ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ៖ ​ជំនន់​ទឹក​ភ្លៀង​ស្រក​ចុះ មិន​បង្ក​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​ឡើយ


រូបឯកសារ៖ ទឹកភ្លៀងជន់លិចតំបន់ទីប្រជុំជន នៅខេត្តព្រះសីហនុ កាលពីឆ្នាំ ២០២០។ (Facebook/Preah Sihanoukville Provincial Administration)
រូបឯកសារ៖ ទឹកភ្លៀងជន់លិចតំបន់ទីប្រជុំជន នៅខេត្តព្រះសីហនុ កាលពីឆ្នាំ ២០២០។ (Facebook/Preah Sihanoukville Provincial Administration)

អាជ្ញាធរ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​កំពុង​ជួប​បញ្ហា​គ្រោះ​ទឹក​ជំនន់​ឱ្យ​ដឹង​ថា ​ពួក​គេ​បាន​កំពុង​ជួយ​សង្គ្រោះ និង​ផ្តល់​ស្បៀង សម្ភារៈ​បរិក្ខារ​ដល់​ប្រជា ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ ខណៈ​ទឹក​បាន​ស្រក​ចុះ​ទៅ​វិញ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ។​

ទោះ​យ៉ាងណា ​អាជ្ញាធរ​បាន​ប្រកាស​ថា​ ភ្លៀង​អាច​បន្ត​ធ្លាក់​ក្នុង​សប្តាហ៍​នេះ ​ដោយសារ​ទទួល​រង​សម្ពាធ​ខ្យល់​ព្យុះ​ពី​ប្រទេស​ផ្សេង។​

អភិបាល​ខេត្ត​បាត់​ដំបង​ លោក ​សុខ លូ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ មក​ដល់​ពេល​នេះ ​ទឹក​ជំនន់​នៅ​ខេត្ត​បាត់ដំបង​បាន​ស្រក​វិញ​អស់​ហើយ ​ហើយ​ជំនន់​នេះ​មិន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ណា​មួយ​ឡើយ។ ​លោក​កត់​សម្គាល់​ថា ​ជំនន់​ទឹក​ភ្លៀង​ឆ្នាំ​នេះ​ឡើង​លឿន ​ប៉ុន្តែ​ស្រក​ទៅ​វិញ​ក៏​លឿន​ដែរ។​

លោក​ថ្លែង​ថា៖ ​ «អត់​មាន​អី​ធ្ងន់​ធ្ងរ​ទេ​ ដោយ​សារ​ទឹក​ជំនន់​រហ័ស​អ៊ីចឹង​ទៅ ​វា​ស្រក​ទៅ​វិញ ​មិន​ប៉ះពាល់​អី​ធ្ងន់ធ្ងរ​ទេ​ សម្រាប់​បងប្អូន​ប្រជា​ពលរដ្ឋ​បាទ។ ​ប៉ុន្តែ​ដូច​ខ្ញុំ​ថា​ អ៊ីចឹង​ដោយ​សារ​តែ​ទឹក​ជំនន់​រហ័ស​ ទឹក​ភ្លៀង​ច្រើន​ទៅ​វា​រហ័ស​អ៊ីចឹង​ទៅ​…. ​អត់​មាន​បញ្ហា​គ្រោះ​ថ្នាក់​អី​ធ្ងន់ធ្ងរ​ទេ។​ វា​ខូច​ផ្លូវ​ថ្នល់​អី​មួយ​ចំនួន»។​

ចំណែក​អភិបាល​ខេត្ត​ពោធិ៍សាត់ ​លោក​ ខូយ រីដា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ដោយ​សារ​តែ​មាន​ភ្លៀង​ធ្លាក់​ពីរ​យប់​ពីរ​ថ្ងៃ​ជាប់​គ្នា ​ចាប់​ពី​ថ្ងៃ​ទី​២៧ ​ ទី​២៨​ ខែ​កញ្ញា​មក ​ទើប​ខេត្ត​របស់​លោក​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង។ ​ប៉ុន្តែ​លោក​ថា ​ មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ ​ទឹក​ជំនន់​បាន​ស្រក​ទៅ​វិញ​អស់​ហើយ។​

