ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​អង្គរក្ស​លោក ​ហ៊ុន សែន ​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ពី​គុណសម្បត្តិ ​និង​ស្នាដៃ​


 រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (ស្ដាំ) អញ្ជើញ​ត្រួតពល​ក្នុង​អំឡុងពេល​នៃ​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៦៨​របស់​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។ (AP)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (ស្ដាំ) អញ្ជើញ​ត្រួតពល​ក្នុង​អំឡុងពេល​នៃ​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៦៨​របស់​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។ (AP)

នាយ​ទាហាន​ជាន់​ខ្ពស់​ថា្នក់​ឧត្តមសេនីយ៍​ទោ​ចំនួន​៤​រូប​ ដែល​ជា​អង្គរក្ស​របស់​នាយករដ្ឋមន្រ្តី​ ត្រូវ​បាន​ព្រះមហា​ក្សត្រ​ដំឡើង​ឋានន្តរ​ស័ក្តិ​ជា​ឧត្តម​សេនីយ៍​ឯក​(ផ្កាយ៣)​ ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។​ នេះ​បើ​តាម​ព្រះរាជ​ក្រឹត្យ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មេសា​ ឆ្នាំ​២០២២។​

ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​ដល់​នាយ​ទាហាន​របស់​កង​យោពល​ខេមរ​ភូមិន្ទ​៤​រូប​ខាង​លើ​នេះ​ នាំ​ឱ្យ​អ្នក​ឃ្លាំ​មើល​សង្គម​កម្ពុជា​ចោទ​សួរ​អំពី​គុណ​សម្បតិ្ត​នៃ​ការ​បម្រើ​ជាតិ​ក្នុង​វិស័យ​កងទ័ព​ ខណៈ​នាយ​ទាហាន​ទាំង​៤រូប​នោះ​ត្រូវ​គេ​ដឹង​ថា​ស្ថិត​ក្នុង​កង​អង្គរក្ស​របស់​នាយករដ្ឋមន្ត្រី។​

អ្នក​វិភាគ​នយោបាយ​ លោក​ សេង សារី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ការ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​នាយ​ទាហាន​ណា​មួយ​ គឺ​ជា​ការ​ផ្តល់​តម្លៃ​ និង​កិត្តិយស​ដល់​ក្រុម​គ្រួសារ​នៃ​នាយ​ទាហាន​រូប​នេះ​ ក្រោម​ហេតុផល​ថា​ កងទ័ព​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ច្រើន​ជាង​កិច្ចការ​ងារ​បម្រើ​ប្រទេស​ជាតិ​ផ្សេង​ទៀត។​

ប៉ុន្តែ​លោក​បារម្ភ​ថាប្រសិន​បើ​ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​នោះ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​វាយ​តម្លៃ​ពី​គុណ​សម្បត្តិ​ និង​ស្នាដៃ​ទេ​នោះ​ វា ​អាច​ធ្វើ​ឱ្យ​ទឹក​ចិត្ត​ក្នុង​ជួរ​កងទ័ព​ចុះ​ខ្សោយ​ ព្រោះ​កន្លង​មក​មាន​ការ​រិះ​គន់​ថា​ នាយ​ទាហាន​វ័យ​ក្មេង​មួយ​ចំនួន​មាន​ផ្កាយ​ពាក់​លើ​ស្មា​ទៅ​ហើយ។​

លោក​និយាយ​ថា៖​ «សម្រាប់​ខ្ញុំ ខ្ញុំ​មើល​នៅ​ក្នុង​រូបភាព​ពីរ។ ​ បើ​សិន​ជា​ការ​ដំឡើង​នោះ​ ជា​ការ​ដំឡើង​ដោយ​ផ្អែក​ទៅ​លើ​អតីតភាព​ការងារ​ ផ្អែក​ទៅ​លើ​ស្នាដៃ​ការងារ​ អាហ្នឹង​វា​ជា​រឿង​ល្អ​ ជា​ពិសេស​វា​នឹង​បង្ហាញ​អំពី​ភាព​ជោគ​ជ័យ​នៃ​បុគ្គល​ដែល​ធ្វើ​កិច្ចការ​ងារ​កងទ័ព​ហ្នឹង​ ហើយ​វា​ជា​កិត្តិយស​សម្រាប់​គ្រួសារ​ពួក​គាត់​ផង​ដែរ»។

