គណបក្សសង្គ្រោះជាតិដែលទើបបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងគណបក្សប្រឆាំងចំនួនពីរ គឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនឹងប្រារព្វខួបអ្នកដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍បង្ហូរឈាមកាលពីថ្ងៃទី៥និង៦ខែកក្កដាឆ្នាំ១៩៩៧។
សម្រាប់គណបក្សហ៊្វុន ស៊ីនប៉ិច ដែលរងគ្រោះដោយផ្ទាល់ក្នុងរដ្ឋប្រហារនោះក៏មិនបានបំភ្លេចព្រឹត្តិការណ៍បង្ហូរឈាមនេះដែរ។ ប៉ុន្តែគណបក្សទាំងពីរហាក់បីដូចជាមានជំហរផ្ទុយគ្នាឆ្ងាយសម្រាប់ហេតុការណ៍ដែលបានកើតឡើងនៅពេលនោះ។
គណបក្សសង្គ្រោះជាតិពីរថ្ងៃមុនពេលខួបថ្ងៃទី៥ ទី ៦ ខែកក្កដាមកដល់បានចេញសេចក្តីប្រកាសព័តមានភ្លាមៗមួយ ស្តីពីបុណ្យបង្សុកូលដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតប៉ុន្តែសម្រាប់គណបក្សហ៊្វុន ស៊ីនប៉ិចវិញមិនមានចេញសេចក្តីថ្លែងការណ៍អ្វីទេ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាពិធីបុណ្យរំលឹកខួបនេះមិនមែនសម្រាប់គណបក្សសង្គ្រោះជាតិទេតែដើម្បីដឹងគុណដល់អ្នកដែលបានពលីជីវិត ដោយសារការបាញ់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីគណបក្សប្រជាជនទៅលើជនស្លូតត្រង់។
លោកនិយាយថា៖ «យើងរំលឹកនេះដើម្បីកុំឱ្យហេតុការណ៍នេះកើតឡើងមានម្តងទៀតនៅក្នុងប្រទេសកម្ពុជា»។
កាលពីថ្ងៃទី៥ និង ទី ៦ខែកក្កដាឆ្នាំ១៩៩៧ មានរដ្ឋប្រហារបង្ហូរឈាមមួយកណ្តាលទីក្រុងភ្នំពេញរវាងកងទ័ពដែលស្មោះត្រង់នឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលកាលនោះជានាយករដ្ឋមន្ត្រីទី១និងកងទ័ពរបស់លោកហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រីទី២។
ក្រោយពីបានសាកកម្លាំងប្រដាប់អាវុធចំនួនពីរថ្ងៃ យ៉ាងតិចមានកងទ័ពដែលស្មោះត្រង់នឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ចាប់ពីថ្នាក់ឧត្តមសេនីយ៍រហូតដល់ពលទាហានប្រមាណជាង១០០នាក់បានស្លាប់បាត់បង់ជីវិតនិងបានបាត់ខ្លួន។
លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ីនប៉ិច ដែលធ្លាប់ដឹកនាំកម្លាំងតស៊ូប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា គណបក្សហ៊្វុនស៊ីនប៉ិចមិនដែលបំភ្លេចហេតុការណ៍ដែលបានកើតឡើងទេ។
លោកបញ្ជាក់ថា យើងបានយកថ្ងៃបុណ្យភ្ជុំបិណ្ឌនិងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ជារៀងរាល់ឆ្នាំដើម្បីគោរពរំលឹកខួបកងទ័ពដែលបានពលីជីវិតចាប់តាំងពីឆ្នាំ១៩៨១ រហូតដល់ឆ្នាំ ១៩៩១ និងឆ្នាំ១៩៩៧ ដែលសរុបមានចំនួន៥.០០០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិត។
លោកបានហៅគណបក្សសង្គ្រោះជាតិថាធ្វើពិធីនេះដើម្បីជាការកេងចំណេញនយោបាយ។
លោកនិយាយថា៖ «គេតែងតែផ្សាយថាខ្ញុំហ្នឹងអត់ហ៊ានធ្វើ ថាខ្ញុំហ្នឹងខ្លាច ថាខ្ញុំហ្នឹងបំភ្លេចចោលអ្នកដែលស្លាប់ ៥ ៦ កក្កដា។ នេះគឺជាការលើកឡើងសម្រាប់ជាការកេងចំណេញនយោបាយទេ។ធាតុពិតខ្ញុំមិនមាន ការភ័យខ្លាចក្នុងការធ្វើបុណ្យធ្វើទានថ្ងៃ៥ ៦ កក្កដា អត់មានទេ»។
សម្រាប់គណបក្សប្រជាជនកម្ពុជាបានហៅការប្រារព្ធខួបថ្ងៃទី៥ ទី៦ ខែកក្កដាឆ្នាំ១៩៩៧របស់គណបក្សសង្គ្រោះជាតិថាជាសិទ្ធិរបស់គណបក្សនេះតែប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីមានប្រសាសន៍ថាតាំងពីពេលនោះមកកម្ពុជាបានបញ្ចប់កងសកម្មប្រយុទ្ធរបស់បក្សនិងបានប្រែក្លាយទៅជាកងកម្លាំងរបស់កងយោធពលខេមរភូមិន្ទរបស់ជាតិទាំងមូល។
លោកនិយាយថា៖ «អ្វីដែលយើងបានរៀនសូត្រពីមុនមកគឺយើងចង់បានឱ្យមានឯកភាពកងប្រដាប់អាវុធ សព្វថ្ងៃនេះក្លាយទៅជាកងប្រដាប់អាវុធ គឺយោធាថ្នាក់ជាតិ គឺឯកភាពជាតិនៅកងប្រដាប់អាវុធ។ នេះដែលយើងចង់បាន»។
លោក ផៃ ស៊ីផាន ប្រសាសន៍ថាយើងសោកស្តាយចំពោះការស្លាប់បាត់បង់ជីវិតទាំងសងខាង តែនេះជាមេរៀនមួយសម្រាប់យើងទាំងអស់គ្នា៕