ប្រទេសចិនបានដាក់ពង្រាយកងទ័ពមួយក្រុមធំនៅក្នុងមូលដ្ឋានកងទ័ពរបស់ខ្លួនមានទីតាំងនៅទីក្រុងហុងកុង ខណៈដែនដីមួយនេះកំពុងប្រឈមវិបត្តិនយោបាយដ៏អាក្រក់បំផុត ចាប់តាំងពីត្រូវបានប្រគល់ទៅឲ្យចិនវិញកាលពីឆ្នាំ១៩៩៧។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរ បានពណ៌នាអំពីការដាក់ពង្រាយកងទ័ពនៅថ្ងៃព្រហស្បតិ៍នេះ ថាជាការផ្លាស់ប្តូរវេនរបស់កងកម្លាំងនិងគ្រឿងបរិក្ខារនៅក្នុងភូមិភាគយោធារបស់កងទ័ពរំដោះប្រជាជននៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ដែលតែងតែធ្វើឡើងជាប្រចាំ។
ទូរទស្សន៍របស់រដ្ឋបានបង្ហាញរូបភាពនៃរថពាសដែកដឹកកងទ័ពនិងរថយន្តធំៗចូលក្នុងមូលដ្ឋានកងទ័ព បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ព្រំដែនពីទីក្រុង Shenzhen។
ជិតបីខែមកនេះ ទីក្រុងហុងកុងរងការវាយប្រហារយ៉ាងដំណំដោយសារកំហឹងបាតុកម្មហើយជារឿយៗមានអំពើហិង្សាកើតឡើង ដែលបាតុកម្មនេះផ្តើមចេញពីការប្រឆាំងនឹងសំណើច្បាប់បត្យាប័នដ៏ចម្រូងចម្រាស ប៉ុន្តែក្រោយមកបាតុកម្មក៏បានទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញ និងការស៊ើបអង្កេតឯករាជ្យមួយទៅលើភាពព្រៃផ្សៃរបស់ប៉ូលីសដែលត្រូវបានចោទប្រកាន់។
ប៉ូលិសទីក្រុងនៅថ្ងៃព្រហស្បតិ៍នេះបានបដិសេធថា ខ្លួនមិនបានផ្តល់ការអនុញ្ញាតឲ្យសកម្មជននៃក្រុមរណសិរ្សសិទ្ធិមនុស្សបង្កើតវេទិកាជួបជុំគ្នាទ្រង់ទ្រាយធំមួយផ្សេងនៅថ្ងៃអាទិត្យនេះទេ ដោយលើកហេតុផលអំពីការប៉ះទង្គិចហិង្សារវាងប៉ូលិសបង្ក្រាបកុបកម្ម និងក្រុមបាតុករនៅអំឡុងពេលបាតុកម្មកាលពីចុងសប្តាហ៍មុន។
ប៉ូលិសបានបាញ់ឧស័ន្មបង្ហូរទឹកភ្នែក និងចាញ់កាណុងទឹកទៅលើក្រុមបាតុករ ដែលបានបែកចេញពីក្រុមធំនៃក្បួនបាតុកម្មសន្តិភាព។ បាតុករខ្លះបានគប់ដុំថ្មទៅលើប៉ូលិស វាយពួកគេនឹងដំបង និងបានបាញ់សាប៊ូនៅលើផ្លូវឲ្យប៉ូលិសរអិលដួល។
បាតុកម្មដែលត្រូវបានគ្រោងទុកនៅថ្ងៃសៅរ៍ខាងមុខនេះនឹងធ្វើនៅចំខួប ៥ឆ្នាំចាប់តាំងពីការបដិសេធរបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះសិទ្ធិកាន់កាប់ជាសកលសម្រាប់ទីក្រុងហុងកុង។ ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យភ័យខ្លាចថា ប្រទេសចិនកំពុងលុបបំបាត់សេរីភាពជាមូលដ្ឋានដែលពួកគេធ្លាប់មានចាប់តាំងពីអង់គ្លេសបានប្រគល់ទឹកដីហុងកុងឲ្យទៅចិនវិញកាលពីឆ្នាំ១៩៩៧មក៕