លោក​បន្ថែម​ថា៖​ «ចំណុច​មួយ​ទៀត​ ភាព​កម្សោយ​ដែល​កើត​ឡើង​ នៅ​ក្នុង​វិស័យ​យោធា​កម្ពុជា​ហ្នឹង​ក៏​កើត​ឡើង​ដោយ​សារ​តែ​ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​ដោយ​មិន​មាន​តម្លាភាព ដោយ​មិន​យុត្តិធម៌​ ដោយ​មិន​ស្មើភាព​ហ្នឹង​ដែរ​ ឬ​ក៏​ដោយ​សែស្រឡាយ​ហ្នឹង​ វា​ធ្វើ​ឱ្យ​បាក់​ទឹក​ចិត្ត​ទ័ព»។​

បើ​តាម​លោក​ សេង សារី​ ថា នៅ​ក្នុង​ប្រទេស​ជឿន​លឿន កិច្ចការ​កងទ័ព​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​ខ្ពស់ ដែល​ការណ៍​នេះ​នាំ​ឱ្យ​ប្រទេស​ទាំង​នោះ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ដំឡើង​ឋានន្តរ​ស័ក្តិ ​ដោយ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ឬ​បក្ខពួក​និយម​ ដើម្បី​រក្សា​ទឹក​ចិត្ត​កងទ័ព។​

យោង​តាម​ព្រះរាជ​ក្រឹត្យ​ឡាយ​ព្រះហស្ថ​លេខា​ដោយ​ព្រះ​មហាក្សត្រ​ខ្មែរព្រះ​បាទ ​នរោត្តម ​សីហមុនី​ចុះ​ថ្ងៃទី​១៩​ ខែ​មេសា​ ឆ្នាំ​២០២២​ នាយ​ទាហាន​ថ្នាក់​ឧត្តមសេនីយ៍​ ដែល​ត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ឱ្យ​ពាក់​ផ្កាយ​៣​នោះ​ រួម​មាន​ឧត្តម​សេនីយ៍ទោ​ ណាំ ភិរុណ​ ឧត្តម​សេនីយ៍ទោ​ ឡុង ជា ​ឧត្តម​សេនីយ៍ទោ​អ៊ន សុទ្ទីរ័ត្ន​ និង​ឧត្តម​សេនីយ៍ទោ​ ឃុត សុខុន។ ​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក​អំ សំអាត​ យល់​ថា​ នាយ​ទាហាន​ខាង​លើ​ត្រូវ​គេ​ដឹង​ថា​ ស្ថិត​ក្នុង​កង​កម្លាំង​ទទួល​បន្ទុក​ការពារ​សុវត្ថិភាព​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី។ ​ហេតុ​ដូច្នេះ​ ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​ដល់​នាយទាហាន​ទាំង​៤​រូប​នេះ​ ទំនង​ជា​មាន​ទំនាក់​ទំនង​នឹង​គុណសម្បត្តិ​នៃ​ការ​ការពារ​នាយករដ្ឋមន្ត្រី​ ឬ​គ្រួសារ​របស់​នាយក​រដ្ឋមន្ត្រី។​

