មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោលការចោទប្រកាន់ជាផ្លូវការរបស់តុលាការបារាំងមកលើរូបលោក ដែលចោទពីបទ«សមគំនិតប៉ុនប៉ងសម្លាប់មនុស្ស» ក្នុងព្រឹត្តិការណ៍បោកគ្រាប់បែកកាលពីឆ្នាំ១៩៩៧នៅរាជធានីភ្នំពេញ។
លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោក ហ៊ុន សែន និងលោក ហ៊ុយ ពិសិដ្ឋ ដែលជារដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតុលាការព្រហ្មទណ្ឌ(Cour d'Assises)របស់ប្រទេសបារាំងចោទប្រកាន់ជាផ្លូវការ កាលពីថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១ ពីបទ«សមគំនិតប៉ុនប៉ងសម្លាប់មនុស្ស»នៅក្នុងករណីរៀបចំការវាយប្រហារដោយគ្រាប់បែក ក្នុងបាតុកម្មដោយសន្តិវិធីក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧។នេះបើតាមដីកាដែលត្រូវបានលោក សម រង្ស៊ី ដែលជាដើមបណ្តឹងបង្ហោះលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។
ការចោទប្រកាន់នេះត្រូវបានលោក ហ៊ីង ប៊ុនហៀង ដែលជានាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី ច្រានចោលថា លោកមិនបានប្រព្រឹត្ត និងមិនបានដឹកនាំការវាយប្រហារបោកគ្រាប់បែក ពេលមានបាតុកម្មឆ្នាំ១៩៩៧ ដែលសម្លាប់មនុស្ស១៦នាក់នោះទេ។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ដឹកនាំឯណា បើពូនៅតាខ្មៅនេះ។ ដឹកនាំខ្មោចយក៍អី?»
លោក ហ៊ីង ប៊ុនហៀង ចាត់ទុកការចោទប្រកាន់នេះ ជាការចោទទាំងបំពានមកលើរូបលោក។
លោកថ្លែងថា៖ «ទាក់ទិនខ្ញុំអី!សួរដូចឆោត! ខ្ញុំសួរមើលកងទ័ពជាកងទ័ពរបស់ប្រជាជនការពារប្រជាជន ថ្នាក់ដឹកនាំ ហើយដល់ពេលមកចោទអ៊ីចឹង វាខុសក្បួន! វាអត់ត្រូវរឿងណា៎!»
លោកបន្តថា៖ «វាមិនដែលម៉ែអាណា ដើរចោទគេតែពាសអ៊ីចឹង ងាប់ហើយវ៉ី។វាអត់មានដឹងហេតុផលឯណា ចោទអីណា រឿងអីណាផ្សេង ឡេឡឺអស់ហើយពួកហ្នឹង។ដល់អ៊ីចឹងខ្ញុំឆ្ងល់ !អង្គុយតែសើច ....ហាហា ហាហា ហាហា បារាំងអីណាមើលឃើញ...បោកគ្រាប់បែបអីណា»។
វីអូអេបានទាក់ទងទៅលោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិតាមទូរស័ព្ទ ប៉ុន្តែលោកបានបដិសេធមិនអត្ថាធិប្បាយ។
លោកថ្លែងថា៖ «ហ៏! ហ្អែងម៉ោស្អីទេហ្ហា! រវល់ហ្ហា!»។
សារព័ត៌មានវីអូឌីបានចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃទី២៥ ខែមករាថា ប្រភពនៅតុលាការបារាំងបានបញ្ជាក់អំពីការចោទប្រកាន់ជាផ្លូវការលើបុគ្គលទាំងពីរនាក់នេះ ប៉ុន្តែតុលាការមិនទាន់អាចបញ្ចេញសេចក្តីសម្រេចទាំងនោះបាន។
ស្ថានទូតបារាំងប្រចាំកម្ពុជាបានបដិសេធមិនអត្ថាធិប្បាយលើករណីនេះ នៅពេលវីអូអេផ្ញើសារតាមអ៊ីម៉ែលសាកសួរ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងជាជនរងគ្រោះម្នាក់ក្នុងព្រឹត្តិការណ៍បោកគ្រាប់បែក បានចាត់ទុកថា ចំណាត់ការរបស់តុលាការបារាំង គឺជា«ពន្លឺយុត្តិធម៌» និង«ក្តីសង្ឈឹម»សម្រាប់អ្នកស្លាប់១៦នាក់ និងអ្នករងរបួសធ្ងន់ជាង១០០នាក់ ដែលរួមមានទាំងលោក ជា វិជ្ជា និងរូបលោកផ្ទាល់ដែលបានចូលរួមបាតុកម្ម។
