើញមានការចែករំលែកនូវវីដេអូ និងរូបភាពជាច្រើនពាក់ព័ន្ធនឹងបញ្ហាសំរាមនេះ មានទាំងការបោសសំរាមទម្លាក់ចូលទៅក្នុងទឹកទន្លេ ទិដ្ឋភាពជនបរទេសជួយប្រមូលសំរាមដែលពលរដ្ឋកម្ពុជាបានបន្សល់ទុក និងរូបភាពសំរាមនៅតាមទីតាំងសាធារណៈសំខាន់ៗដែលគេប្រារព្ធពិធីបុណ្យជាដើម។
ក្រុមអ្នកឃ្លាំមើលការវិវត្តន៍សង្គមនៅកម្ពុជាមើលឃើញថា បញ្ហាសំរាមនៅកម្ពុជានេះ ទាមទារឲ្យមានការសហការគ្នា និងការទទួលខុសត្រូវរួមគ្នា ទាំងរដ្ឋាភិបាល ទាំងសាធារណជន។
ពួកគេយល់ថា ជាទូទៅសាធារណជនហាក់មិនចាប់អារម្មណ៍ចំពោះបញ្ហាសង្គមនេះទេ។
លោក ណែប ស៊ីនថៃ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ កត់សម្គាល់ថា ដើម្បីដោះស្រាយបញ្ហានេះ កម្ពុជាត្រូវបណ្ដុះផ្នត់គំនិតនៃការចូលរួមពីសាធារណជន តាមរយៈ ការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលយ៉ាងសកម្ម។
«ប្រជាជនយើងកុំថាឡើយសំរាម បញ្ហាអីផ្សេងទៀតដូចជារឿងចរាចរណ៍អី យើងដូចអត់មានការយល់ដឹងបញ្ហាសង្គម។ ម្នាក់ៗយករួចខ្លួន គិតថាមិនមែនជាបញ្ហាខ្លួនឯង ចឹងចេះតែបោះ។ វាទាមទារឲ្យមានការយល់ដឹង យើងបណ្ដុះតាំងពីកម្មវិធីសិក្សារបស់ក្មេងៗឲ្យយល់ពីតម្លៃនៃការចូលរួមតួយ៉ាងដូចរឿងសំរាមតិចតួចនេះជារឿងសំខាន់ណាស់»។
លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លើកឡើងថាបញ្ហាសំរាមនេះគឺជាបញ្ហារួមមួយដែលតម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយទាំងរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម និងសាធារណជន។
លោកថា ឥរិយាបថនៃការចោលសំរាមរបស់ពលរដ្ឋកម្ពុជាអាចមានការផ្លាស់ប្ដូរជាវិជ្ជមានបាននោះ លុះត្រាតែប្រជាពលរដ្ឋទាំងអស់មានទម្លាប់ចោលសំរាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ហើយទម្លាប់នោះគួរផ្ដើមចេញពីការទុកដាក់សំរាមឲ្យត្រឹមត្រូវនៅក្នុងក្រុមគ្រួសារ។
«យើងនៅតែមានទម្លាប់ក្នុងការបោះ ក្នុងការចោលសំរាម តាមផ្លូវក៏ចោល នៅក្នុងទីប្រជុំជនក៏ចោល។ អត្តចរិតហ្នឹងអត់ទាន់មានការផ្លាស់ប្ដូរក្នុងចំណោមពលរដ្ឋយើង។ អញ្ចឹងការគ្រប់គ្រងរបស់យើងនៅមានបញ្ហាដែរ។ បើចង់ឲ្យមានការផ្លាស់ប្ដូរត្រូវមានការដាក់ធុងសំរាមឲ្យបានច្រើនកន្លែង ហើយរឹតបន្តឹងច្បាប់ឲ្យបានតឹងរឹងដែរ។ អ្នកណាបោះ អ្នកណាចោលផ្ដេសផ្ដាសត្រូវផាកពិន័យអីទៅ ក្រែងបានល្អខ្លះ។ ចង់ឲ្យដឹងខ្លួនដោយស្វ័យប្រវត្តិមិនងាយទេ។ ឥរិយាបថ ពេលខ្លះមិនកែប្រែដោយសារការអប់រំទេ តែដោយសារការរឹតបន្តឹងច្បាប់»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យថ្មីមួយស្ដីពី«ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ដែលកំណត់ឲ្យមានការផាកពិន័យជាប្រាក់ចាប់ពី១ម៉ឺនរៀលទៅ២០ម៉ឺនរៀល និងប្ដឹងដល់តុលាការចំពោះជនណាដែលចោលសំរាមមិនបានត្រឹមត្រូវ។
