រដ្ឋាភិបាលប្រទេស កូរ៉េខាងត្បូងនិងចិន បានរិះគន់លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែលមិនបានសំដែងអ្វីដែលប្រទេសទាំងពីរចាត់ទុកថាជាការសុំអភ័យទោសឲ្យបានគ្រប់គ្រាន់ចំពោះអំពើឃោឃៅក្នុងអតីតកាលរបស់ប្រទេសជប៉ុននៅក្នុងប្រទេសកូរ៉េខាងត្បូងនិងចិន។
នៅក្នុងសន្ទរកថាមួយកាលពីថ្ងៃពុធនៅចំពោះមុខរដ្ឋសភាសរអា លោកនាយករដ្ឋមន្រ្តីជប៉ុនបានសំដែង«ការសោកស្តាយយ៉ាងខ្លាំង»ចំពោះអតីតកាលចក្រពត្តិនិយមរបស់ជប៉ុន ហើយ ថ្លែងថា ក្រុង តូក្យូ មិនត្រូវបំភ្លេចអំពីការឈឺចាប់ដែលបានបណ្តាលមកពីឥរិយាបថក្នុងសង្គ្រាមរបស់ប្រទេសជប៉ុននោះទេ។
លោក Abe បានថ្លែងជាអាទិនៅក្នុងសន្ទរកថាដែលមានការតាមមើលយ៉ាងដិតដល់នោះថា «សកម្មភាពរបស់យើងបានធ្វើឲ្យមានការរងទុក្ខវេទនាដល់មនុស្សនៅក្នុងប្រទេសអាស៊ី។ ហើយយើងមិនត្រូវងាកមុខចេញពីរឿងទាំងនេះឡើយ»។
តែលោក Abe មិនបាននិយាយឡើងវិញអំពីពាក្យសុំអភ័យទោសជាផ្លូវការរបស់នាយករដ្ឋមន្រ្តីជប៉ុនមុនៗទេ។ ជាជំនួស លោកថ្លែងថា លោកនឹង«គោរពទស្សនៈ»របស់នាយករដ្ឋមន្រ្តីជប៉ុនទាំងប៉ុន្មានដែលចូលកាន់តំណែងមុនលោក។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា «ជាការគួរឲ្យស្តាយណាស់»ដែលគ្មាន«ការសុំទោសដោយស្មោះ»នៅក្នុងសន្ទរកថានោះ ហើយបន្ថែមថាលោក Abe បានបាត់បង់ឱកាសដ៏ថ្លៃថ្លាមួយសម្រាប់ការសម្រុះសម្រួលគ្នាឡើងវិញ។
ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃព្រហស្បត៍នេះថា ចិន«ធ្វើការអំពាវនាវជាបន្តឲ្យរដ្ឋាភិបាលជប៉ុននិងមេដឹកនាំរបស់ប្រទេសនេះប្រកាន់យកឥរិយាបថទទួលខុសត្រូវមួយចំពោះប្រវត្តិសាស្រ្ត»៕