លោក​បញ្ជាក់​ថា៖​ «ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​ជា​ឧត្តម​សេនីយ៍​ឯក​ទៅ​លើ​ឧត្តម​សេនីយ៍​ទាំង​៤​រូប​នេះ​ គេ​មើល​ឃើញ​ថា ​សុទ្ធ​តែ​ជា​ឧត្តមសេនីយ៍​ដែល​នៅ​ក្នុង​កង​អង្គរក្ស​ ដែល​ការពារ​ប្រមុខ​រាជ​រដ្ឋាភិបាល​ និង​ក្រុម​គ្រួសារ​ប្រមុខ​រាជ​រដ្ឋាភិបាល។ ​អ៊ីចឹង​ ប្រហែល​ជា​គេ​ពឹង​ផ្អែក​ទៅ​លើ​ស្នាដៃ​ ក្នុង​កិច្ច​ការ​ការពារ​សុវត្ថិភាព​ទៅ​លើ​ប្រមុខ​រាជ​រដ្ឋាភិបាល​ហ្នឹង និង​ក្រុម​គ្រួសារ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ហ្នឹង»។​

អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូបនេះ​ ឱ្យ​ដឹង​ទៀត​ថា​ ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​ក៏ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​មើល​ទៅ​លើ​ប្រវត្តិ​ការងារ​ ដែល​មិន​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​ ក៏​ប៉ុន្តែ​កន្លង​មក​នាយ​ទាហាន​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ខុស​វិន័យ​កងទ័ព​ តែ​បែរ​ជា​ទទួល​បាន​ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​ទៅ​វិញ​ ដូច​យ៉ាង​ករណី​វាយ​ដំ​អ្នក​តំណាង​រាស្ត្រ​ពីរ​រូប​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពី​ឆ្នាំ​២០១៥។​

លោក​ថ្លែង​ថា៖​ «កន្លង​មក​គេ​មើល​ឃើញ​ថា ​អ្នក​ខ្លះ​មាន​ការ​ប្រព្រឹត្ត​ ឬ​ក៏​វាយ​ទៅ​លើ​អតីត​តំណាងរាស្ត្រ​ហើយ​ ក្រោយ​មក​ស្រាប់​តែ​មាន​ការ​ដំឡើង​ឋានន្តរស័ក្តិ​អី​ជា​ដើម​ ដែល​អាហ្នឹង​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ទៅ​លើ​បញ្ហា​ទាំង​អស់​ហ្នឹង​ ពីព្រោះ​ការ​ដំឡើង​ឋានន្តរស័ក្តិ ​គឺ​អ្នក​ដែល​មាន​ស្នាដៃ​ល្អ​សម្រាប់​បម្រើ​ជាតិ​មាតុភូមិ ​ហើយ​នឹង​មាន ​ការ​ងារ​ល្អ​ ហើយ​នឹង​មាន​ប្រវត្តិ​ល្អ​មិន​ដែល​មាន​ការ​ប្រព្រឹត្ត​នូវ​ទង្វើ​កំហុស​ឆ្គង​ណា​នោះ​ទេ»។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ នាយឧត្តម​សេនីយ៍ ​ឈុំ សុជាត ​ទាំង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ និង​ទូរស័ព្ទ។ ​ វីអូអេ​បាន​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​នាយ​ទាហាន​ទាំង​៤​រូប​ និង​នាយឧត្តមសេនីយ៍​ ហ៊ីង ប៊ុនហៀង​ អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជា​ការ​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ តែ​មិន​អាច​ទាក់ទង​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​នាយ​ទាហាន​ទាំង​៤រូប​ខាង​លើ​ កើត​មាន​ឡើង​ក្រោយ​ការ​ចេញ​របាយ​ការណ៍​ថ្មី​មួយ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមរិក​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១​ដែល​បង្ហាញ​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ជា​ផ្នែក​មួយ​នៃ​កង​កម្លាំង​ការពារ​សន្តិសុខ​ប្រទេស​មាន​ជាប់​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ជាច្រើន​លើ​ក្រុម​ជន​ស៊ីវិល ​និង​ក្រុម​អ្នក​ជំទាស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​និង​បាន​ធ្វើ​សកម្ម​ភាព​តាម​ដាន​ឯកជន​ភាព​របស់​ពលរដ្ឋ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក៏ដូច​ជា​ ការ​ធ្វើ​ឱ្យ​ពលរដ្ឋ​អស់​លទ្ធភាព​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី ​ត្រឹមត្រូវ​ និង​យុត្តិធម៌​ជាដើម៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG