អ្នករៀបចំចាត់ចែងកំពុងអំពាវនាវឲ្យមានការតវ៉ាប្រឆាំងនៅទូទាំងសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងការឆ្លើយតបទៅនឹងចំណាត់របស់ប្រធានាធិបតី ដូណាល់ ត្រាំ បណ្តេញលោក Jeff Sessions រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ហើយជំនួសលោកដោយមនុស្សម្នាក់ ដែលបានរិះគន់ជាសាធារណៈយ៉ាងខ្លាំងដល់ការស៊ើបអង្កេតការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០១៦។
ការតវ៉ាប្រឆាំងត្រូវបានគ្រោងធ្វើឡើងនៅរដ្ឋចំនួន៥០ និងដែនដី Puerto Rico និងប្រជុំកោះ Virgin Islands របស់សហរដ្ឋអាមេរិក។ពួកអ្នករៀបចំចាត់ចែងកំពុងសុំឲ្យមនុស្សចុះហត្ថលេខាលើប្រព័ន្ធWebsiteដើម្បីប្រាប់ពីការចូលរួមរបស់ពួកគេ ក៏ប៉ុន្តែ គេមិនទាន់ដឹងច្បាស់នៅឡើយ ថាតើមានមនុស្សប៉ុន្មាននាក់នឹងចូលរួមការតវ៉ាប្រឆាំងនេះ ទេ។
ការតវ៉ាប្រឆាំងនៅរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានគ្រោងធ្វើឡើងនៅខាងមុខសេតវិមាន។ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ Sessions បានប្រកាសការលាលែងចេញពីដំណែងរបស់លោកកាលពីថ្ងៃពុធទៅតាមការស្នើសុំរបស់ប្រធានាធិបតីត្រាំ ហើយលោកប្រ ធានាធិបតីត្រាំបានជ្រើសរើសលោក Matthew Whitaker នាយខុទ្ធកាល័យរបស់លោក Sessions ឲ្យធ្វើជារដ្ឋមន្រ្តីស្តីទី។
ក្រុមអ្នករៀបចំចាត់ចែងការតវ៉ាកំពុងទាមទារឲ្យលោក Whitaker ដកខ្លួនចេញពីការត្រួតពិនិត្យការស៊ើបអង្កេតដោយលោកRobert Muellerស្មាក្តីពិសេស ដោយលើកហេតុផលពីសេចក្តីថ្លែងការណ៍ខ្លាំងៗរបស់លោកកាលពីអតីតកាលដែលក្រុមអ្នករៀបចំការតវ៉ានិយាយថា បានបង្ហាញយ៉ាងច្បាស់ក្រឡែតពីការប៉ះពាល់ផលប្រយោជន៍ការងារ។ ពួកគេក៏ចង់ឲ្យសភាការពារការិយាល័យរបស់ស្មាក្តីពិសេសដែរ៕