ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​ជំរុញ​ឱ្យ​ពង្រឹង​សុវត្ថិភាព​តាម​អគារ ក្រោយ​មាន​ករណី​ឆេះ​ក្លឹប​កម្សាន្ត​សម្លាប់​មនុស្ស​៨នាក់


ខារ៉ាអូខេ​ និងសណ្ឋាគារ មួយ​បាន​ឆេះក្នុង​រាជធានីភ្នំពេញ ប្រទេស​កម្ពុជាកាលពីថ្ងៃទី០១ កក្កដា​ ឆ្នាំ២០២៣។ (ហ្វេសប៊ុក/អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ)
ខារ៉ាអូខេ​ និងសណ្ឋាគារ មួយ​បាន​ឆេះក្នុង​រាជធានីភ្នំពេញ ប្រទេស​កម្ពុជាកាលពីថ្ងៃទី០១ កក្កដា​ ឆ្នាំ២០២៣។ (ហ្វេសប៊ុក/អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ)

អ្នក​តាម​ដាន​បាន​អំពាវនាវ​ឱ្យ​មាន​ការ​រឹត​បន្ដឹង​ច្បាប់​និង​ចុះ​ត្រួត​ពិនិត្យ​សំណង់​អគារ​នីមួយៗ ដើម្បី​ធានា​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​គ្រា​អាសន្ន ជា​ពិសេស​ករណី​អគ្គិភ័យ។ ការ​អំពាវនាវ​នេះ ក្រោយ​មាន​អគ្គិសនី​ឆេះ​ស្លាប់​មនុស្ស​៨​នាក់​ក្នុង​ក្លឹប​កម្សាន្ដ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេ​ញ កាល​ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៣។

ជន​រង​គ្រោះ​ទាំង​៨​នាក់​នោះ មាន​ជន​ជាតិ​ចិន​៦​នាក់ ​ខ្មែរ​១​នាក់​ និង​វៀតណាម​១​នាក់។ អគ្គិភ័យ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី១​ ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ។

លោក មាស នី អ្នក​វិភាគ​បញ្ហា​សង្គម លើក​ឡើង​ថា​នេះ​ជា​ការ​ធ្វេស​ប្រហែស​មិន​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល និង​កម្រិត​សមត្ថភាព​របស់​មន្រ្ដី​ជំនាញ​ក្នុង​ការ​គិត​គូរ​ចំពោះ​ច្រក​សុវត្ថិភាព​តាម​អគារ​ខ្ពស់ៗ​សម្រាប់​ករណី​អាសន្ន។

លោក​ប្រាប់​វីអូអេ​ថា៖ «រីឯ​ករណី​នៃ​ផ្លូវ​ចេញ ច្រក​ចេញ​សម្រាប់​គ្រា​អាសន្ន​នេះ​ ខ្ញុំ​ដូច​ជា​ឃើញ​ក្រសួង​ពាក់​ព័ន្ធ ពិសេស​ខាង​សំណង់​ដែន​ដី​ហ្នឹង​ ដូចជា​មិន​ទាន់​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​អាហ្នឹង​ទេ​។ អ៊ីចឹង​ទាល់​តែ​មាន​ឆេះ​ម្ដងៗ​ ទាល់​តែ​មាន​ស្លាប់​អ៊ីចឹង​ បាន​យើង​ចាប់​ផ្ដើម​មើល​ ប៉ុន្ដែ​មើល​ហើយ​មិន​ដឹង​ថា​នឹង​មាន​សកម្ម​ភាព​អីនឹ​ង​ត្រូវ​ឆ្លើយ​តប​ ក្រៅ​ពីរឿង​គ្រាន់​តែ​ប្ដឹង​ទៅ​ម្ចាស់​សំណង់​ ម្ចាស់​រង្គ​សាល​ ក៏​ប៉ុន្ដែ​សំណង​ដទៃ​ទៀត​តើ​មាន​ត្រូវ​ការ​ចុះ​ត្រួត​ពិនិត្យ​ផ្លូវ​ចេញ​ ច្រក​ចេញ​សម្រាប់​ករណី​ដែល​អាសន្ន​ដែរ​ឬ​អត់​?»។