ក៏ប៉ុន្តែ រយៈពេលមួយឆ្នាំគត់ ក្រោយអនុក្រឹត្យនេះត្រូវបានដាក់ឲ្យប្រើប្រាស់រដ្ឋាភិបាលកម្ពុជាពុំទាន់ទទួលបានរបាយការណ៍ណាមួយ ដែលបញ្ជាក់អំពីប្រាក់ពិន័យដែលបានមកពីការផាកពិន័យអ្នកចោលសំរាមនោះទេ។ នេះបើតាមក៏ឲ្យដឹងពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
លោក ខៀវ សុភ័គ លើកឡើងថា ការផាកពិន័យអ្នកចោលសំរាមនេះគឺជាបន្ទុករបស់មន្ត្រីថ្នាក់មូលដ្ឋាន។
«យ៉ាងណាក៏ដោយ សេចក្ដីប្រកាសដែលយើងដាក់ក៏បានកាត់បន្ថយការចោលសំរាមខ្លះដែរ ធ្វើឲ្យគាត់ខ្លាចរអា ថ្វីត្បិតតែមិនបានផាក»។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានទទួលស្គាល់ថា ការអនុវត្តច្បាប់នៅមានកម្រិត។
លោកបន្តថា ការយល់ដឹងរបស់ពលរដ្ឋកម្ពុជាអំពីផលប៉ះពាល់នៃការចោលសំរាម និងការចូលរួមមានកម្រិតពីសំណាក់សាធារណជន ក៏ជាកត្តាប្រឈមសំខាន់ៗដែរ។
«ការចោលសំរាម ឬសំណល់គ្រប់ប្រភេទពាសវាលពាសកាល មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសគឺធ្វើឲ្យប៉ះពាល់ដល់អនាម័យបរិស្ថាន។ វាអាចជះឥទ្ធិពលអាក្រក់ទៅដល់ការរស់នៅ ជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសអាចនាំឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ ខូចនូវសោភណភាពដល់ទីក្រុង ឬទីប្រជុំជនដល់ប្រទេសយើង ដែលបញ្ហាទាំងអស់នេះ វាប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ទេសចរណ៍អីក៏ប៉ះពាល់ដែរ នៅពេលដែលស្ថានភាពអនាម័យ និងបរិស្ថានមិនស្អាត»។
លោក សៅ សុភាព ថ្លែងថា ការណ៍នេះទាមទារឲ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវបន្តណែនាំ អប់រំ ផ្សព្វផ្សាយ ដើម្បីបង្កើនការយល់ដឹងនិងការចូលរួមរបស់សាធារណជន និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ។
តែទោះជាយ៉ាងនេះក្តី នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ណែប ស៊ីនថៃ លើកឡើងថា ការបង្កើតច្បាប់ ឬក្រឹត្យនានាចំពោះការគ្រប់គ្រងសំរាមគឺជាជំហានប្រសើរមួយហើយ ក៏ប៉ុន្តែលោកថា ការអនុវត្តច្បាប់ទាំងនោះឲ្យបានគ្រប់ជ្រុងជ្រោយទើបជារឿងសំខាន់៕