លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានតែងតាំងជាអនុប្រធាននៃ«គណៈចលនាមហាជន» ដែលជាតួនាទីធំមួយទៀតក្នុងគណបក្ស បន្ទាប់ពីលោកក្លាយជាប្រធានចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជា។
អ្នកវិភាគលើកឡើងថាតាមរយៈការទទួលតួនាទីសំខាន់បន្ថែមថ្មីនេះលោក ហ៊ុន ម៉ាណែត កាន់តែមានឥទ្ធិពល និងអំណាចនៅក្នុងគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកក្លាយជាប្រធានយុវជនមជ្ឈឹមរបស់បក្ស។
លោក ហ៊ុន ម៉ាណែត អាយុ៤៣ឆ្នាំ ជាសមាជិកក្មេងជាងគេនៃគណៈអចិន្រ្តៃយ៍ដែលជាស្ថាប័នកាច់ចង្កូតដ៏មានអានុភាពរបស់បក្សកាន់អំណាច ដែលមានសមាសភាព៣៦រូប។
ការសម្រេចដំឡើងលោក ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំមួយរូបនៃ«គណៈចលនាមហាជន»ធ្វើឡើងក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី២៣ ខែធ្នូ ដោយលោកសាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា មិនមែនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលជាប្រធានគណបក្សនោះទេ។
បើតាមលិខិតតែងតាំងនោះ លោក សាយ ឈុំ ដែលជាប្រធានព្រឹទ្ធសភាផងនោះ លើកឡើងថាគណៈអចិន្ត្រៃយ៍សម្រេចដំឡើងឋានៈលោក ហ៊ុន ម៉ាណែត ជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលតាមសំណើរបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល។
«គណៈចលនាមហាជន»នេះ មានលោកស្រី ម៉ែន សំអន ដែលជាសមាជិកគណៈអចិន្រ្តៃយ៍គណបក្ស ជាប្រធាន និងលោក ហ៊ុន ម៉ានី ដែលជាប្អូនប្រុសពៅរបស់លោកហ៊ុន ម៉ាណែត ជាអគ្គលេខាធិការ។ នេះបើតាមគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា។
នៅតាមបណ្តាខេត្ត អភិបាលខេត្តជាប្រធានគណៈចលនាមហាជននេះ។ ចំណែកនៅតាមក្រសួងស្ថាប័នរដ្ឋនានា ក៏មានតំណាងនៃគណៈចលនាមហាជននេះដែរ។
បើតាមគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា គណៈចលនាមហាជនដែលត្រូវបានបង្កើតឡើងជាង៥ឆ្នាំមកហើយ ជាស្ថាប័នជំនួយការគណៈកម្មាធិការកណ្តាលរបស់គណបក្សលើការងារដឹកនាំ ណែនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជននៅគ្រប់ស្រទាប់ ដើម្បីជំរុញឲ្យមានការចូលរួមកាន់តែទូលំទូលាយតាមរយៈចលនាពង្រឹងសមត្ថភាព បង្កើនសកម្មភាពនិងទំនួលខុសត្រូវ។
មុននឹងទទួលបានតំណែងនេះ លោក ហ៊ុន ម៉ាណែត ដែលបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអាមេរិក West Point និងមានតំណែងជាអគ្គមេបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក ហ៊ុន ម៉ាណែត បានទេនៅថ្ងៃព្រហស្បតិ៍នេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាព្រឹទ្ធសមាជិកមួយរូប មានប្រសាសន៍ថាគណៈចលនាមហាជននេះ មានខ្សែបណ្តាញនៅតាមក្រសួងស្ថាប័នរដ្ឋទៅដល់មូលដ្ឋានភូមិឃុំ ដែលលោកថាជារចនាសម្ព័ន្ធដើម្បីឲ្យគេគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
លោកសុខ ឥសាន ថ្លែងប្រាប់VOAបន្តថាគណៈចលនាមហាជនមានតួនាទីធ្វើយ៉ាងម៉េចឲ្យសាធារណជនចូលរួមគាំទ្រកម្មវិធីនយោបាយរបស់គណបក្សនិងរដ្ឋាភិបាល។
លោកថ្លែងប្រាប់VOAថា៖
«អញ្ចឹងទេ បើគាត់[ហ៊ុន ម៉ាណែត]កាន់យុវជនហើយ គាត់នៅដាច់ដោយឡែកពីគណៈចលនាមហាជន អាហ្នឹងវាមានការរយាលក្នុងការងារដែរ។ អញ្ចឹងហើយបើគាត់កាន់យុវជន ក្តោបក្តាប់យុវជនហើយ ឲ្យគាត់ទៅនៅក្រោមគណៈចលនាមហាជនហ្នឹង វាទៅក្នុងអង្គការតែមួយ»។
លោកថាពីមុនមក មិនមានអនុប្រធានសម្រាប់គណៈចលនាមហាជននេះទេ។
លោក សុខ ឥសាន បន្ថែមថាលោក ហ៊ុន ម៉ាណែត ជាបេក្ខជនម្នាក់របស់គណបក្សប្រជាជនកម្ពុជា សម្រាប់តំណែងដឹកនាំប្រទេសកម្ពុជានៅពេលខាងមុខ។
លោកបញ្ជាក់ថា៖
«ខ្ញុំយល់ថាគាត់ជាមនុស្សសំខាន់ម្នាក់ ក៏ប៉ុន្តែនៅក្នុងជួរទំពាំងស្នងឫស្សីរបស់គណបក្សប្រជាជនមិនមែនមានម្នាក់ទេ វាមានច្រើននាក់។ ហើយមានជួរឈានមុខ ជួរបន្ទាប់។ បន្ទាប់មកជួរបន្ទាប់ទៀត»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថាការតែងតាំងលោក ហ៊ុន ម៉ាណែត ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ មាន«ភាពញឹកញាប់»ក្នុង«តំណែងសំខាន់ៗ»របស់គណបក្ស។
លោកបន្ថែមថានេះ«ប្រហែលជា»ទាក់ទងទៅការបន្តវេនដឹកនាំគណបក្សនៅពេលខាងមុខ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ប៉ា ចន្ទរឿន បញ្ជាក់ថាការតែងតាំងថ្មីនេះ ផ្តល់អំណាចបន្ថែមដល់លោក ហ៊ុន ម៉ាណែត នៅក្នុងបក្ស។
លោកថ្លែងថា៖
«ជាការពិត គឺនៅពេលដែលគាត់ទទួលបានតួនាទីថ្មីនេះ រួមទាំងឥទ្ធិពលរបស់គាត់ គឺជាកូនប្រុសរបស់ប្រធានបក្សថែមទៀត អញ្ចឹងឥទ្ធិពលគាត់អំណាចរបស់គាត់នៅក្នុងបក្សហ្នឹង កាន់តែមានឥទ្ធិពលខ្លាំងជាងមុន»។
លោក ឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ មានប្រសាសន៍ថា នេះជាតួនាទីបន្ថែមសម្រាប់បង្ហាញថាលោក ហ៊ុន ម៉ាណែតនឹងឈរប្រជែងយកតំណែងនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត។ ប៉ុន្តែលោកថាលោក ហ៊ុន ម៉ាណែត ត្រូវការការគាំទ្របន្ថែមទៀត។
លោកមានប្រសាសន៍ថា៖
«ពីព្រោះក្នុងជួរបក្សនេះ មានចាស់ៗ ខាងគណបក្សមានច្រើនទៅទៀត ទីមួយ។ ទីពីរវាពាក់ព័ន្ធនឹងការបញ្ចេញសកម្មភាព។ បើសិនជាលោក ហ៊ុន ម៉ាណែត ធ្វើសកម្មភាពឲ្យមានការគាំទ្រពីស្រទាប់មហាជនកាន់តែច្រើន ប្រហែលជាអាចទៅរួច។ ប្រសិនវានៅក្នុងការគាំទ្រកម្រិតបច្ចុប្បន្នភាពនេះ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ការទទួលតំណែង»។
លោកបន្ថែមថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មាន«អំណាចពេញដៃ»ដើម្បីរៀបចំឲ្យកូនប្រុសច្បង ទទួលយកតំណែងជានាយករដ្ឋមន្រ្តីបន្ទាប់ពីរូបលោក។
លោកមានប្រសាសន៍ថា៖ «គណបក្សកាន់អំណាចមិនសូវមានធ្វើការប្រជែង[តំណែងនាយករដ្ឋមន្រ្តី] ឬក៏ប្រឈមគ្នាខ្លាំងទេ។ ហើយនាយករដ្ឋមន្រ្តីលោកកាន់អំណាចពេញដៃរឹងមាំ គ្រប់គ្រងស្ថានភាពបាន។ ក៏ប៉ុន្តែបញ្ហាសំខាន់ទៅលើបញ្ហានៃការទទួលការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យវាត្រូវការបោះឆ្នោត វាត្រូវការគាំទ្រ។ ហើយអញ្ចឹងវាត្រូវការភាពខ្លាំងក្លា ការរឹងមាំ ការជួយជ្រោមជ្រែងពីផ្ទៃក្នុងបក្ស ជាកិច្ចការចាំបាច់»។
លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរមានប្រសាសន៍ថាការតែងតាំងតួនាទីបន្ថែមរបស់លោក ហ៊ុន ម៉ាណែត បង្ហាញថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងរៀបចំឲ្យមានការបន្តវេនពីលោកទៅកូនប្រុសនៅពេលណាមួយ។ លោក មូនីកា ដែលជាកូនប្រុសរបស់លោក គង់ គាំ អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិបន្តថាគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ ក៏កំពុងរៀបចំ«ឈាមថ្មី»របស់ខ្លួនសម្រាប់កាន់អំណាចទៅថ្ងៃអនាគត។
លោក គង់ ម៉ូនីកា សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដែលជាស្ថាប័នបង្កើតដោយរដ្ឋាភិបាលលោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ជាការយល់ឃើញរបស់ខ្ញុំ ខ្ញុំយល់ថានេះគឺជាការរៀបចំដំណើរក្នុងការស្នងតំណែងរបស់គាត់ ជំនួសលោកឪពុករបស់គាត់ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហ្នឹង ដើម្បីឲ្យគាត់មានឥទ្ធិពលក្នុងការគ្រប់គ្រងនៅក្នុងគណបក្សផង ហើយនិងស័ក្តិសមជាបេក្ខជននាយករដ្ឋមន្រ្តីទៅថ្ងៃអនាគតផង»។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ផ្ទាល់មាត់ថារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្ននេះ គឺលោក អូន ព័ន្ធមុនីរ័ត្ន ដែលលោកថាលោក«បានបណ្តុះបណ្តាលតាំងពីនៅជាលេខាផ្ទាល់»របស់លោក ជាបេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រី។
លោកបន្តថាការលើកលែងនេះ ដើម្បីកុំឲ្យមានការនិយាយថាលោកហ៊ុន ម៉ាណែត ជាអ្នកបន្តតំណែងពីរូបលោក។
លោក ហ៊ុន សែន មានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាបានរៀបចំ«៣ឬ៤ខ្សែត្រៀម»សម្រាប់តំណែងនាយករដ្ឋមន្ត្រី ដែលលោកថាខ្សែត្រៀមទីមួយ គឺមនុស្សក្នុងជំនាន់របស់លោក។
គួរបញ្ជាក់ថាលោក ហ៊ុន សែន ធ្លាប់បានប្រកាសថាលោកនឹងកាន់អំណាចមិនតិចជាង១០ឆ្នាំទៀត ហើយគណបក្សប្រជាជនកម្ពុជាត្រៀមខ្លួនកាន់អំណាចទៅដល់១០០ឆ្នាំទៀត៕