លោក​យល់​ថា​ខណៈ​សំណង់​អគារ​ខ្ពស់ៗ​កំពុង​ដុះ​ដាល​ពេញ​ទីក្រុង​ភ្នំពេញ ក្រសួង​រៀប​ចំ​ដែនដី នគរូប​នីយ​កម្ម និង​សំណង់ ​ត្រូវ​ពន្លឿន​ចាត់​វិធាន​ការ​ចុះ​ត្រួត​ពិនិត្យ ដើម្បី​ធានា​នូវ​គុណភាពនៃ​ការ​សាងសង់​សំណង់​អគារ​ធំៗ ​ឱ្យ​ត្រូវ​ទៅ​តាម​ស្ដង់​ដារ​ មាន​ច្រក​ចេញ​ចូល​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​គ្រា​អាសន្ន ដើម្បី​បង្ការ​មាន​ការ​ជាប់​គាំង​មនុស្ស​ស្លាប់។

អ្នក​វិភាគ​រូបនេះ​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ជា​ពិសេស​មន្រ្ដី​ជំនាញ​ត្រូវ​ពិនិត្យ​ប្លង់​សំណង់​អគារ មុន​អនុញ្ញាត​ឱ្យ​មាន​ការ​សាងសង់។

លោក​ថ្លែង​ថា៖ «មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ទាំង​ម្ចាស់​អគារ​ និង​មន្រ្ដី​ជំនាញ​ផ្នែក​សំណង់​ផង​ហ្នឹង​ បាទ​ធ្វើ​ម៉េច​ឱ្យ​ច្បាប់​ហ្នឹង​ ឱ្យ​បាន​តឹង​ ឬធ្វើ​ម៉េច​ឱ្យ​បាន​Make sure ឬ​ក៏​ធ្វើ​ឱ្យ​បាន​ច្បាស់​ថា​ផ្លូវច្រក​ចេញ​ចូល​ពេល​មាន​អាសន្ន​ គឺ​ត្រូវ​តែ​មាន​នៅ​ក្នុង​អគារ​នីមួយៗ​ សូម្បី​តែ​អគារ​ហ្នឹង​តែ​មួយ​ជាន់​ ឬ​ពីរ​ជាន់​ក៏​ដោយ»។

លោក យង់ គិមអេង ប្រធាន​មជ្ឈម​ណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​យល់​ថា​ម្ចាស់ក្លឹប​នីមួយៗ​ត្រូវ​ត្រួត​ពិនិត្យ​ច្រក​ចេញ​ចូល​ឱ្យ​បាន​ត្រឹមត្រូវ និង​បំពាក់​នូវ​សម្ភារៈ​សុវត្ថិភាព​ឱ្យ​បាន​គ្រប់​គ្រាន់​ចៀស​វាងមាន​ហានិភ័យ​កើត​ឡើង​ ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ប្រជាពល​រដ្ឋ​ដែល​នៅ​ក្បែរខាង​ ភ្ញៀវ​ដែល​ចូល​កម្សាន្ដ​ ក៏​ដូច​ជា​ផល​ប្រយោជន៍​ម្ចាស់​ក្លឹប។

លោក​ថ្លែង​ថា​៖« អ្នក​ម្ចាស់​ក្លឹប​គួរតែ​មាន​បំពង់​អគ្គិភ័យ​ឱ្យ​បាន​គ្រប់គ្រាន់​ដែល​អាច​ធ្វើ​អន្ដរាគមន៍​បាន​ជា​បឋម ទម្រាំ​ទ្បាន​ទឹក​គេ​មក​ដល់។ បើមិន​អ៊ីចឹង​ទេ​ បើ​អត់​មាន​បំពង់​អគ្គិភ័យ​ ឬ​បំពង​អគ្គិភ័យ​តិច​តួច​ពេក មិន​គ្រប់គ្រាន់​ គួរ​តែ​គិត​ពី​រឿង​បញ្ហា​អស់​ហ្នឹង។ អ៊ីចឹង​ខាង​អគ្គិភ័យ ប៉ូលិស​អគ្គិភ័យ​អាច​ចុះ​ទៅ​វាយ​តម្លៃ​ឱ្យ​គាត់​ដែរ​ថា​ក្លឹបរបស់​គាត់​មួយ​ហ្នឹង គឺគួរ​ប្រើ​បំពង់​អគ្គិភ័យ​ប៉ុន្មាន តើ​កន្លែង​សុវត្ថិភាព​សម្រាប់​ពេល​ដែល​អគ្គិភ័យ​កើត​ឡើង​គួរ​តែ​ទៅ​តាម​ផ្លូវ​ណា ដើម្បី​ឱ្យ​ងាយ​ស្រួល​គ្នា​ចាក​ចេញ​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​»។

លោក​បន្ដ​ថា​អាជ្ញាធរ​មន្រ្ដី​ពាក់​ព័ន្ធ​ត្រូវ​មាន​វិធាន​ការ​ផ្លូវ​ច្បាប់ ចុះ​វាយ​តម្លៃ​កម្រិត​ស្ដង់​ដារ​ប្រព័ន្ធ​សុវត្ថិ​ភាព​ក្នុង​អគារ និង​ទីតាំង​សាង​សង់​ក្លឹប​កម្សាន្ដ​នីមួយៗ ដើម្បី​បញ្ចៀស​ករណី​មាន​ឆ្លង​ចរន្ត​អគ្គិសនី ឬ​ការ​ឆាប​ឆេះ​នានា។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វីអូអេថា​អាជ្ញាធរ​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​សហការ​ចូលរួម​ប្រុង​ប្រយ័ត្ន​បន្ថែម​ពី​ម្ចាស់​អគារ។

លោក​ថ្លែង​ថា៖ «មក​ពី​ការ​ធ្វេស​ប្រហែស​សំខាន់​ពី​អ្នក​គ្រប់គ្រង​កន្លែង​ហ្នឹង​ឯង​ ឧទាហរណ៍​ឆេះ​ផ្ទះ​ខ្ញុំ​អី​ ខ្ញុំ​មិន​បន្ទោស​អាជ្ញាធរ មក​ពីខ្ញុំ​ប្រហែស ហើយ​អ្នកណា​ថា​មក​ពី​អាជ្ញាធរ​ បើ​ឆេះ​ផ្ទះ​ខ្លួន​ឯង​ កុំ​បន្ទោស​អាជ្ញាធរ​ មក​ពី​ខ្លួន​ឯង​តភ្លើង​ តអី​មិន​ច្បាស់​លាស់ហ្នឹង​»។

លោក​បន្ដ​ថា​កន្លង​មក​អាជ្ញាធរ​ក៏បាន​ក្រើនរំឭក​ណែនាំ​ប្រជា​ពលរដ្ឋ​ ក៏ដូចជា​ចុះ​ពិនិត្យ​តាម​សំណង់​អគារ​នីមួយៗ​ទៅ​លើ​ការ​ភ្ជាប់​ចរន្ត​ភ្លើង​ឱ្យ​ស្រប​ទៅ​តាម​ស្តង់ដា​បច្ចេក​ទេស​ផង​ដែរ។

អ្នក​នាំ​ពាក្យ​រូប​នេះ​ស្នើឱ្យ​ម្ចាស់​អគារ​នីមួយៗ​ គួរ​មាន​សម្ភារៈ​ពន្លត់​អគ្គិភ័យ​ឱ្យ​បាន​គ្រប់​គ្រាន់ និង​គោរពរ​តាម​ច្បាប់​ស្ដីពី​ការ​សាងសង់អគារ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សេង ឡូត អ្នក​នាំពាក្យ​របស់​ក្រសួង​រៀបចំ​ដែន​ដី នគរូប​នីយកម្ម និង​សំណង់​បាន​នៅ​ឡើយ​ទេ។

គួរ​រំឭក​ថា​កាល​ពី​ចុង​ឆ្នាំ​២០២២ មាន​ករណី​ឆេះ​សណ្ឋាគារ និង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ សម្លាប់​មនុស្ស​ចំនួន​២៦​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ថៃ៕

XS
SM
MD
LG