បាតុកម្មទ្រង់ទ្រាយធំនានាត្រូវបានធ្វើឡើងនៅតាមបណ្ដាទីក្រុងនៅសហរដ្ឋអាមេរិក បន្ទាប់ពីប៉ូលិសបានសម្លាប់បុរសស្បែកខ្មៅម្នាក់ក្នុងរដ្ឋ Minnesota។ ការធ្វើបាតុកម្មនេះបង្កឲ្យមានការព្រួយបារម្ភរឿងសុខភាពរបស់ពលរដ្ឋក្នុងសហគមន៍ និងបង្កឲ្យមានការភ័យខ្លាចកាន់តែខ្លាំងថា ហ្វូងបាតុករធំៗនឹងធ្វើឲ្យមានការផ្ទុះឡើងករណីឆ្លងជំងឺកូវីដ១៩ ថ្មីទៀត។
មេដឹកនាំមួយចំនួនបានអំពាវនាវឲ្យក្រុមបាតុករស្ងប់អារម្មណ៍ នៅតាមកន្លែងមួយចំនួនដែលអ្នកតវ៉ាបានកម្ទេចហាងទំនិញនានា និងបំផ្លាញរថយន្តរបស់ប៉ូលិសក្នុងរយៈពេលប៉ុន្មានយប់ចុងក្រោយនេះ។ ក្រុមមេដឹកនាំទាំងនោះក៏បានចែកម៉ាស់ដល់ហ្វូងបាតុករនិងព្រមានពួកគេអំពីហានិភ័យផ្នែកសុខភាពទាក់ទិននឹងជំងឺកូវីដ១៩ ដែលពួកគេកំពុងប្រឈមផងដែរ។
អ្នកស្រី Keisha Lance Bottoms អភិបាលក្រុង Atlanta រដ្ឋ Georgia បានថ្លែងកាលពីល្ងាចថ្ងៃសៅរ៍ថា៖ «ប្រសិនបើអ្នកបានទៅធ្វើបាតុកម្មកាលពីយប់មិញ អ្នកប្រហែលជាត្រូវទៅធ្វើតេស្តរកវីរុសកូរ៉ូណាក្នុងសប្ដាហ៍នេះ។ ជំងឺរាតត្បាតជាសកលកូវីដ១៩ នៅតែបន្ដកើតមានក្នុងសហរដ្ឋអាមេរិក ដែលបានសម្លាប់ពលរដ្ឋស្បែកខ្មៅ និងជាតិសាសន៍ Hispanic ក្នុងចំនួនដ៏ច្រើន»។
អភិបាលរដ្ឋ Minnesota បាននិយាយថា បាតុករជាច្រើននាក់មិនបានរក្សាគម្លាតពីគ្នា ឬពាក់ម៉ាសទេ បន្ទាប់ពីបានស្ដាប់តាមការណែនាំកាលពីដើមសប្ដាហ៍នេះ។
ប៉ុន្តែបាតុករជាច្រើននាក់ហាក់ដូចជាមិនស្ដាប់តាមការណែនាំទេ។
បាតុករឈ្មោះ Spence Ingram បានថ្លែងកាលពីថ្ងៃសុក្រ បន្ទាប់ពីដើរដង្ហែក្បួនជាមួយនឹងបាតុករដទៃទៀតទៅកាន់ស្នាក់ការកណ្ដាលរដ្ឋាភិបាលរដ្ឋ Atlanta ថា៖ «វាមិនល្អទេដែលក្នុងអំឡុងពេលមានជំងឺរាតត្បាតសកលកូវីដ១៩ យើងត្រូវចេញក្រៅប្រថុយប្រថានជីវិតនោះ។ ប៉ុន្តែខ្ញុំត្រូវតែធ្វើបាតុកម្មដើម្បីជីវិតខ្ញុំ និងត្រូវប្រយុទ្ធដើម្បីជីវិតខ្ញុំគ្រប់ពេលទាំងអស់»។
អ្នកស្រី Ingram វ័យ ២៥ ឆ្នាំ ដែលបានពាក់ម៉ាស់ ថ្លែងថា អ្នកស្រីមានជំងឺហឺត និងបារម្ភអំពីការឆ្លងជំងឺកូវីដ១៩។ ប៉ុន្តែអ្នកស្រីបាននិយាយថា ក្នុងនាមជាស្ត្រីស្បែកខ្មៅម្នាក់ អ្នកស្រីតែងតែងមានអារម្មណ៍ថា ជីវិតរបស់អ្នកស្រីរងការគំរាមកំហែងពីប៉ូលិស ហើយអ្នកស្រីត្រូវតែតវ៉ានឹងរឿងនេះ។
បាតុកម្មជុំវិញការស្លាប់របស់លោក George Floyd ដែលជាបុរសស្បែកខ្មៅម្នាក់ ដែលបានស្លាប់បន្ទាប់ពីប៉ូលិសស្បែកសម្នាក់នៅទីក្រុង Minneapolis បានយកជង្គង់សង្កត់ករបស់លោក បានកើតឡើងក្នុងអំឡុងពេលដែលបណ្ដាទីក្រុងនានាចាប់ផ្ដើមបន្ធូរបន្ថយបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ។
