សហរដ្ឋអាមេរិក និងប្រទេសចិនបានឯកភាពគ្នាមិនធ្វើឲ្យមានសង្គ្រាមពាណិជ្ជកម្មណាមួយកើតឡើង និងដកខ្លួនចេញពីការដាក់កំហិតពន្ធគយទៅលើគ្នាទៅវិញទៅមក។ នេះបើយោងតាមការផ្សាយរបស់ប្រព័ន្ធព័ត៌មានរដ្ឋរបស់ចិននៅថ្ងៃអាទិត្យនេះ។
ការប្រកាសដូចនេះបានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាកម្រិតខ្ពស់មួយបានធ្វើឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រោយពីមានភាពតានតឹងអស់រយៈពេលជាច្រើនខែកន្លងមកពាក់ព័ន្ធនឹងអ្វីដែលប្រធានាធិបតីអាមេរិកលោក Donald Trump អះអាងថា ជាទំនាក់ទំនងពាណិជ្ជកម្មមិនស្មើភាពគ្នារវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។
ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He ដែលបានដឹកនាំគណៈប្រតិភូរបស់ចិននៅក្នុងការចរចានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា៖ «ភាគីទាំងពីរបានឯកភាពគ្នាលើការមិនធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មកើតឡើង និងឯកភាពគ្នាលើការបញ្ឈប់ការបង្កើនពន្ធគយដាក់គ្នាទៅវិញទៅមក»។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃអាទិត្យនេះ។
លោក Liu He បានហៅការព្រមព្រៀងគ្នានេះថាជា «ភាពចាំបាច់» មួយ ប៉ុន្តែបានបន្ថែមថា៖ «នៅពេលជាមួយគ្នានេះដែរ យើងត្រូវដឹងថា ការរំលាយទឹកកកគឺមិនអាចធ្វើឡើងក្នុងរយៈពេលតែមួយថ្ងៃនោះទេ។ ការដោះស្រាយបញ្ហារចនាសម្ព័ន្ធសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺត្រូវការពេលវេលា»។
សេចក្ដីប្រកាសរួមគ្នាមួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញនេះរវាងភាគីទាំងពីរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងបង្កើនការទិញទំនិញរបស់សហរដ្ឋអាមេរិក «ឲ្យបានច្រើន» ប៉ុន្តែមិនបានបញ្ជាក់លំអិតឲ្យបានច្រើននោះទេ។
កន្លងមក លោក Trump បានរិះគន់ម្ដងហើយម្ដងទៀតលើឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិន ដោយហៅឱនភាពពាណិជ្ជកម្មនេះថាជាគ្រោះថ្នាក់សម្រាប់សន្តិសុខជាតិ និងបានគំរាមកំហែងយកពន្ធគយថ្មីសម្រាប់ទំនិញរបស់ចិនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក៕