សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលសារភាពថា ខ្លួនបានបាញ់ប្រហារនៅផ្ទះមួយក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឱ្យគូដណ្តឹង២នាក់ស្លាប់ និងមនុស្សម្នាក់រងរបួសធ្ងន់។
បុរសដែលជាជនល្មើសនោះត្រូវបានរាយការណ៍ថា មានឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជាឧកញ៉ា។ ការបាញ់ប្រហារដោយកាំភ្លើងខ្លីនេះត្រូវបានសមត្ថកិច្ចរាយការណ៍ជាបឋមថា ដោយសារបញ្ហាទំនាស់រវាងអ្នកជិតខាង ពាក់ព័ន្ធនឹងការដាក់ស្នួរហាលខោអាវលើព្រំដីក្នុងបុរីប៉េងហួតបឹងស្នោ។
បើតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ការបាញ់ប្រហារនេះកើតឡើងកាលពីរសៀលថ្ងៃចន្ទ។
ជនល្មើសដែលបានសារភាពអំពីការបាញ់ប្រហារនេះត្រូវបានអាជ្ញាធរចាប់ខ្លួននៅស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃចន្ទ ក្រោយព្យាយាមរត់គេច ក្រោយពេលបាញ់ប្រហារកាលពីម៉ោងប្រមាណ៣រសៀល។
លោក សំ វិច្ឆិកា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបដិសេធមិនអត្ថាធិប្បាយ ដោយស្នើឱ្យសួរទៅអគ្គស្នងការដ្ឋាននគរបាលជាតិវិញ។
អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់វីអូអេនៅរសៀលថ្ងៃអង្គារនេះថា នគរបាលកំពុងសួរចម្លើយជនដៃដល់។ លោកមិនទាន់អាចបញ្ជាក់អ្វីបន្ថែមឡើយ។
តាមរយៈសម្ដីសារភាពដែលថតក្នុងវីដេអូមួយ ជនដៃដល់បានអះអាងថា ខ្លួនបានទៅសម្របសម្រួលជាមួយជនរងគ្រោះ ពាក់ព័ន្ធនឹងទំនាស់រវាងអ្នកជួលផ្ទះរបស់ខ្លួន និងជនរងគ្រោះ លើការដាក់ស្នួរហាលខោអាវលើព្រំដីនៅផ្ទះជាប់គ្នា។ ជនដៃដល់ដែលមានឈ្មោះថាស្រី ស៊ីណា អាយុ៥០ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះទាំង២នាក់ និងអ្នកធ្វើការជាមួយជនរងគ្រោះ ដោយសារតែខឹងនឹងពាក្យសម្ដីជេរប្រមាថរបស់ជនរងគ្រោះ។
យ៉ាងណាមិញ សាក្សីដែលនៅកន្លែងកើតហេតុនោះផ្ទាល់បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនរងគ្រោះទាំង២នាក់មិនបានប្រើពាក្យសម្ដីមិនសមរម្យទៅកាន់ជនបង្កហេតុរូបនោះទេ។ ជនដៃដល់ទៅវិញទេដែលប្រើពាក្យសម្ដីមិនសមរម្យមកកាន់ជនរងគ្រោះ និងបានចូលផ្ទះរបស់ជនគ្រោះដោយមិនដោះស្បែកជើង។
ជនរងគ្រោះប្រុសមានឈ្មោះ ឡុង លីសុង អាយុ២៧ឆ្នាំ និងជនរងគ្រោះស្រីមានឈ្មោះ ឃីន កញ្ចណា អាយុ២៥ឆ្នាំដែលបានរត់ទៅឱបគូដណ្តឹងដែលរងការបាញ់ប្រហារមុនគេ។ កញ្ញាត្រូវបានរាយការណ៍ថា ស្លាប់នៅមន្ទីរពេទ្យ។ ពួកគេជាគូដណ្ដឹងនឹងគ្នា ដោយបានភ្ជាប់ពាក្យ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយត្រៀមរៀបអាពាហ៍ពិពាហ៍នៅក្នុងខែតុលាខាងមុខ។ ពួកគេមានមុខរបរជាអ្នកថតរូបសម្រាប់កម្មវិធីផ្សេងៗ ដូចជាអាពាហ៍ពិពាហ៍ជាដើម។ ជនរងគ្រោះ លោក ឡុង លីសុង ជាម្ចាស់ក្រុមហ៊ុនថតរូបឈ្មោះថា Stellar Pictures។
ករណីបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរនេះរងការថ្កោលទោសពីសាធារណជន និងទាមទារយុត្តិធម៌ជូនជនរងគ្រោះ។ សាធារណជនមួយចំនួនលើកឡើងថា ជនដៃដល់ហាក់មិនមានភាពភ័យខ្លាច នៅពេលសារភាពអំពីការបាញ់ប្រហារនេះ ហើយការឃាត់ខ្លួនរូបលោកពីដំបូងឡើយមិនត្រូវបានវាយខ្នោះ និងចាប់ក្របួចភ្លាមៗ ដូចករណីផ្សេងទៀតឡើយ។
ដោយភ្ជាប់ជាមួយវីដេអូសារភាពរបស់ជនដៃដល់ លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនាថ្ងៃអង្គារនេះថា៖ «ខ្ញុំមិនយល់ពីយុត្តិធម៌ទេ។
បើគិតធម្មតា អ្នកបាញ់សម្លាប់ជីវិតមនុស្សពីរនាក់ បញ្ចប់ជីវិតគាត់មួយទៅសងមិនគ្រប់ផង កុំថា ឡើយជាប់គុកមួយជីវិត។ ក៏ប៉ុន្តែជាក់ស្ដែង មិនដឹងជាប់គុកត្រឹមប៉ុន្មានឆ្នាំទេ។ មុខដូចជាអត់ភ័យសោះ»។
ក្រោយកើតហេតុ សមាគមឧកញ៉ាកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ជនល្មើសដែលមានឈ្មោះ ស្រី ស៊ីណាមានគោរមងារជាឧកញ៉ា ប៉ុន្តែមិនទាន់ជាសមាជិកក្នុងសមាគមឧកញ៉ាឡើយ។ សមាគមឧកញ៉ាកម្ពុជាបញ្ជាក់ថា ខ្លួននឹងចាត់វិធានការស្នើសុំបញ្ចប់គោរមងារឧកញ៉ារបស់ជនដៃដល់។
ចំណែកលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្អូនប្រុសរបស់នាយករដ្ឋមន្រ្តីក៏បានបង្ហាញការសោកស្ដាយនៅលើទំព័រហ្វេសប៊ុករបស់លោក ចំពោះការបាត់បង់អាយុជីវិតរបស់ជនរងគ្រោះទាំង២នាក់។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា៖ «ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុតផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ»។ លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើស ដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់»។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់សារព័ត៌មាន Fresh News ដែលស្និទ្ធិនឹងរដ្ឋាភិបាល នៅរសៀលថ្ងៃអង្គារថា នគរបាលកំពុងរៀបចំកសាងសំណុំរឿង ប្រមូលសាក្សី និងភ័ស្ដុតាងបន្ថែមទៀត ដើម្បីដាក់បន្ទុកឧកញ៉ា ស្រី ស៊ីណា ពីបទ«មនុស្សឃាតដោយចេតនា គិតទុកជាមុន»។
មាត្រា២០០នៃក្រមព្រហ្មទណ្ឌចែងថា «បទឃាតកម្មគិតទុកជាមុន» អាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បង្ហាញការស្ដោកស្ដាយនៅពេលដែលបុគ្គលដែលមានគោរមងារជាឧកញ៉ាដែលគួរតែជាបុគ្គលមានសីលធម៌ មានសេចក្ដីថ្លៃថ្នូរ ប៉ុន្តែបែរជាប្រព្រឹត្តអំពើឃោរឃៅ។
លោកថ្លែងថា៖ «ផ្ទុយទៅវិញគោរមងារជាឧកញ៉ារបស់អ្នកដែលបានបាញ់ប្រហារទៅលើស្រ្ដីម្នាក់ និងបុរសម្នាក់ឱ្យស្លាប់ ហើយម្នាក់ទៀតរងរបួសដោយសារតែបញ្ហាទំនាស់តិចតួចនេះ វាហាក់បីដូចជាអំពើមួយឃោរឃៅ និងអមនុស្សធម៌ដែលវាផ្ទុយពីគោរមងារជាឧកញ៉ានេះ»។
លោក អំ សំអាត ស្នើឱ្យសមាគមឧកញ៉ាពិនិត្យតាមដានសកម្មភាព អត្តចរិតបុគ្គលដែលមានគោរមងារជាឧកញ៉ា ដើម្បីបញ្ចៀសការប៉ះពាល់គោរមងារឧកញ៉ានៅកម្ពុជា៕
វេទិកាបញ្ចេញមតិ