នេះគឺជារឿងដ៏គួរឲ្យបារម្ភសម្រាប់អ្នកជំនាញខាងសុខភាព ដែលភ័យខ្លាចថា អ្នកមានជំងឺកូវីដ១៩ដែលមិនចេញរោគសញ្ញា អាចនឹងចម្លងជំងឺនេះដល់អ្នកផ្សេងទៀតនៅពេលប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ដែលឈរកៀកៗគ្នាដោយមិនមានពាក់ម៉ាស់។
លោក Bradley Pollock ប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសុខភាពសាធារណៈនៃសាកលវិទ្យាល័យ University of California ក្នុងក្រុង Davis បាននិយាយថា៖ «ទោះពួកគេពាក់ម៉ាស់ឬក៏អត់ នៅតែមិនអាចទប់ស្កាត់មិនឲ្យពួកគេឆ្លងជំងឺកូវីដ១៩បានទេ»។
ទោះជាបាតុករជាច្រើនពាក់ម៉ាស់ក៏ដោយ ក៏មិនធានាថា វាអាចការពារពួកគេមិនឲ្យឆ្លងជំងឺកូវីដ១៩នោះដែរ។ មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងនិងបង្ការជំងឺបានផ្ដល់អនុសាសន៍ឲ្យពាក់ម៉ាស់ ព្រោះវាអាចជួយការពារកុំឲ្យអ្នកមានជំងឺកូវីដ១៩ ចម្លងជំងឺនេះដល់អ្នកដទៃ ប៉ុន្តែម៉ាស់នេះមិនមែនប្រើប្រាស់សម្រាប់ការពារអ្នកពាក់វាមិនឲ្យឆ្លងជំងឺនេះនោះទេ។
សហរដ្ឋអាមេរិកបានរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារការផ្ទុះរាលដាលនូវជំងឺកូវីដ១៩ ដែលមានករណីឆ្លងជាង ១ លាន ៧ សែន ករណី និងករណីស្លាប់ជាង ១ សែន ៣ ពាន់ ករណី។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins University ក្នុងសហរដ្ឋអាមេរិក។
នៅក្នុងទីក្រុង New York ដែលមានករណីស្លាប់ចំនួនជាង ២ ម៉ឺន ១ ពាន់ នាក់ ក្នុងអំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ១៩ មនុស្សមួយហ្វូងធំនៅសង្កាត់ Brooklyn បានគប់ដបទឹកសុទ្ធដាក់ប៉ូលិសនិងបានដុតរថយន្ដវ៉ែនរបស់ប៉ូលិសកាលពីថ្ងៃសុក្រ នៅខាងក្រៅមជ្ឈមណ្ឌលកីឡា Barclays។ ប៉ូលិសបានបំបែកហ្វូងបាតុករដោយប្រើទឹកបាញ់ឲ្យក្រហាយភ្នែក។
លោក Tim Walz អភិបាលរដ្ឋ Minnesota បានថ្លែងបន្ទាប់ពីមានភាពចលាចលមួយយប់ទៀតក្នុងទីក្រុង Minneapolis ថា បាតុករជាច្រើនពាក់ម៉ាស់គឺដើម្បីព្យាយាមលាក់អត្តសញ្ញាណរបស់ពួកគេ និង «បង្កឲ្យមានការយល់ច្រលំនិងកេងចំណេញពីស្ថានភាពនេះ»។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងបន្ដនិយាយសង្កត់ធ្ងន់លើបញ្ហានេះ ព្រោះកាលពីមុននេះ យើងកំពុងរងផលប៉ះពាល់ខ្លាំងដោយសារជំងឺរាតត្បាតជាសកលកូវីដ១៩ និងមានចំនួនអ្នកស្លាប់ដល់ជាង ១.០០០ នាក់ កាលពីម្សិលមិញ។ មន្ទីរពេទ្យរបស់យើងនៅតែមានអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលពេញដដែល»។
លោក Jacob Frey អភិបាលក្រុង Minneapolis ក៏បានលើកឡើងពីក្ដីបារម្ភដូចគ្នានេះដែរ។ លោកថ្លែងថា៖ «យើងមានវិបត្តិចំនួនពីរ ដែលកើតឡើងជាន់គ្នា»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា