ប៉ូលិសហុងកុងបានចាប់ខ្លួនសកម្មជនលេចធ្លោគាំទ្រលទ្ធិប្រជាធិបតេយ្យ៣នាក់ នៅមុនការធ្វើបាតុកម្មសំខាន់មួយដែលត្រូវបានគ្រោងធ្វើនៅថ្ងៃសៅរ៍ស្អែកនេះ។
ក្បួនបាតុកម្មនេះត្រូវបានក្រុមអ្នករៀបចំប្រកាសបញ្ឈប់រួចទៅហើយបន្ទាប់ពីក្រុមប្រឹក្សាបណ្តឹងឧទ្ធរណ៍បានបដិសេធមិនព្រមចេញការអនុញ្ញាតឲ្យ។
លោក Joshua Wong ស្ថាបនិកគណបក្សនយោបាយ Demosisto ត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រនេះ ក្រោមបទចោទសង្ស័យថារៀបចំធ្វើបាតុកម្មដែលគ្មានការអនុញ្ញាតកាលពីថ្ងៃទី២១ ខែមិថុនាកន្លងទៅ។ នេះបើយោងតាមប៉ូលិស។
គណបក្ស Demosisto ដែលធ្វើការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យពេញលេញនៅហុងកុងបានប្រកាសនៅលើគណនី Twitter ផ្លូវការណ៍របស់ខ្លួនថា៖ «ភ្លាមៗលោក Joshua Wong ត្រូវបានគេរុញចូលរថយន្តឯកជនមួយនៅលើផ្លូវ»។
នាង Agnes Chow ដែលមកពីគណបក្ស Demosisto ក៏ត្រូវបានចាប់ខ្លួនពីផ្ទះរបស់នាងដែរ។ ប៉ូលិសនិយាយថា ទាំងលោក Wong និងនាង Chow ដែលមានវ័យ២២ឆ្នាំស្ថិតក្រោមការស៊ើបអង្កេតក្រោមបទចោទសង្ស័យថា «រៀបចំការប្រមូលផ្តុំអនាធិបតេយ្យ» និង«រៀបចំការប្រមូលផ្តុំដោយគ្មានការអនុញ្ញាតត្រឹមត្រូវ»។
លោក Wong គឺជាសកម្មជនលេចធ្លោម្នាក់នៃចលនាឆ័ត្រនៅទីក្រុងហុងកុង ដែលបានទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញនៅអំឡុងបាតុកម្មឆ្នាំ២០១៤ ដែលបានបណ្តាលឲ្យផ្នែកខ្លះនៃទីក្រុងជាប់គំាងអស់រយៈពេល៧៩ថ្ងៃ។ កាលពីខែមិថុនា លោកត្រូវបានអាជ្ញាធរដោះលែងពីពន្ធនាគារបន្ទាប់ពីជាប់ឃុំរយៈពេល៥សប្តាហ៍ ក្រោមបទចោទ«មើលងាយតុលាការ»។
កាលពីថ្ងៃព្រហស្បតិ៍ ប៉ូលិសក៏បានចាប់ខ្លួនលោក Andy Chan ស្ថាបនិកនៃគណបក្សជាតិហុងកុងគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្រោមបទចោទសង្ស័យថា ចូលរួមធ្វើកុបកម្ម និងវាយប្រហារលើប៉ូលិសនៅអំឡុងបាតុកម្មកាលពីថ្ងៃទី១៣ ខែកក្កដា៕