ប្រទេសហ្វីលីពីនបាននិយាយថា ខ្លួននឹងគាំទ្រការអំពាវនាវរបស់សហរដ្ឋអាមេរិកឲ្យមានវិធានការមួយចំនួនក្នុងគោលបំណងកាត់បន្ថយភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូងក្នុងអំឡុងពេលវេទិកាសន្តិសុខក្នុងតំបន់មួយនៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃពុធនេះ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចង់ឱ្យបណ្តាប្រទេសបញ្ឈប់ការសាងសង់ដែនកោះសិប្បនិម្មិតនិងការយកសកម្មភាពយោធា។
ប្រទេសហ្វីលីពីនត្រូវបានរំពឹងថា នឹងលើកឡើងពីបញ្ហានៃសកម្មភាពរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍១០ប្រទេសដែលហៅកាត់ថាអាស៊ាន ASEANក្នុងសប្តាហ៍នេះ។
លោក Albert del Rosario រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ដោយថ្លែងថា ប្រទេសរបស់លោកក៏នឹងគាំទ្រការអំពាវនាវរបស់អាមេរិកក្នុងការបញ្ឈប់ការងារទាំងអស់នៅលើតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះនិងសកម្មភាពយោធាទាំងអស់។
លោក Del Rosario បាននិយាយថា៖ «ជាមធ្យោបាយដើម្បីបន្ធូរបន្ថយការតានតឹងក្នុងតំបន់ ប្រទេសហ្វីលីពីន គាំទ្រទាំងស្រុងហើយនឹងបង្កើនការអំពាវនាវរបស់សហរដ្ឋអាមេរិកឲ្យបញ្ឈប់បញ្ហា៣គឺ បញ្ឈប់ការចាក់ខ្សាច់ទន្ទ្រានដី (reclamation) ការបញ្ឈប់ការសាងសង់ ហើយនឹងបញ្ឈប់សកម្មភាពដ៏គឃ្លើនដែលអាចធ្វើឲ្យមានការតានតឹងកាន់តែខ្លាំងឡើង»។
ទោះជាយ៉ាងណាក៏ដោយ លោក និយាយថា ហ្វីលីពីន គាំទ្រវិធានការទាំងនោះ តែក្នុងករណីដែលប្រទេសភាគីជម្លោះផ្សេងទៀត រួមទាំងប្រទេសចិនផង ធ្វើដូចគ្នា។ហើយ លោក និយាយថា ការណ៍នេះ មិនមែនមានន័យថា ការសាងសង់កោះរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងនោះ ជាការត្រឹមត្រូវតាមច្បាប់ទេ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សហរដ្ឋអាមេរិកបានបង្កើនការព្រួយបារម្ភពីគម្រោងរបស់ប្រទេសចិនក្នុងការប្រែក្លាយថ្មប៉ប្រះទឹកនិងតំបន់ថ្មប៉ប្រះទឹក នៅក្នុងប្រជុំកោះ Spratlys នេះឲ្យទៅជាដែនកោះសិប្បនិម្មិត។
លោក Carl Baker ជានាយកកម្មវិធី«វេទិកាប៉ាស៊ីហ្វិក»នៃវិទ្យាស្ថានសម្រាប់ការសិក្សាពីយុទ្ធសាស្រ្តនិងការសិក្សាអន្តរជាតិ ឬ CSIS ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
«នេះជាគោលជំហររបស់អាមេរិកជិតពីរឆ្នាំមកហើយ ដែលថា ប្រទេសទាំងអស់គួរតែបញ្ឈប់ការអភិវឌ្ឍតំបន់ដែលពួកគេកាន់កាប់។ ប៉ុន្ដែគ្រប់គ្នាដឹងថា វាជាសារតម្រង់នៅប្រទេសចិន»។
ប្រទេសចិនទទូចថា វេទិកាអាស៊ានមិនគួរជាកន្លែងសម្រាប់លើកឡើងអំពីជម្លោះទឹកដីទាំងនេះទេ។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងអស់នៃដែនសមុទ្រចិនខាងត្បូងទាំងមូល ខណៈពេលដែលប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប៊្រុយណេ និង កោះតៃវ៉ាន់ ក៏បានទាមទារតំបន់ត្រួតស៊ីគ្នាខ្លះដែរ។ ប្រទេសហ្វីលីពីនបានប្តឹងទៅតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ ដើម្បីប្តឹងអំពី«ការទាមទារហួសហេតុ» របស់ប្រទេសចិននៅក្នុងសមុទ្រនេះ។ ប្រទេសចិនបានបដិសេធរឿងក្តីនេះហើយមិនបានត្រូវចូលរួមក្នុងរឿងក្តីនេះ។
លោក Baker រំពឹងថា គោលជំហររបស់សហរដ្ឋអាមេរិកនឹងមិនមានការផ្លាស់ប្តូរណាមួយ និងមិនមានការផ្លាស់ប្តូរជំហររបស់ចិនទេដែរ ជាពិសេសនៅពេលដែលចិនបានសាងសង់កោះនោះរួចទៅហើយ។ លោកបានព្យាករណ៍ថា ការប្រឈមមុខដាក់គ្នានឹងរារាំងកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
កាលពីថ្ងