ក្រសួងសុខាភិបាលបានរាយការណ៍ថា មានករណីផ្ទុះករណីជំងឺភ្នែកក្រហមដែលឆ្លងក្នុងចំណោមមនុស្សប្រមាណ ១០០ នាក់ នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ចេញផ្សាយកាលពីថ្ងៃចន្ទ។
នាយកដ្ឋាន CDC បានឱ្យដឹងថា ការឆ្លងរាលដាលនេះផ្តើមចេញពីអ្នកភូមិ ៨ នាក់ បានទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់នឹងភូមិរបស់កម្ពុជា កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣។ បន្ទាប់ពីមានអាការៈសង្ស័យ នៅយប់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ មន្ត្រីជំនាញសុខាភិបាលបានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ និងផ្ដល់ការអប់រំភ្លាមៗ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ទៀតថា ករណីភាគច្រើននៃជំងឺភ្នែកក្រហមស្ថិតក្នុងកម្រិតស្រាលតែប៉ុណ្ណោះ ដែលជាធម្មតាការឆ្លងជំងឺនេះនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ ថ្ងៃ។
ការព្យាបាលជំងឺភ្នែកក្រហម រួមមានការថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ដើម្បីជួយបន្ថយរយៈពេលនៃការឆ្លងកាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។ នេះបើតាមនាយកដ្ឋាន CDC។
ជំងឺភ្នែកក្រហមនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់ផ្ទាល់ ឬចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហម ខ្យល់ដង្ហើមនៅពេលក្អកឬកណ្តាស់ និងការប៉ះពាល់របស់ឬផ្ទៃវត្ថុដែលមានផ្ទុកមេរោគហើយយកមកប៉ះភ្នែកជាដើម។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC លើកឡើងថា ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ហើយត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ចៀសវាងប៉ះឬញីភ្នែក ការប្រើប្រាស់របស់របររួមគ្នា ការប៉ះឬប្រើថ្នាំភ្នែកខាងភ្នែកដែលឈឺទៅប្រើភ្នែកដែលមិនឈឺ ឬប្រើថ្នាំភ្នែករួមគ្នា។
ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា មកដល់ពេលនេះ ស្ថានភាពរបស់អ្នកដែលបានកើតជំងឺភ្នែកក្រហមបានធូរស្រាលមកវិញហើយ។
លោកថ្លែងថា៖ «អូ! ធូរស្រាលហើយប្អូន បានធូរហើយ។ ល្ងាចបន្តិចខ្ញុំចុះទៅមើលទៀត ហើយអត់មានរីករាលដាលទៅភូមិណាផ្សេងទៀតទេ ដោយសារគាត់អនុវត្តតាមការណែនាំរបស់មន្ទីរសុខាភិបាល។ ថ្ងៃនេះគឺក្រុមក្រសួងបានយកសំណាកទៅវិភាគនៅប៉ាស្ទ័រ លទ្ធផលមេរោគរបៀបណា គឺទាល់តែបានលទ្ធផលនៅប៉ាស្ទ័រ»។
លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា ជំងឺភ្នែកក្រហមនេះកើតឡើងគ្រប់វ័យទាំងអស់ ដែលភាគច្រើនតែងតែកើតមានឡើងនៅពេលរដូវរំហើយ ប៉ុន្តែវាចម្លែកឆ្នាំនេះកើតឡើងនៅក្នុងរដូវវស្សា។
លោកជំរុញឱ្យប្រជាពលរដ្ឋត្រូវតែប្រកាន់ភ្ជាប់នូវអនាម័យជានិច្ច និងត្រូវរាយការណ៍ជាបន្ទាន់មកកាន់មណ្ឌលសុខភាព នៅពេលមានការសង្ស័យថាមានអាការៈមិនស្រួលដោយប្រការណាមួយ៕