ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផលិតករ​ខ្មែរ​ថា ភាពយន្ត​ខ្មែរ​ពិបាក​ចូល​ទីផ្សារ​ថៃ ខណៈ​ជម្លោះ​ផ្នែក​វប្បធម៌​នៅតែ​ជា​បញ្ហា


ប៉ាណូមួយត្រូវបានឃើញថា​បង្ហាញ​រឿង«ម៉ែក្រឡាភ្លើង» នៅប្រទេសថៃ។ (Facebook/Sastra Film)
ប៉ាណូមួយត្រូវបានឃើញថា​បង្ហាញ​រឿង«ម៉ែក្រឡាភ្លើង» នៅប្រទេសថៃ។ (Facebook/Sastra Film)

កាល​ពី​ពេល​ថ្មីៗ​នេះ ភាពយន្ត​ដែល​ផលិត​ដោយ​ផលិតករ​ខ្មែរ​ឈ្មោះ​ «ម៉ែ​ក្រឡា​ភ្លើង» ឬ​ហៅ​ថា ​The Dark Mother ដែល​ជា​ខ្សែ​ភាពយន្ត​របស់​ផលិតកម្ម​សាស្រ្តា​ហ្វៀម​ (Sastra Film) កំពុង​មាន​ភាព​ចម្រូងចម្រាស​ក្នុង​ចំណោម​ជនជាតិ​ថៃ​មួយ​ចំនួន ដោយ​មាន​ការ​អំពាវនាវ​មិន​ឱ្យទៅ​ទស្សនា។

ភាពយន្ត​ដែល​ផលិត​ដោយ​ជនជាតិ​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​នាំ​ចូល​ទៅ​ចាក់​បញ្ចាំង​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​ការ​ចាក់​បញ្ចាំង​នេះ​ហាក់​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ស្រប​ពេល​មាន​ការ​អំពាវ​នាវ​កុំ​ឱ្យទៅ​ទស្សនា ដោយ​សារ​ជន​ជាតិ​ថៃ​មួយ​ចំនួន​យល់​ថា ​ភាពយន្ត​នេះ​ចម្លង​ពី​ភាពយន្ត​ថៃ។ ជម្លោះ​នៃ​ការ​ចម្លង​វប្បធម៌​រវាង​កម្ពុជា​និង​ថៃ​តែង​តែ​កើត​ឡើង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

អគ្គនាយិកា​នៃ​ក្រុមហ៊ុន​សាស្រ្តាហ្វៀម អ្នកស្រី ប៊ុន ចាន់និមល បាន​សម្តែង​ការ​សោក​ស្តាយ ខណៈ​ការ​នាំ​ភាពយន្ត​ខ្មែរ​រឿង​«ម៉ែ​ក្រឡា​ភ្លើង»​ទៅ​បញ្ចាំង​ក្នុង​ប្រទេស​ថៃ​បាន​បរាជ័យ ដោយ​សារ​ចំនួន​អ្នក​ចូល​ទស្សនា​តិច​តួច ខុស​ពី​ការ​រំពឹង​ទុក។

ថ្លែង​ក្នុង​ការ​ឡាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ២០២៤ អ្នក​ស្រី ប៊ុន ចាន់និមល បាន​ឱ្យ​ដឹង​ថា ​ភាពយន្ត​«ម៉ែ​ក្រឡាភ្លើង»​នេះ​មិន​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ច្រើន​ក្នុង​ប្រទេស​ថៃ​ឡើយ ហើយ​រោង​ភាពយន្ត​ទាំង​នោះ​ភាគ​ច្រើន​មិន​ស្ថិត​នៅ​ក្នុង​ទីក្រុង​ទៀត។

អ្នកស្រី​ថ្លែង​ថា៖ «នាង​ខ្ញុំ​មាន​អារម្មណ៍​ថា ​Unfair [មិន​យុត្តិធម៌] ក្នុង​នាម​ជា​ប្រទេស​ទីផ្សារ​សេរី​ ជា​ប្រទេស​ភូមិ​ផង​របង​ ហើយ​មាន​សហ​ប្រតិបត្តិការ​ជា​មួយ​គ្នា​ហ្នឹង​ ខាង​អ្នក​ធ្វើ​អាជីវកម្ម​ផ្នែក​រោង​ភាពយន្ត​ថៃ​ មិន​គួរ​បំបិទ​រឿង​របស់​យើង មុន​ពេល​ការ​ចាក់​បញ្ចាំង។ ហេតុ​អី​បាន​ខ្ញុំ​និយាយ​អ៊ីចឹង ព្រោះ​ការ​ផ្តល់​ ​Show ចាក់​បញ្ចាំង​ហ្នឹង គឺ​ផ្តល់​ឱ្យ​តិច​មែន​ទែន ដោយ​សារ​នៅ​រោង​ភាពយន្ត​ប្រទេស​ថៃ​មាន​ជាង​ ២០០ ​ទីតាំង តែ​ដោយ​ឡែក ​Show ដែល​ផ្តល់​ឱ្យ​យើង គឺ​ប្រហែល ​២០ ​ទីតាំង​ទេ នៅ​តំបន់​ដែល​មិន​ជា​ទី​ពេញ​និយម​ច្រើន​សម្រាប់​អ្នក​ភាពយន្ត​ទេ»។

អគ្គនាយិកា​នៃ​នៃ​ក្រុមហ៊ុន​សាស្រ្តាហ្វៀម​រូប​នោះ​បន្ថែម​ថា​ ជនជាតិ​ថៃ​មួយ​ចំនួន​បាន​ប្រតិកម្ម​នឹង​រឿង​នេះ ហើយ​មាន​ការ​អំពាវនាវ​មិន​ឱ្យទៅ​ទស្សនា។

អ្នកស្រី​បញ្ជាក់​ថា៖ «មិន​ត្រឹម​តែ​ប៉ុណ្ណោះ មតិ​ដែល​ព្យាយាម​ដែល​គេ​ហៅ​ថា ​ខំមិន​[យោបល់]​បែប​វៃ​ប្រហារ​ខំមិន​បែប​គំរាម​មិន​ឱ្យ​មាន​ការ​ទៅ​ទស្សនាអី​ហ្នឹង គឺ​ព្យាយាម​មិន​ឱ្យ​មាន​អ្នក​ទៅ​ទស្សនា​រឿង​ហ្នឹង​តែ​ម្តង»។

បើ​តាម​អ្នក​និពន្ធ​និង​អគ្គនាយិកា​នៃ​ក្រុមហ៊ុន​ Sastra Film រូប​នោះ ភាពយន្ត​«ម៉ែក្រឡា​ភ្លើង»ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​អាស៊ី​ច្រើន​ដែរ។ អ្នកស្រី​ថា​ ការ​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ​មាន​គោល​បំណង ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ដែល​នៅ​ជាប់​គ្នា។ អ្នក​ស្រី​បញ្ជាក់​ថា​ ភាពយន្ត​នេះ​បង្ហាញ​ពី​ការ​រស់​នៅ​ និង​បង្ហាញ​អំពី​អត្ត​សញ្ញាណរបស់​ប្រជាជន​ខ្មែរ ហើយ​ក៏​មិន​បាន​ចម្លង​ពី​ភាគី​ណា​ដែរ។

អ្នកស្រី​ក៏​អំពាវនាវ​ឱ្យ​អ្នក​ធ្វើ​អាជីវកម្ម​ភាពយន្ត​នៅ​ប្រទេស​ថៃ​គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​ជុំវិញ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ខ្មែរ។

អ្នក​ស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​ចង់​ឱ្យ​អ្នក​ធ្វើ​ Business [ជំនួញ]​ផ្នែក​រោង​ភាពយន្ត​នៅ​ថៃ​ពិចារណា​ឡើង​វិញ​ វា​Not Fair [មិន​យុត្តិធម៌] ហេតុ​អី​ប្រទេស​ខ្ញុំ​ស្វាគមន៍​ភាពយន្ត​របស់​អ្នក​បាន​រាល់​សប្តាហ៍ ក្នុង​មួយ​សប្តាហ៍​ភាពយន្ត​ថៃ​ចូល​ក្នុង​ប្រទេស​យើង​យ៉ាង​តិច​ក៏​៣​ចំណង​ជើង​ដែរ។ យើង​ Support​[គាំទ្រ]​សព្វគ្រប់​បែប​យ៉ាង​ទាំង​អស់​ទាំង​ការ​ផ្សព្វផ្សាយ​ពី​រោងកុន​អី​ទាំង​អស់ តែ​ហេតុ​អី​ភាពយន្ត​របស់​យើង​ក្នុង​ទម្រង់​ជា​ខ្មែរ​ចំ គឺ​ការ​រស់​នៅ​សាច់​រឿង ផ្ទៃ​សាច់​រឿង​វា​បង្ហាញ​ពី​ជំនឿ​និង​ Culture ​[វប្បធម៌]​របស់​ខ្មែរ ហេតុ​អី​បាន​ត្រូវ​មិន​ចាក់​បញ្ចាំង​ភាពយន្ត​យើងឱ្យ​ទូលំទូលាយ​ដូច​ដែល​យើង​ស្វាគមន៍​ភាពយន្ត​របស់​គេ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន ​Hollywood Thailand ដែល​នាំ​ចូល​រឿង​«ម៉ែ​ក្រឡា​ភ្លើង»​ទៅ​បញ្ចាំង​នៅ​ប្រទេស​ថៃ​បាន​នៅ​ឡើយ​ទេ។

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​ដែរ។

ភាពយន្ដ​«ម៉ែ​ក្រឡាភ្លើង»​ត្រូវ​បាន​សម្ពោធ​ដាក់​បញ្ចាំង​គ្រប់​រោង​ភាពយន្ដ​ក្នុង​ប្រទេស​កម្ពុជា កាល​ពីថ្ងៃ​ទី​ ២៣ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣។ សាច់​រឿង​បាន​ឆ្លុះ​បញ្ចាំង​ពី​អបិយជំនឿ​ខ្មែរ រួម​ទាំង​ទឹក​ចិត្ត​មហិមា​របស់​ម្តាយ​នៅ​តែ​តាម​ថែរក្សា​កូន​ទោះ​បី​ជា​ស្លាប់​ទៅ​ជា​ខ្មោច​ហើយ​ក៏​ដោយ។

ខណៈ​មាន​ភាព​ចម្រូងចម្រាស​លើ​ខ្សែ​ភាពយន្ត​មួយ​នេះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ដែល​ជា​ជន​ជាតិ​ខ្មែរ ក៏​បាន​អំពាវនាវ​កុំ​ឱ្យទៅ​ទស្សនា​ភាពយន្ត​ថៃ​នៅ​តាម​បណ្តា​រោង​កុន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

អគ្គនាយក​នៃ​ផលិតកម្ម​មហាហង្ស លោក អ៊ិន សុភិន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​ធ្លាប់​នាំ​យក​ភាពយន្ត​ខ្មែរ​រឿង​«អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ» ឬ​ហៅ​ថា​ The Memories of New Year ដែល​ជា​សាច់​រឿង​បង្ហាញ​ពី​ទំនៀមទម្លាប់​ប្រពៃណី​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​រវាង​ប្រទេស​កម្ពុជា ថៃ និង​ឡាវ ទៅ​ចាក់​បញ្ចាំង​នៅ​ទីផ្សារ​ប្រទេស​អាស៊ី កាល​ពី​ឆ្នាំ​ ២០១៨។ លោក​បន្ថែម​ថា​ ការ​នាំ​យក​ភាពយន្ត​រឿង​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នៅ​ទីផ្សារ​ប្រទេស​ក្នុង​អាស៊ី​ដូច​ជា​ថៃ ឡាវ វៀតណាម គឺ​មាន​ភាព​លំបាក​ដោយ​សារ​តែ​ទីផ្សារ​ភាពយន្ត​នៅ​បណ្តា​ប្រទេស​ទាំង​នោះ​មាន​ភាព​រីក​ចម្រើន​លឿន។

លោក​ថ្លែង​ថា៖ «ចំពោះ​ខ្ញុំ​ការ​យក​ទៅ​បញ្ចាំង​គឺ​មាន​ការ​លំបាក លំបាក​អី? គឺ​ដោយ​សារ​មាន​ការ​ចំណាយ​ច្រើន​ ហើយ​ចំណូល​យើង​ក៏​មិន​សូវ​ជា​បាន​ច្រើន​ទេ ដោយ​សារ​រឿង​ជា​លក្ខណៈ​ប្រពៃណី​ទំនៀម​ទម្លាប់។...ប៉ុន្តែ​បញ្ហា​ចម្បង​ហ្នឹង​គឺ​ទីផ្សារ​នៅ​ប្រទេស​ថៃ ដូច​ជា​វៀតណាម​គឺ​មាន​ការ​ចង្អៀត​ខ្លាំង​ ព្រោះ​គេ​ត្រូវ​ការ​រឿង​ដែល​គុណភាព​ខ្ពស់​បំផុត។ ដូច្នេះ​ទាំង​សាច់​រឿង តួ​សម្តែង ទាំង​ដឹក ទាំង​ការ​ផលិត​ហ្នឹង​គឺ​ត្រូវ​ការ​គុណភាព​ខ្ពស់ ហើយ​ដោយ​សារ​តែ​ប្រទេស​ជិត​ខាង​យើង​វិស័យ​កុន​គេ​រៀង​ដើរ​ទៅ​មុន​យើង​រៀង​ឆ្ងាយ​ដែរ ហើយ​យើង​ប្រកួត​ប្រជែង​ជា​មួយ​គេ​រៀង​យ៉ាប់»។

លោក​បន្ថែម​ថា​ បើ​ទោះបី​ជា​វិស័យ​ភាពយន្ត​ខ្មែរ​ឥឡូវ​នៅ​មាន​កម្រិត ប៉ុន្តែ​លោក​នៅ​តែ​ខិតខំ​ពង្រឹង​គុណភាព​ភាពយន្ត​ខ្មែរ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ត​ទៀត​ ដើម្បី​ទាក់​ទាញ​ទឹកចិត្ត​អ្នក​ទស្សនា​ និង​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​ទីផ្សារ​ភាគ​ហ៊ុន​ល្បីៗ​ដទៃ​ទៀត។

ទាក់ទង​នឹង​ជម្លោះ​ចោទ​ប្រកាន់​ចម្លង​វប្បធម៌​រវាង​ប្រជាជន​ថៃ និង​កម្ពុជា លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា ប្រាប់​វីអូអេ​ថា ​ទំនៀមទម្លាប់​និង​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​និង​ថៃ​ប្រហាក់​ប្រហែល​គ្នា ហើយ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​មាន​«ជាតិ​និយម​ជ្រុល» ដូច្នេះ​ហើយ​ទើប​បង្ក​នូវ​ភាព​តាន​តឹង​លើ​បញ្ហា​ទាំង​នេះ។

លោក​ប្រាប់​វីអូអេ​ថា៖ «ទស្សនៈ​របស់​ខ្ញុំ​គឺ​ត្រូវ​សិក្សា​ពី​ហេតុ និង​ផល អ៊ីចឹង​ប្រទេស​ទាំង​ពីរ​ហ្នឹង​ឱ្យ​តែ​និយាយ​ពី​រឿង​វប្បធម៌ តែង​តែ​និយាយ​ថា​នេះ​របស់​អញ នោះ​របស់​អញ ខ្មែរ​ក៏​ថា​របស់​អញ ថៃ​ក៏​ថា​របស់​អញ អ៊ីចឹង​ទាំង​ពីរនាក់​តែង​គិត​ថា​របស់​អញ​ដូចគ្នា ដោយ​សារ​ប្រភព​ដែល​កើត​ឡើង​ហ្នឹង​អត់​ច្បាស់​លាស់ កង្វះ​ខ្លួន​ឯង​មិន​សិក្សា​ឱ្យ​ពិត​ប្រាកដ ជា​ពិសេស​ពេល​វេលា និង​កាល​បរិច្ឆេទ»។

បើ​តាម​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​រូប​នេះ ការ​សិក្សា​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​តែង​តែ​មាន​ការ​ពន្លើស​ដែល​បង្ក​ឱ្យ​ស្មារតី​ជាតិ​និយម​ជ្រុល និង​យល់​ថា ​អ្វី​ទាំង​អស់​គឺ​សុទ្ធ​សឹង​តែ​ជា​របស់​ក្នុង​ប្រទេស​ខ្លួន ហើយ​មិន​គួរ​ចែក​រំលែក​ឡើយ។ យ៉ាងណាមិញ​ សាស្ត្រាចារ្យ​ សំបូរ មាណ្ណារ៉ា ក៏​ជំរុញ​ឱ្យ​មាន​ការ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នីមួយៗ​ឱ្យ​បាន​ច្បាស់​លាស់​មុន​នឹង​មាន​ប្រតិកម្ម​លើ​អ្វី​មួយ។

លោក Viroj Suttisima គ្រូ​ឧទ្ទេស​ផ្នែក​សិល្បៈ​ទំនាក់ទំនង​នៃ​សាកល​វិទ្យាល័យ​បាងកក ប្រាប់​វីអូអេ​ថា​ ភាពយន្ត​ផលិត​ដោយ​ផលិតករ​ក្នុង​ប្រទេស​កម្ពុជា​ឬ​ឡាវ កម្រ​មាន​វត្តមាន​ក្នុង​ទីផ្សារ​ថៃ​ណាស់ ហើយ​វា​អាច​បង្ក​ជា​ភាព​ចម្រូងចម្រាស នៅ​ពេល​ភាពយន្ត​ទាំង​នោះ​មាន​លក្ខណៈ​វប្បធម៌​រួម​គ្នា ឬ​ក៏​ពាក់ព័ន្ធ​នឹង​មោទនភាព​ជាតិ ដូច​ជា​រឿង «ម៉ែ​ក្រឡា​ភ្លើង» ជា​ដើម។

លោក​បន្ត​ថា​ ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ឫស​គល់​វប្បធម៌​និង​មូលដ្ឋាន​ស្រដៀង​គ្នា​យូរ​មក​ហើយ ដូច្នេះ​វា​ពិបាក​ក្នុង​ការ​កំណត់​ថា ​តើ​អ្នក​ណា​ជា​ម្ចាស់​ដើម ហើយ​អ្នក​ណា​ជា​អ្នក​ចម្លង។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​ជម្លោះ​ទៅ​ជម្លោះ​មក​ដើម្បី​ក្លាយ​ជា​ម្ចាស់​ដើម​អាច​បង្ក​ជា​ម្លោះ​ដែល​មិន​មាន​ប្រយោជន៍​សម្រាប់​អ្នក​ណា​ឡើយ ហើយ​វា​ជា​ឧបសគ្គ​សម្រាប់​ការ​រីក​ចម្រើន​វប្បធម៌»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG