ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​វៀតណាម ដាក់​ពន្ធនាគារ​អតីត​ប្រធាន​គណៈកម្មាធិការ​ទីក្រុង​ហាណូយ​ចំនួន​៨ឆ្នាំ​បន្ថែម​ទៀត​ពី​បទ​រំលោភ​អំណាច


រូបឯកសារ៖ អតីត​ប្រធាន​គ្រប់គ្រង​ស្ថាប័ន​របស់​ទីក្រុង​ហាណូយ លោក Nguyen Duc Chung (ជួរមុខទី២ រាប់ពីស្តាំ) ក្នុងពេល​ដែល​លោក​ត្រូវបាន​កាត់​ទោស​នៅ​ក្នុង​តុលាការ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ អតីត​ប្រធាន​គ្រប់គ្រង​ស្ថាប័ន​របស់​ទីក្រុង​ហាណូយ លោក Nguyen Duc Chung (ជួរមុខទី២ រាប់ពីស្តាំ) ក្នុងពេល​ដែល​លោក​ត្រូវបាន​កាត់​ទោស​នៅ​ក្នុង​តុលាការ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

តុលាការមួយ​ក្នុង​ប្រទេស​វៀតណាម បាន​កាត់ទោស​ដាក់​ពន្ធនាគារ​អតីត​ប្រធាន​គ្រប់គ្រង​ស្ថាប័ន​របស់​ទីក្រុង​ហាណូយ​មួយរូប​ចំនួន​៨ឆ្នាំ​បន្ថែម​ទៀត កាលពី​ថ្ងៃចន្ទ​លើ​បទ​រំលោភ​អំណាច​ ដែល​នេះ ជា​ការផ្តន្ទាទោស​លើក​ទី២​ចំពោះ​រូប​លោក​នៅ​ក្នុង​ការបង្ក្រាប​ទៅ​លើ​អំពើ​ពុករលួយ​របស់​គណបក្ស​កុម្មុយនីស្ត​វៀតណាម។ នេះ​ បើតាម​ការ​ផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ឃោសនា​រដ្ឋ​របស់​វៀតណាម​ និង​ត្រូវ​បាន​រាយការណ៍​បន្ត​ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Nguyen Duc Chung អាយុ ៥៤​ ឆ្នាំ​ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​ មាន​ទោស​ពី​បទ​ផ្ទេរប្រាក់​ប្រមាណ​១លាន ​៥សែន ៧ម៉ឺន ​ដុល្លារ​ ចេញ​ពីគម្រោង​អភិវឌ្ឍន៍​វិនិយោគទុន​សាធារណៈ​មួយ​ដែលលោក​ធ្លាប់​បាន​ជួយ​ដល់​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​របស់លោកនោះ។

កាល​ពី​ឆ្នាំ​មុន លោក Chung ក៏​ត្រូវ​បាន​កាត់​ទោសរួច​ម្តង​មក​ហើយ​ឲ្យ​ជាប់​ពន្ធនគារ​ចំនួន​៥ឆ្នាំ​ ពី​បទ​បន្លំ​ឯកសារ​សម្ងាត់​របស់​រដ្ឋ​ និង​ការ​ប្រើ​ប្រាស់​ទ្រព្យសម្បត្តិ​មិន​ត្រឹម​ត្រូវ​ដែល​ធ្វើ​ឲ្យបាត់​បង់​នូវ​ថវិការបស់​រដ្ឋ​ប្រមាណ​៤០​លាន​ដុល្លារ។

មេធាវី​ការ​ពារ​ក្តី​របស់​លោក​ បាន​បដិសេធ​នូវ​ព័ត៌មានពី​សាលក្រម​ដែល​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ។ លោក Chung ធ្លាប់​កាន់​តំណែង​ជា​ប្រធាន​ប៉ូលិសក្រុងហាណូយ ហើយបន្ទាប់​មក​បាន​ក្លាយ​ជាប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ​នៅ​ចុង​ឆ្នាំ​២០១៥។

ក្នុង​អំឡុង​ពេល​នៃ​ការកាន់​តំណែង​របស់​លោក ទីក្រុង​ហាណូយ បាន​ទទួល​សិទ្ធិ​រៀបចំ​ការប្រកួត​រថយន្ត Formula 1 ដែល​ក្រោយមក​ត្រូវ​បាន​លុបចោល​បណ្តាល​មកពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

ការ​ចាប់​ខ្លួនលោក Chung ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​ទៅ ​ស្រប​ពេលដែល​គណបក្ស​គ្រប់​គ្រង​អំណាច​នៅ​ក្នុង​ប្រទេស​វៀតណាម​ កំពុងបង្កើនការ​ប្រយុទ្ធប្រឆាំងនឹង​អំពើ​ពុករលួយ​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG