គម្រោងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នៅក្នុងការជួបជាមួយនឹងមន្ត្រីកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ស្អែកនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានពន្យារពេល។
ក្រសួងការបរទេសអាមេរិកបានចេញសេចក្ដីប្រកាសមួយកាលពីព្រឹកថ្ងៃពុធនេះ ដោយបញ្ជាក់ថា «ជំនួបនេះនឹងធ្វើឡើងនៅថ្ងៃក្រោយ។ យើងនឹងចាប់ផ្ដើមជំនួបនេះឡើងវិញនៅពេលណាដែលគម្រោងពេលវេលារបស់យើងអនុញ្ញាតឲ្យ»។
សេចក្ដីប្រកាសនេះមិនបានផ្ដល់មូលហេតុថាហេតុអ្វីបានជាជំនួបនេះត្រូវបានលុបចោលនោះទេ។លោក Pompeo គ្រោងនឹងរៀបចំកិច្ចប្រជុំមួយជាមួយនឹងលោក Kim Yong Chol ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
នៅក្នុងការប្រកាសអំពីកិច្ចប្រជុំនេះកាលពីដើមសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា លោក Pompeo និងលោក Kim Yong Chol នឹងពិភាក្សាអំពី «ការធ្វើឲ្យមានដំណើរវិវឌ្ឍទៅមុខនូវចំណុចសំខាន់ទាំង ៤ នៃសេចក្ដីប្រកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំនៅប្រទេសសិង្ហបុរី ដែលក្នុងនោះមានទាំងការធ្វើឲ្យសម្រេចបានទាំងស្រុងនូវការលុបបំបាត់នុយក្លេអ៊ែរចុងក្រោយដែលអាចផ្ទៀងផ្ទាត់បាន» របស់ប្រទេសកូរ៉េខាងជើង។
លោក Kim Jong Un និងប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្ររបស់ពួកគេនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាកន្លងទៅនេះ ដើម្បីធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែភាគីទាំងពីរមានការខ្វែងគំនិតគ្នាអំពីល្បឿននៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
កាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានព្រមានថា ខ្លួននឹងពិចារណាចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិកមិនដកទណ្ឌកម្មសេដ្ឋកិច្ចចេញនោះទេ៕