លោក សម រង្ស៊ី បានឲ្យដឹងថា រូបលោក និងភរិយាបានសម្រេចប្តឹងនៅតុលាការបារាំង ដោយសារលោកមានសញ្ជាតិបារាំង និងមើលឃើញថា តុលាការកម្ពុជាមិនហ៊ានចាត់ការលើករណីនេះ។
លោក សម រង្ស៊ី បញ្ជាក់ក្នុងវីដេអូប្រវែងជាង១៣នាទី ដែលលោកបង្ហោះនៅលើហ្វេសប៊ុក កាលពីថ្ងៃទី២២ ខែមករាថា៖«អ៊ីចឹង ហើយបានខ្ញុំ ព្រះករុណាខ្ញុំបានប្តឹង នៅចំពោះមុខតុលាការបារាំង ក្រោយពីការគប់គ្រាប់បែកឆ្នាំ១៩៩៧។ មួយរយៈពេល ភរិយាខ្ញុំ និងខ្ញុំ ករុណាបានប្តឹង ថា យើងមានសញ្ជាតិបារាំង...ដូច្នេះយើងត្រូវប្រើសញ្ជាតិបារាំងរបស់យើងនេះដើម្បីទៅជួយប្រទេសកម្ពុជា ទៅជួយប្រជារាស្រ្តខ្មែរ»។
លោកបន្ថែមថា៖ «ជាទីបញ្ចប់ ចុងក្រោយនេះថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២១ នេះទើបកន្លងផុតនេះ គឺមិនដល់មួយខែផង គេចេញសេចក្តីប្រកាស បារាំងហៅថា Ordonnace ថា ឥឡូវច្បាស់ហើយថា សាក្សី ភស្តុតាងឯកសារដែលប្រមូលបានទាំងអស់ គឺអាចសន្និដ្ឋានមិនអាចប្រកែកបាន ថា ជនដៃដល់ អ្នកដែលវាយប្រហារដោយគ្រាប់បែក ថ្ងៃ៣០ ខែមីនាឆ្នាំ១៩៩៧ នៅទីក្រុងភ្នំពេញនេះ អ្នកដែលទទួលខុសត្រូវផ្ទាល់ ពីព្រោះបានចាត់ចែងរៀបចំការវាយប្រហារនេះ គឺលោក ហ៊ីង ប៊ុនហៀង ជាមេអង្គរក្សរបស់លោក ហ៊ុន សែនហើយទន្ទឹមលោក ហ៊ីង ប៊ុនហៀង គឺលោក ហ៊ុយ ពិសិដ្ឋ។ លោក ហ៊ុយ ពិសិដ្ឋ គាត់មានតែឈ្មោះទេ ប៉ុន្តែគាត់មិនសូវជាសកម្មចាត់ការខ្លួនឯងប៉ុន្មានទេដែលសកម្មចាត់ការខ្លួនឯងគឺលោក ហ៊ីង ប៊ុនហៀង»។
បើតាមលោក សម រង្ស៊ី តុលាការបារាំងសម្រេចចេញដីកាចោទប្រកាន់នេះ គឺយោងទៅតាមការស៊ើបអង្កេតទាំងឡាយ ដែលបានធ្វើឡើងដោយការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI)របស់សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ គណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ព្រមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)។
លោក សម រង្ស៊ី បន្ថែមថាដីកាចោទប្រកាន់ផ្លូវការពីតុលាការប្រទេសបារាំងក៏បានបង្គាប់ឲ្យយកលោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀងទៅកាត់ទោសចំពោះមុខតុលាការព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៨ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងផងដែរ តាមច្បាប់ Global Magnitsky ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ ក្រោមច្បាប់នេះ សហរដ្ឋអាមេរិកហាមឃាត់មិនឲ្យពលរដ្ឋអាមេរិកាំងធ្វើពាណិជ្ជកម្មជាមួយបុគ្គលទាំងនោះទេ ហើយអ្នករងទណ្ឌកម្មត្រូវបានហាមឃាត់មិនឲ្យចេញចូលសហរដ្ឋអាមេរិកឡើយ៕