ក្រុមអង្គការសង្គមស៊ីវិលនៅថ្ងៃព្រហស្បតិ៍នេះបានរិះគន់លោកហេង សំរិន ប្រធានរដ្ឋសភាថាបានចេញសារាចរណែនាំមួយដែលសំដៅធ្វើការគាបសង្កត់លើឥទ្ធិពលរបស់គណបក្សជំទាស់ក្នុងរដ្ឋសភាហើយអង្គការក្រៅរដ្ឋាភិបាលទាំងនោះបានទទូចឲ្យលុបចោលសារាចរនេះវិញ។
កាលពីថ្ងៃទី១២ខែកញ្ញា លោកហេង សំរិន ប្រធានស្ថាប័ននីតិបញ្ញត្តិកំពូលនេះនិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានចេញសារាចរមួយស្តីពីបែបបទការងាររបស់គណៈកម្មការនានារបស់រដ្ឋសភា។ សារាចរនេះបានដាក់កំហិតថាគណៈកម្មការនិមួយៗអាចផ្តល់ដំណឹងដល់សាធារណជននិងសង្គមស៊ីវិលអំពីកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែពួកគេអាចផ្តល់យោបល់ពីចម្ងាយជាលាយលក្ខអក្សរគឺមិនអាចចូលរួមក្នុងកិច្ចប្រជុំនៃគណៈកម្មការនោះបានទេ។
បំរាមនេះរាប់បញ្ចូលទាំងការចូលរួមរបស់សង្គមស៊ីវិលនិងអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំនៃគណៈកម្មការរបស់រដ្ឋសភាដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ កិច្ចប្រជុំស្តីពីការបំភ្លឺជុំវិញការអនុវត្តច្បាប់ដែលទាក់ទងនឹងការត្រូវអញ្ជើញមន្ត្រីរដ្ឋាភិបាលឬនាយករដ្ឋមន្ត្រី។
ដោយឡែករាល់ការអញ្ជើញភ្ញៀវឬអ្នកជំនាញដើម្បីឲ្យចូលក្នុងបរិវេណរដ្ឋសភាត្រូវមានការអនុញ្ញាតពីប្រធានរដ្ឋសភាជាមុន។ ជាមួយគ្នានោះដែរតំណាងរាស្ដ្រអាចចេញទៅជួបក្រុមបាតុករឬនាំពួកគេឲ្យចូលដាក់ញត្តិនៅគណៈកម្មការណាមួយរបស់រដ្ឋសភាបានមិនលើសពីចំនួនប្រាំនាក់។ ប៉ុន្តែតំណាងរាស្ដ្រមិនត្រូវបើកកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយក្នុងគណៈកម្មការរដ្ឋសភាទេ។
វិធានការខាងលើនេះធ្វើឡើងក្រោយពីតំណាងរាស្ដ្រខាងគណបក្សជំទាស់បានព្យាយាមបើកកិច្ចពិភាក្សាមួយចំនួនជាមួយមជ្ឈដ្ឋានសង្គមស៊ីវិលនិងក្រុមប្រជាពលរដ្ឋ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួននៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះអង្គការនិងសមាគមសរុបចំនួន១៣បានហៅសារាចរនេះថាផ្ទុយពីក្របខណ្ឌច្បាប់ មិនមានតម្លាភាពនិងផ្ទុយពីទស្សនៈនៃលទ្ធិប្រជាធិបតេយ្យ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅថាខុមហ្វ្រែលបានអធិប្បាយនៅក្នុងសន្និសីទកាសែតនេះថាសារាចរមានគោលដៅដាក់សម្ពាធលើគណៈកម្មការដែលដឹកនាំដោយក្រុមតំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិដែលជាសំឡេងគណបក្សជំទាស់នៅក្នុងរដ្ឋសភា។
«សារាចរនេះមានចេតនាដកសិទ្ធិគណៈកម្មការជំនាញរបស់រដ្ឋសភា រារាំងមិនឲ្យសង្គមស៊ីវិល អ្នកសារព័ត៌មានចូលទៅអង្កេតកិច្ចប្រជុំដេញដោលរវាងមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីគណៈកម្មការជំនាញ។ជាពិសេសគណៈកម្មការជំនាញនានាដែលដឹកនាំដោយគណបក្សប្រឆាំងកំពុងធ្វើការយ៉ាងសកម្មក្នុងការកោះហៅសង្គមស៊ីវិល រដ្ឋាភិបាលឬអ្នកឯកទេសនានាចូលទៅដេញដោលឬសួរនាំ»។
ក្រោយពីទទួលបានកិច្ចព្រមព្រៀងនៅថ្ងៃទី២២ខែកក្កដារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ គណបក្សទាំងពីរបានចូលអង្គុយក្នុងរដ្ឋសភាជាមួយគ្នាបន្ទាប់ពីស្ថិតក្នុងភាពប្រឈមក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអស់រយៈពេលមួយឆ្នាំ។
តំណាងរាស្ដ្ររបស់គណបក្សជំទាស់ដែលបានកាន់កាប់គណៈកម្មការចំនួនប្រាំក្នុងចំណោមគណៈកម្មការសរុបចំនួនដប់បានចាប់ផ្តើមអញ្ជើញជនរងគ្រោះដោយសារជម្លោះដីធ្លី តំណាងរដ្ឋាភិបាល សង្គមស៊ីវិលដែលធ្វើការផ្នែកប្រឆាំងអំពើពុករលួយនិងផ្នែកសិក្សាធិការដើម្បីមកពិភាក្សានិងពិគ្រោះយោបល់នៅក្នុងមន្ទីររដ្ឋសភា។ ក៏ប៉ុន្តែក្រោយមកប្រធានរដ្ឋសភាលោកហេង សំរិន បានចេញសារាចរដែលមិនធ្លាប់មានដោយរឹតបន្តឹងលើបែបបទនានារបស់គណៈកម្មការសភាទាក់ទងទៅនឹងមជ្ឈដ្ឋានខាងក្រៅ។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកលើកឡើងនៅក្នុងសន្និសីទកាសែតដែរថាលោកហេង សំរិន បានរំលោភលើវិធានរបស់រដ្ឋធម្មនុញ្ញ។
«នេះបើយើងនិយាយអំពីតួនាទីនិងភារកិច្ចរបស់ប្រធានរដ្ឋសភាក្នុងការចាត់ចែងការងាររដ្ឋសភាទៅតាមរដ្ឋធម្មនុញ្ញ។ហើយបើសិនជាប្រធានរដ្ឋសភាមួយរំលោភរដ្ឋធម្មនុញ្ញហើយខ្ញុំគិតថាប្រហែលជាអង្គការនីតិបញ្ញត្តិនេះមិនអាចក្លាយជាអង្គការនីតិបញ្ញត្តិដែលឈរលើមូលដ្ឋានលទ្ធិប្រជាធិបតេយ្យក្នុងការត្រួតពិនិត្យអង្គការនីតិប្រតិបត្តិបានទេ»។
ដោយឡែកលោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារកឃើញថាសារាចររបស់លោកហេង សំរិន បានបំពានលើកិច្ចព្រមព្រៀងនៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកាលពីខែកក្កដាដើម្បីធានាដល់ស្ថាប័នសភាមួយមានប្រជាធិបតេយ្យនិងត្រូវកែប្រែបទបញ្ជាផ្ទៃក្នុង។
«បើសិនយើងមើលខ្លឹមសារនេះសូម្បីតែភ្ញៀវចូលសភាក៏ត្រូវមានការយល់ព្រមពីប្រធានសភាដែរ។ដូច្នេះតើប្រធានសភាមានពេលប៉ុន្មានក្នុងមួយថ្ងៃដើម្បីធ្វើការងារ»។
ទោះជាមានការិះគន់បែបនេះ ក្តីលោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនិងជាអ្នកនាំពាក្យរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជាបកស្រាយថាលោកហេង សំរិន មានតួនាទីចែងក្នុងរដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុង។
លោកឈាង វុន បានព្រមានថាសង្គមស៊ីវិលគួរតែធ្វើកិច្ចការត្រឹមតួនាទីរបស់ផងខ្លួនហើយមិនត្រូវលូកលាន់ក្នុងកិច្ចការនយោបាយឡើយ។
«អ្វីដែលលោកធ្វើនេះមិនខុសច្បាប់ទេ។លោកជាតំណាងរបស់ប្រជាពលរដ្ឋដែលបោះឆ្នោតជូន ហើយលោកជាប្រធានសភា។ ទី២លោកធ្វើតាមរដ្ឋធម្មនុញ្ញ តាមបទបញ្ជាផ្ទៃក្នុងដែលបញ្ជាក់ពីតួនាទីរបស់លោកជាប្រធានសភាលោកត្រូវធ្វើអីខ្លះ។ បើលោកធ្វើតាមពីរនេះហើយ លោកធ្វើតាមច្បាប់គឺ អត់មានកំហុសទេ។ អ្នកដែលអត់ទទួលបានអណត្តិពីប្រជាពលរដ្ឋសូមឲ្យគាត់ទទួលស្គាល់តួនាទីរបស់គាត់ត្រឹមប៉ុណ្ណា។ កុំឲ្យលូកដៃរហូតដល់ល្អក់កករនយោបាយរបស់ជាតិដែលគេកំពុងធ្វើការល្អូកល្អឺនជាមួយគ្នា»។
ថ្វីបើដូច្នេះក្តីក្រុមអង្គការសង្គមស៊ីវិលបានស្នើឲ្យរដ្ឋសភាយកចិត្តទុកដាក់លើគោលការណ៍តម្លាភាពនិងប្រជាធិបតេយ្យដោយអនុវត្តន៍តាមកិច្ចព្រមព្រៀងនៃគណបក្សទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ៕