ប៉ូលិសក្រុងហុងកុង នៅថ្ងៃចន្ទនេះ បានស្តីបន្ទោសពួកបាតុករចំពោះការរាលដាលនៃសកម្មភាពហិង្សាខុសច្បាប់ ខណៈដែលក្រុមសមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ បាននិយាយថា ប៉ូលិស បានធ្វើសកម្មភាពមិនចាំបាច់ បន្ទាប់ពីការប៉ះទង្គិចនៅឯការតវ៉ាប្រឆាំងនៅចុងសប្តាហ៍ទី១២។
សេចក្តីថ្លែងការណ៍របស់ប៉ូលិស បានប្រាប់ឲ្យដឹងថា ក្រុមមន្ត្រីប៉ូលិសបានចាប់ខ្លួនមនុស្ស៣៦នាក់។សេចក្តីថ្លែងការណ៍នោះក៏បានប្រាប់ឲ្យដឹងដែរថា មន្ត្រីប៉ូលិសម្នាក់ បានដួលនៅលើដីនៅពេលដែលពួកបាតុករបានចោលរបស់របរដាក់ប៉ូលិស ដែលបានបណ្តាលឲ្យមន្ត្រីប៉ូលិស៦នាក់ទាញកាំភ្លើងរបស់ខ្លួន។ មន្ត្រីប៉ូលិសម្នាក់បានបាញ់ព្រមានទៅលើ។
លោក Andrew Wan សមាជិកសភា បាននិយាយថា ប៉ូលិស បានធ្វើឲ្យក្រុមបាតុកររំជើបរំជួលដើម្បីត្រួតត្រាផ្លូវដែលត្រូវបានរាំងខ្ទប់ដោយប៉ូលិសរួចហើយ ហើយថា សកម្មភាពរបស់រដ្ឋាភិបាលនិងប៉ូលិសក្នុងអំឡុងនៃការតវ៉ាប៉ុន្មានសប្តាហ៍នេះ បានបណ្តាលឲ្យមានការស្អប់ខ្ពើមក្នុងចំណោមប្រជាពលរដ្ឋ។
លោក Wan បាននិយាយនៅឯសន្និសីទកាសែតនៅថ្ងៃចន្ទនេះថា «ខ្ញុំគិតថា ការទទួលខុសត្រូវនៅទីបញ្ចប់គឺភាគីប៉ូលិស។ នេះជាអ្វីដែលខ្ញុំបានសង្កេតឃើញ»។
ភាគច្រើននៃបាតុកររាប់ពាន់នាក់ បានធ្វើបាតុកម្មដោយសន្តិវិធីកាលពីថ្ងៃអាទិត្យម្សិលមិញ ក៏ប៉ុន្តែ ប៉ូលិសនៅពេលនោះ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករដែលបានបំបែកខ្លួនចេញពីហ្វូងបាតុកម្មដ៏ធំ។ ពួកមន្ត្រីប៉ូលិស ក៏បានប្រើកាណុងបាញ់ទឹកជាលើកដំបូងនៅក្នុងការឆ្លើយតបទៅនឹងក្រុមបាតុករ។
បាតុករខ្លះបានចោលដុំថ្មដាក់ប៉ូលិស វាយប្រហារប៉ូលិសដោយប្រើដំបង។
ការតវ៉ាប្រឆាំងនៅក្នុងទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់នៅអាស៊ី ជាការគំរាមកំហែងដ៏ខ្លាំងបំផុតដល់សន្តិភាពនៅទីនោះចាប់តាំងពីចក្រភពអង់គ្លេស បានប្រគល់ទីក្រុងហុងកុងទៅឲ្យចិនដីគោកនៅឆ្នាំ១៩៩៧មក៕