កាលពីថ្ងៃសៅរ៍ម្សិលមិញ គណៈកម្មាធិការដើម្បីការពារអ្នកកាសែត (Committee to Protect Journalists) ដែលហៅកាត់ថា CPJ នៅក្នុងសហរដ្ឋអាមេរិក បានថ្កោលទោសការវាយប្រហារនានាដែលប៉ូលិស និងអ្នកតវ៉ាបានធ្វើចំពោះអ្នកកាសែតដែលយកព័ត៌មានអំពីការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក។
ការតវ៉ាទាំងនេះបានផ្ទុះឡើងបន្ទាប់ពីលោក George Floyd ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក បានស្លាប់កាលពីថ្ងៃច័ន្ទ ក្រោយពីប៉ូលិសស្បែកសម្នាក់សង្កត់ជង្គង់ពីលើករបស់លោកអស់ជាង ៨ នាទី នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota។
នាយកកម្មវិធីនៃអង្គការ CPJ លោក Carlos Martinez de la Serna បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «ការវាយប្រហារសំដៅលើអ្នកកាសែត បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ និងអង្គការព័ត៌មាននានាដែលយកព័ត៌មានអំពីការតវ៉ាទាំងនេះបានបង្ហាញឲ្យឃើញនូវការមិនគោរពចំពោះតួនាទីដ៏សំខាន់របស់អ្នកទាំងនោះនៅក្នុងការកត់ត្រានូវបញ្ហានានាដើម្បីជាប្រយោជន៍ដល់សាធារណជន និងគឺជាការប៉ុនប៉ងគំរាមកំហែងដល់ពួកគេដែលមិនអាចទទួលយកបាន»។
អង្គការ CPJ បានអំពាវនាវដល់អាជ្ញាធរនៅតាមទីក្រុងនានានៅទូទាំងប្រទេសឲ្យ «ណែនាំប៉ូលិសកុំឲ្យវាយប្រហារលើអ្នកកាសែត និងធានាថា អ្នកកាសែតអាចរាយការណ៍ព័ត៌មានប្រកបដោយសុវត្ថិភាពអំពីការតវ៉ាទាំងនេះ ដោយគ្មានការភ័យខ្លាចថានឹងរងរបួស ឬក៏រងការសងសឹកណាមួយ»។
ស្របពេលនោះដែរ អង្គការនេះកំពុងស៊ើបអង្កេតលើការរាយការណ៍នានាអំពីការវាយប្រហារលើអ្នកកាសែត និងការចាប់ខ្លួនអ្នកកាសែតដែលយកព័ត៌មានអំពីភាពចលាចលនៅក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia ទីក្រុង Las Vegas នៃរដ្ឋ Nevada ទីក្រុង Louisville នៃរដ្ឋ Kentucky និងរដ្ឋធានីវ៉ាស៊ីនតោន៕