ការតវ៉ាបានធ្វើឡើងនៅតាមទីក្រុងមួយចំនួននៅលើពិភពលោកកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីជាការបង្ហាញសាមគ្គីភាពជាមួយនឹងក្រុមអ្នកតវ៉ានៅក្នុងសហរដ្ឋអាមេរិក ទាក់ទិននឹងការស្លាប់របស់លោក George Floyd ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក ដែលបានស្លាប់ក្រោយពីប៉ូលិសស្បែកសម្នាក់សង្កត់ជង្គង់ពីលើករបស់លោកអស់ជាង ៨ នាទី នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota។ ហេតុការណ៍នោះត្រូវបានគេថតវីដេអូបាន ហើយគេឭលោក Floyd និយាយពីរបីដងថា៖ «ខ្ញុំមិនអាចដកដង្ហើមបានទេ»។
ការតវ៉ាទាំងនេះបានធ្វើឡើងនៅក្រៅស្ថានទូតសហរដ្ឋអាមេរិកនៅតាមប្រទេសមួយចំនួន។
នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ពលរដ្ឋអាល្លឺម៉ង់រាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក ដោយស្រែកបន្ទរថា «ជីវិតពលរដ្ឋស្បែកខ្មៅមានសារៈសំខាន់»។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Forbes។
ការតវ៉ាអំពីការប្រកាន់ពូជសាសន៍ជាទូទៅដែលមានមនុស្សចូលរួមរាប់ពាន់នាក់ បានធ្វើឡើងនៅក្នុងទីក្រុងតូរ៉ង់តូ ប្រទេសកាណាដា កាលពីថ្ងៃសៅរ៍។
កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និយាយយោងលើការស្លាប់របស់លោក Floyd នៅក្នុងអត្ថបទមួយក្នុងកាសែត The Washington Post ថា៖ «ការប្រកាន់ពូជសាសន៍គឺមានយ៉ាងច្បាស់ក្រឡែត។ វាមាននៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែក៏មានផងដែរនៅក្នុងប្រទេសកាណាដា។ ...យើងដឹងថា មនុស្សប្រឈមនឹងការរើសអើងជាប្រព័ន្ធ ភាពលំអៀងដោយមិនដឹងខ្លួន និងការប្រកាន់ពូជសាសន៍ប្រឆាំងនឹងពលរដ្ឋស្បែកខ្មៅជារៀងរាល់ថ្ងៃ»។
នៅទីក្រុងម៉ិចសិក ប្រទេសម៉ិចសិក កាលពីថ្ងៃសៅរ៍នេះដែរ មនុស្សបានគូសរូប និងដាក់ផ្កាគាំទ្រដល់លោក Floyd នៅរបងមួយកន្លែងជិតស្ថានទូតសហរដ្ឋអាមេរិក។ នេះបើយោងតាមសារបង្ហោះនៅលើបណ្ដាញសង្គមតាមអ៊ីនធឺណិត។
កាលពីថ្ងៃសុក្រ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អ្នកស្រី Michelle Bachelet បានថ្កោលទោសស្ថានការណ៍ពាក់ព័ន្ធនឹងការស្លាប់របស់លោក Floyd ដោយអ្នកស្រីបាននិយាយថា នេះគឺជាហេតុការណ៍ថ្មីចុងក្រោយបង្អស់ «ទាក់ទិននឹងការសម្លាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកដែលគ្មានអាវុធជាច្រើនលើកច្រើនសារកន្លងមក ដោយប៉ូលិសអាមេរិកាំង និងអ្នកដទៃទៀត»។
រីឯគណៈកម្មការសហភាពអាហ្វ្រិកវិញ កាលពីថ្ងៃសុក្រ បានចេញនូវសេចក្ដីប្រកាសដ៏កម្រមួយដោយប្រើពាក្យខ្លាំងៗ អំពីស្ថានការណ៍តវ៉ានានាទាក់ទិននឹងការស្លាប់របស់លោក Floyd នេះនៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងសេចក្ដីប្រកាសនោះ ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោក Moussa Faki Mahamat «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះទង្វើរបស់ប៉ូលិសទាក់ទិននឹងការស្លាប់របស់លោក Floyd នេះ និងបានចូលរួម «រំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោក»ផងដែរ៕