លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃអង្គារថា «មិនទាន់មានកិច្ចព្រមព្រៀងនៅឡើយដើម្បីលុបចោលការហាមឃាត់រយៈពេល៧ឆ្នាំលើការលក់គ្រឿងបំណែកដែលធ្វើនៅក្នុងសហរដ្ឋអាមេរិកទៅឲ្យមហាក្រុមហ៊ុនគមនាគមន៍ ZTE របស់ចិនទេ ក៏ប៉ុន្តែ ប្រហែលមានដំណោះស្រាយដែលជាផ្នែកមួយនៃការចរចាពាណិជ្ជកម្មកំពុងបន្តធ្វើឡើងរវាងប្រទេសទាំង២ដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់របស់ពិភពលោក»។
លោកប្រធានាធិបតីត្រាំបានប្រាប់ពួកអ្នកយកព័ត៌មាននៅឯសេតវិមានថា លោកអាចគិតក្នុងចិត្តថា ការផាកពិន័យប្រាក់ចំនួន១ពាន់៣រយលានដុល្លារលើក្រុម ហ៊ុនចិន ZTE ចំពោះការរំលោភការហាមឃាត់របស់សហរដ្ឋអាមេរិកលើការធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់និងកូរ៉េខាងជើង ការប្តូរការចាត់ចែងរបស់ក្រុមហ៊ុន ZTE និងគណៈកម្មាធិការនាយកនិងការដាក់ការរឹតត្បិតលើសន្តិសុខដើម្បីរារាំងការលួចកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកនិងការសម្ងាត់ជាតិសន្តិសុខជាតិ។
លោកប្រធានាធិបតីត្រាំបាននិយាយទៀតថា «យើងចាប់បានក្រុមហ៊ុនចិននោះធ្វើសកម្មភាពមិនល្អ»។
ប្រធានាធិបតីត្រាំ បានមានប្រសាសន៍ថា ប្រធានាធិបតីចិន ស៊ី ជីងពីង បានសុំលោកឲ្យពិនិត្យមើលជោគវាសនារបស់ក្រុមហ៊ុន ZTE របស់ចិនបន្ទាប់ពីក្រុមហ៊ុននោះបាននិយាយថា ខ្លួនបានបិទការផលិតរបស់ខ្លួនពីព្រោះតែសហរដ្ឋអាមេរិកបានហាមឃាត់មិនឲ្យលក់គ្រឿងបំណែកធ្វើនៅសហរដ្ឋអាមេរិកដែលក្រុមហ៊ុន ZTE បានប្រើដើម្បីផលិតគ្រឿងបំណែកបច្ចេកវិទ្យារហូតដល់ឆ្នាំ២៩២៥៕