វ៉ាស៊ីនតោន៖ រយៈពេលជាងពីរខែបន្ទាប់ពីគណបក្សនយោបាយធំៗទាំងពីរបានព្រមព្រៀងគ្នាដោះស្រាយបញ្ហាមួយចំនួនដែលកើតឡើងក្រោយការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៣ អ្នកសង្កេតការណ៍មើលឃើញថាការអនុវត្តតាមកិច្ចព្រមព្រៀងមានការរីកចម្រើនទៅមុខយឺតៗហើយលទ្ធផលដែលទទួលបាន មានតិចតួចប៉ុណ្ណោះ។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាកាលពីថ្ងៃទី២២ខែកក្កដាដើម្បីបញ្ចប់ការជាប់គាំងនយោបាយដែលមានរយៈពេលជិតមួយឆ្នាំដោយក្នុងនោះមានការសន្យាកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំណត់ពេលវេលាបោះឆ្នោតឡើងវិញ បែងចែកអំណាចនៅក្នុងស្ថាប័នសភាជាតិនិងកែទម្រង់ស្ថាប័នជាតិសំខាន់ៗមួយចំនួន។
លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់នៅក្នុងកម្មវិធីHello VOA កាលពីថ្ងៃច័ន្ទដោយសម្តែងការសាទរចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញដែលជាការបើកផ្លូវឱ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកបន្ថែមថា៖
«ការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញគឺមានរួចហើយ។ នេះគឺជាមេដាយមួយដែលយើងត្រូវសរសើរផងដែរ»។
ប៉ុន្តែលោកហាក់ដូចជាមានសុទិដ្ឋិនិយមតិចតួចសម្រាប់ជំហានបន្ទាប់៖
«នេះជាជោគជ័យមួយប៉ុន្តែទន្ទឹមគ្នានេះដែរខ្ញុំរំពឹងថាការចរចារគ្នាពី ខ្លឹមសារទូលំទូលាយដូចជាខ្លឹមសាររដ្ឋធម្មនុញ្ញជារឿងងាយស្រួលប៉ុន្តែមិនទាន់មានឃើញច្បាប់ថាតើអនុម័តច្បាប់ គ.ជ.បមួយដែលមានខ្លឹមសារទូលំទូលាយ ប្រជាធិបតេយ្យនិងមានការទទួលខុសត្រូវយ៉ាងណាយើងអត់ទាន់បានឃើញទេ»។
ចំណុចដែលគណបក្សទាំងពីរខកខានមិនទាន់បានកំណត់ឱ្យបានច្បាស់លាស់គឺការកែទម្រង់និងពង្រឹងស្ថាប័នជាតិសំខាន់ៗជាពិសេស«ស្ថាប័នឯករាជ្យ»នានាដូចដែលមានចែងក្នុងប្រការ៦នៃកិច្ចព្រមព្រៀងដែលមាន៧ចំណុចនេះ។ លោកអ៊ូ វីរៈបានបន្ថែមថា៖
«កន្លែងនេះគឺសូន្យ គឺមិនទាន់មានការវិវត្តន៍ មិនទាន់ទាំងមានការលើកឡើងដោយគណបក្សណាមួយផង។ គណបក្សប្រជាជនក៏អត់បានលើកឡើង។ គណបក្សសង្គ្រោះជាតិក៏មិនទាន់បានលើកឡើងទាល់តែសោះ»។
ស្ថាប័នមួយចំនួនដែលត្រូវតែធ្វើការកែទម្រង់នោះគឺមានស្ថាប័នតុលាការ ស្ថាប័នសិទ្ធិមនុស្សជាតិ និងត្រូវបង្កើតស្ថាប័នគ្រប់គ្រងលើអាជ្ញាបណ្ណសារព័ត៌មាន។ នេះបើតាមការបញ្ជាក់របស់លោកអ៊ូ វីរៈ។
លោក ឈៀង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនិងព័ត៌មាននៃសភាជាតិបានពន្យល់ថាដំណើរការនៃការគោរពតាមកិច្ចព្រមព្រៀងគឺដំណើរការល្អ។ លោកបានបញ្ជាក់ថាជាផ្នែកមួយនៃកិច្ចព្រមព្រៀងគឺបានផ្តល់អភ័យឯកសិទ្ធិដល់លោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ សមាជិកសភា៥៥រូបបានចូលស្បថកាន់តំណែង បោះឆ្នោតជ្រើសរើសអនុប្រធានទីមួយនិងទីពីរនៃសភាជាតិ រៀបចំរចនាសម្ព័ន្ធគណៈកម្មការសភានិងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
លោកបន្ថែមថាដោយហេតុនេះហើយទើបគណបក្សទាំងពីរមិនទាន់និយាយដល់ការកែទម្រង់ស្ថាប័នសំខាន់ៗមួយចំនួន៖
«ការងារធំចម្បងរបស់យើងប្រញ៉ាប់នោះគឺ...ធ្វើដូចម្តេចឱ្យមានតួរនាទីរបស់គណបក្សសង្គ្រោះជាតិនៅក្នុងស្ថាប័នសភាហើយនឹងគ.ជ.ប»។
ក្រុមអង្គការសង្គមស៊ីវិលបានរិះគន់លើចំណាត់ការនាពេលថ្មីៗនេះរបស់ប្រធានសភាជាតិដែលបានចេញសារាចរមួយដែលហាមប្រាមសាធារណជននិងបណ្តាញសារព័ត៌មានមិនឱ្យចូលរួមស្តាប់កិច្ចប្រជុំរបស់គណៈកម្មការសភាដោយចាត់ទុកថាវាជាការនាំឱ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងគឺគណបក្សប្រឆាំងទទួលគ្រប់គ្រងគណៈកម្មការចំនួន៥ក្នុងចំណោម១០។ ប៉ុន្តែលោកអ៊ូ វីរៈយល់ថាសារាចរនេះបានចងជើងគេជាប់ហើយ។ លោកបានបន្ថែមថា៖
«ទាក់ទងរឿងអំណាចរដ្ឋសភានេះគឺខ្ញុំវាយតម្លៃសូន្យ គឺមិនទាន់មានការវិវត្តន៍វិជ្ជមាននៅឡើយទេប៉ុន្តែមានការវិវត្តន៍មួយអវិជ្ជមានដោយសារាចរ(របស់ប្រធានសភា)»។
ក្រុមការងារចរចាលើច្បាប់បោះឆ្នោតថ្មីនៅ មិនទាន់បានបញ្ចេញឱ្យសាធារណជនដឹងពីលទ្ធផលការងាររបស់ពួកគេនៅឡើយទេបើទោះបីជាមានការទាមទារពី អង្គការសង្គមស៊ីវិលក៏ដោយហើយក៏នាំឱ្យមានការសង្ស័យមួយចំនួនលើការបោះឆ្នោតលើកក្រោយថាតើអាចជាការបោះឆ្នោតដោយយុត្តិធម៌ឬទេ៕