ព្រះអម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណបក្សសង្គមរាស្ដ្ររាជាធិបតេយ្យមានបន្ទូលថា ព្រះអង្គគ្មានសុទិដ្ឋិនិយមចំពោះការបង្កើតស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យចេញពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទេ។
ព្រះអង្គមានបន្ទូលដូច្នេះក្នុងបទសម្ភាសន៍ជាមួយវីអូអេនាពេលថ្មីៗនេះ ដោយសារថា នេះជាមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជាដែលគេដឹងថាទទួលជ័យជម្នះ រាល់ការបោះឆ្នោតជាច្រើនអាណតិ្តចុងក្រោយនេះ។
ព្រះអម្ចាស់នរោត្តម រណឫទ្ធិ ដែលជាអតីតនាយករដ្ឋមន្ត្រីទី១ដែលត្រូវបណ្តេញចេញពីមុខតំណែងក្នុងអំពើរដ្ឋប្រហារកាលពីខែកក្កដាឆ្នាំ១៩៩៧ និងក្រោយមកក្លាយជាអតីតប្រធានរដ្ឋសភាក្នុងប្រទេសកម្ពុជា បានបន្តថា ព្រះអង្គគាំទ្រការចូលរួមក្នុងសភារបស់គណបក្សង្គ្រោះជាតិ តែព្រះអង្គអះអាងថា គណបក្សជំទាស់នេះមិនបានបញ្ជាក់ច្បាស់ពីជំហររបស់ខ្លួនថា ជាអ្នកប្រឆាំងរបៀបដៃគូ ឬក៏ជាអ្នកប្រឆាំងក្នុងនាមគណបក្សប្រឆាំង។
ព្រះអង្គបានផ្តល់អនុសាសន៍ថា ការចូលរួមដោយមិនទទួលយកមុខតំណែងអ្វីក្នុងសភានោះអាចជាការល្អជាងសម្រាប់គណបក្សសង្គ្រោះជាតិ ដោយសារព្រះអង្គអះអាងថា នៅពេលរដ្ឋាភិបាលមិនដំណើរការទៅមុខនោះមិនមែនជាការទទួលខុសត្រូវចំពោះជាតិរបស់គណបក្សនេះទេ៕
សូមទស្សនាបទសម្ភាសន៍វីអូអេផ្តាច់មុខជាមួយព្រះអម្ចាស់ នរោត្តម រណឫទ្ធិ កាលពីខែកុម្ភៈឆ្នាំ២០១៤៖