លោក​ថ្លែង​ថា៖​ «ថ្ងៃ​ទី​២៧ ​ទី​២៨ ​គឺ​ភ្លៀង​ទាំង​យប់​ទាំង​ថ្ងៃ​ …​ពីរ​យប់​ពីរ​ថ្ងៃ​នៅ​តំបន់​ស្រុក​វាល​វែង​ហ្នឹង​ឯង​ អ៊ីចឹង​ទឹក​ធ្លាក់​ពី​លើ​កំពូល​ភ្នំ​មក​គឺ​យើង​ឃើញ​ស​ក្បុស។​ អ៊ីចឹង​បាន​ប្រជាជន​ខ្លះ ​រត់​អត់​ទាន់​ ខ្លះ​ឡើង​ចុង​ឈើ ​ផ្ទះ​ខ្លះ​ទៅ​តាម​ទឹក​ដូច​គេ​ហៅ​ថា​ រញ្ជួយ​ដី​សូណាមិ​ ទឹក​សមុទ្រ​នៅ​ជប៉ុន​អ៊ីចឹង។​ តែ​រយៈ​ពេល​តែ​ពីរ​ទៅ​បី​ម៉ោង​នៅ​តំបន់​ភ្នំ​ត្រូវ​អស់​លឿន​ណា៎។​ វា​អត់​ត្រាំ​នៅ​រាប់​ថ្ងៃ​ទេ។ ​អាហ្នឹង​ភ្នំ។​ ហើយ​វា​បូក​មក​ក្បាល​ភ្នំ​បី​ ស្ទឹង​មេ​ទឹក​ពោធិ៍សាត់ ​និង​ ស្ទឹង​ព្រៃផ្លុង​ស្ទឹងអារ៉ៃ​ហ្នឹង​បូក​ចូល​គ្នា​មក​សម្រុក​មក​ដាក់​ទីរួម​ខេត្ត​ពោធិ៍សាត់។​ វា​លិច​ក្រុង​ដោយ​សារ​មូល​ហេតុ​ហ្នឹង»។​

អភិបាល​ខេត្ត​ពោធិ៍សាត់​រូប​នេះ​បន្ត​ថា​ ទឹក​ជំនន់​ក្នុង​ឆ្នាំ​នេះ​មាន​សន្ទុះ​ខ្លាំង​ជាង​ឆ្នាំ​មុន​ ប៉ុន្តែ​វា​ក៏​ឆាប់​ស្រក​ទៅ​វិញ​លឿន​ផង​ដែរ។ ​លោក​បញ្ជាក់​ថា​ ទឹក​ជំនន់​នេះ​ធ្វើ​ឱ្យ​ទ្រព្យ​សម្បត្តិ ​ផ្ទះ​សម្បែង ​ផ្លូវ​ថ្នល់ ​និង​ផល​ដំណាំ​របស់​ប្រជា​ពលរដ្ឋ​ត្រូវ​រង​ការ​ខូច​ខាត ​ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ឡើយ។​

លោក​លើក​ឡើង​ថា៖​ «កាល​ណា​មាន​គ្រោះ​ធម្មជាតិ​ វា​មុខ​តែ​មាន​ប៉ះពាល់​ហើយ គ្រាន់​តិច​ហើយ​នឹង​ច្រើន​ទេ ​គ្រាន់​តែ​អាយុ​ជីវិត​ប្រជាជន​គឺ​ យើង​បញ្ជៀស​បាន​ទាំង​ស្រុង​ អត់​មាន​នរណា​ម្នាក់​បាត់​បង់​ជីវិត​ទេ។​ វា​ប្រឈម​ខ្លាំង​មែន ​តែ​យើង​ជួយ​ ធ្វើ​អន្តរាគមន៍​ទាន់​ពេល​វេលា។ ​ចំពោះ​ទ្រព្យ​សម្បត្តិ​ វា​មាន​បាត់​បង់​ហើយ​ មាន​ផ្ទះ​សម្បែង​ខ្លះ​ទៅ​តាម​ទឹក​ ហើយ​សម្ភារៈ​ក៏​ទៅ​តាម​ទឹក​ដូច​គ្នា​អ៊ីចឹង​ដែរ។​ អ្វី​ដែល​សំខាន់​គឺ​វា​ប៉ះពាល់​តែ​សម្ភារៈ​មួយ​ចំនួន​ហើយ​នឹង​ផល​ដំណាំ​មួយ​ចំនួន​នោះ​ទេ ​តែ​បើ​អាយុ​ជីវិត​គឺ​យើង​ការពារ​បាន​ទាំង​ស្រុង​ហើយ»។​

លោក​ ខូយ រីដា​ បន្ថែម​ថា​ អាជ្ញាធរ​បាន​ចុះ​ទៅ​ធ្វើ​អន្តរាគមន៍​ដល់​ប្រជា​ពលដ្ឋ​ ដើម្បី​នាំ​ពួកគេ​ទៅ​ទី​ទួល​សុវត្ថិភាព ​និង​បាន​ចុះ​ជួយ​បាន​ទាន់​ពេល​វេលា​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖ ​«ជា​រួម​អាជ្ញាធរ​ខេត្ត​ដែល​មាន​គោល​ការណ៍​ណែនាំ​ពី​ប្រមុខ​រដ្ឋាភិបាល​មក​គឺ​ មាន​ជំហរ​ការពារ​ប្រជា​ពលរដ្ឋ​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ជួយ​ធ្វើ​អន្តរាគមន៍​ ​តែ​អ្វី​ដែល​សំខាន់​ប្រជា​ពលរដ្ឋ​របស់​យើង​គឺ​ត្រូវ​តែ​ប្រឹង​ប្រែង​តស៊ូ​ទាំង​អស់​គ្នា​ដើម្បី​បញ្ចៀស​បញ្ហា​នេះ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​គន់ គីម​ អនុ​ប្រធាន​ទី​១​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​និង​អ្នក​នាំ​ពាក្យ ​លោក សុទ្ធ គឹមកុល​មុន្នី បាន​នៅ​ឡើយ​ទេ។​

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ចាន់ យុត្ថា ​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​បាន​ដែរ។​

ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ចេញ​ប្រកាស​ពី​ស្ថាន​ភាព​ធាតុ​អាកាស​នៅ​ប្រទេស​កម្ពុជា​ថា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ ដោយ​ចាប់​ពី​ថ្ងៃ​ទី​២​ ខែ​តុលា ​ដល់​ថ្ងៃ​ទី​៤​ ខែ​តុលា​ បណ្តាល​ឲ្យ​ខេត្ត​នានា​នៅ​ភាគ​ពាយ័ព្យ ​ភាគ​ខាង​ជើង ​និង​ភាគ​ឦសាន​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​ទំហំ​ទឹក​ភ្លៀង​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ពី​៤០-៦០%។​

ចំណែក​រាជធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​ដទៃ​ទៀត​នៅ​ភាគ​ខាង​ត្បូង​ ខាង​កើត​ជាប់​ប្រទេស​វៀតណាម ​និង​តំបន់​សមុទ្រ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​ទំហំ​ទឹក​ភ្លៀង​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ពី​៦០-៨០%។​

នៅ​ក្នុង​វីដេអូ​សារ​សំឡេង​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា ​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត ​បាន​ប្រកាស​ឱ្យ​អភិបាល​ខេត្ត​ក្រុង​នីមួយៗ​ និង​អាជ្ញាធរ​ត្រូវ​ត្រៀម​រៀប​ចំ ​និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​សង្គ្រោះ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់។​

លោក​ថ្លែង​ថា៖​ «នៅ​ក្នុង​ដំណាក់​កាល​នេះ​គឺ​ត្រូវ​ត្រៀម​រៀប​ចំ​កម្លាំង​ មធ្យោបាយ សម្ភារៈ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ការ​សង្គ្រោះ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​របស់​យើង​ក្នុង​ករណី​ដែល​មាន​ទឹក​ជំនន់​ប៉ះ​ពាល់​នៅ​ក្នុង​តំបន់​តាម​បណ្តា​រាជធានី​ខេត្ត»។​

លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បន្ថែម​ថា ​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហរិញ្ញ​វត្ថុ ​ព្រម​ទាំង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ត្រូវ​ត្រៀម​រៀប​ចំ​នូវ​សម្ភារៈ​បរិក្ខារ​ចំាបាច់ ​ស្បៀង ​និង​របស់​ប្រើ​ប្រាស់​ផ្សេងៗ​ទៀត​ ក្នុង​ករណី​មាន​ការ​ស្នើ​សុំ​ពី​ថ្នាក់​ខេត្ត​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG