ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​សុំ​ឱ្យ​ជ្រើសរើស​​ថ្នាក់​ដឹកនាំ​គ.ជ.ប​ដោយ​តម្លាភាព


លោក​ អ៊ឹម សួស្តី​ ប្រធាន​គជប​​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣។
លោក​ អ៊ឹម សួស្តី​ ប្រធាន​គជប​​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣។

បន្ទាប់​ពី​សមាជិក​រដ្ឋសភា​បាន​បោះ​ឆ្នោត​ជាឯក​ឆ្ឆន្ទ​សម្រេច​ដាក់​បញ្ចូល​ស្ថាប័ន​បោះ​ឆ្នោត​ទៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ក្រុម​អ្នក​វិភាគ​នយោបាយ​បាន​សម្តែង​ក្តី​បារម្ភ​ទៅ​លើ​ការ​ជ្រើស​រើស​សមាសភាព​ថ្នាក់​ដឹក​នាំ​ថ្មី​ចំនួន​៩​រូប​នៃ​ស្ថាប័ន​នេះ។​

តាម​ការ​ព្រម​ព្រៀង​រវាង​គណបក្ស​ដែល​ធ្លាប់​មាន​ជម្លោះ​គ្នា​បាន​យល់​ព្រម​តែង​តាំង​សមាសភាព​គ.ជ.ប៤​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ៤ រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ មួយ​រូប​ត្រូវ​ជ្រើស​ចេញ​ពី​បុគ្គល​ដែល​ឯក​រាជ្យ។​

បុគ្គល​ឯករាជ្យ​ដែល​គណបក្ស​ទាំង​ពីរ​បាន​សំឡឹង​ឃើញ​គឺ​ទំនង​ជា​លោក​ ស្រី ពុង ឈីវកេក​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។​

នៅ​ក្នុង​សេចក្តី​ស្នើ​ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​៧៦​និង​មាត្រា​ទាំង​ឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ដល់​ជំពូក​ទី​១៦​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​បាន​ចែង​ថា៖ «គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ត្រូវ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​ដោយ​ឯក​រាជ្យនិង ​អព្យាក្រិត ​ដើម្បី​ធានា​ឱ្យការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ត្រឹម​ត្រូវ​និង​យុត្តិធម៌​ ស្រប​តាម​គោល​ការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​និង​ពហុបក្ស»។​

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មិន​អាច​ធ្វើ​ជា​សមាជិក​គណបក្ស​នយោបាយ ​ឬ​ធ្វើ​ជា​មេដឹក​នាំ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ សមាគម​ សហជីព​ ឬ ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​ណាមួយ​បាន​ឡើយ។​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរការហើយ​សមាភាព​គ.ជ.ប​មាន​៩​រូប​និង​មាន​អាណត្តិ​៥​ឆ្នាំ។​

លោក​ បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា​ ការ​ជ្រើស​រើស​សមាសភាព​ថ្មី​ត្រូវ​តែ​បើក​ចំហរ។ គណបក្ស​ទាំង​ពីរ​មិន​ត្រូវ​ជ្រើស​រើស​ដោយ​លាក់​លៀម​ទេ។​

លោក​និយាយ​ថា៖ «ហើយ​រើស​ហ្នឹង​ត្រូវ​បើក​ចំហរ​អត់​មាន​ស៊ុម​គ្រលំ ​អ្នក​ឯង​ទេ​។អ្នក​ឯង​មិន​មែន​ចាត់តាំង​ខ្ញុំទេ​ ខ្ញុំ​ប្រណាំង​ប្រជែង​ ខ្ញុំ​ឈ្នះ។ ​ដូច្នេះ​កុំ​មក​ចេះ​ជាង​ កិច្ច​ការ​ខ្ញុំ​នេះ​ ខ្ញុំ​ធ្វើ​ ដូច្នេះ​ឯក​រាជ្យភាព​បាន​តាម​រយៈ​យក​សមត្ថភាព​ជាធំ​ ហើយ​នឹង​ការ​ប្រកួត​ប្រជែង​គ្នា»។​

សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បច្ចុប្បន្ន​នេះ​ច្រើន​ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ហេតុ​ដូច្នេះ​ហើយ​បាន​ជាគណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា​ការ​បោះ​ឆ្នោត​លម្អៀង​និង​មិន​អព្យាក្រិត។​

លោក​ កែម ឡី​ អ្នក​ស្រាវ​ជ្រាវ​សង្គម​មាន​ប្រសាសន៍​ថា​ដើម្បី​ឱ្យ​សមាសភាព​ទាំង​៩នាក់​ឯករាជ្យ​ពិត​ប្រាកដ​ត្រូវ​តែជ្រើស​រើស​ជា​សាធារណៈ​ និង ​បង្កើត​គណៈ​កម្មការ​ជ្រើស​រើស​មួយ​មក​ពី​គ្រប់​ស្ថាប័ន​ដោយ​ឯក​រាជ្យ​ទើប​អាច​ជា​សេចក្តី​ទុក​ចិត្ត​ថា​ការ​បោះ​ឆ្នោត​លើក​ក្រោយ​មិន​មាន​ការ​លួច​បន្លំ។​

លោក​និយាយ​ថា៖​«ការ​ជ្រើស​រើស​យើង​អាច​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​វិទ្យុ​ តាម​ទូរទស្សន៍​ តាម​កាសែត​ ដូច​ដែល​គេ​ធ្វើ​ការ​ដេញ​ថ្លៃ​គេ​ជ្រើស​រើស​បុគ្គលិក​អញ្ចឹង​ ហើយ​ទាំង​ពីរ​គណបក្ស​ហ្នឹង​ត្រូវ​មាន​លក្ខខណ្ឌ​រួម​ ហើយ​ត្រូវ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ហើយ​មាន​រយៈ​ពេល​គេ​ដាក់​ពាក្យ​ ហើយ​ដាក់​ពាក្យ​ហ្នឹង​ដាក់​ទៅ​កន្លែង​ណា​ ពេល​ណា​ សម្ភាសន៍​អ្នក​ណា​ អ្នក​ណា​អ្នក​សម្ភាសន៍​ អ្នក​ណា​អ្នក​Screen ​អាហ្នឹង​បាន​មិន​អាថ៍កំបាំង»។​

លោក​ គុល បញ្ញា​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បីការ​បោះ​ឆ្នោត​ដោយ​សេរី ​និង ​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​ខុមហ្វ្រែល ​មាន​ប្រសាសន៍​ក្នុង​អង្គ​សន្និសីទកាសែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ការ​ជ្រើសរើស​សមាសភាព​គ.ជ.ប​ថ្មី​ចេញ​ពី​គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​ធានា​ឱ្យ​ការ​ជ្រើស​រើស​ហ្នឹង​ដោយ​ឯករាជ្យ។​

លោក​និយាយ​ថា៖ «ធានា​ការ​ជ្រើស​រើស​គ.ជ.ប​ហ្នឹង​ដោយ​តម្លាភាព។ ​អត់​បាន​ចែង​អំពី​របៀបហ្នឹង​ច្បាស់​លាស់​ទេ​ ពីព្រោះ​ដើម្បី​ឱ្យ​គជប​មួយ​គេ​ទុក​ចិត្ត​ពី​មហាជន​ត្រូវ​តែ​ធ្វើ​ឱ្យ​ការ​រើស​ហ្នឹង​មាន​តម្លាភាព​ហើយ​ធានា​សមាសភាព​គជប​ដោយ​ឯក​រាជ្យ»។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ លោក​ ឈាង វ៉ុន ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​ បាន​អះអាង​ដូចៗ​គ្នា​ថា​សមាសភាព​គជប​ថ្មី​គឺ​ជាមនុស្ស​ឯក​រាជ្យ​ពិត​ប្រាកដ​ហើយ​រំពឹង​ថា​ការ​បោះ​ឆ្នោត​លើក​ក្រោយ​នឹង​អាចទទួល​យក​បាន​ពីគ្រប់​ភាគីទាំង​អស់។​

លោក​ អ៊ឹម សួស្តី​ ប្រធាន​គជប​មាន​ប្រសាសន៍​ថា​ឯករាជ្យ​ឬមិន​ឯក​រាជ្យ​គឺ​អាស្រ័យ​ទៅ​លើ​បុគ្គល​ជា​អ្នក​ធ្វើ​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG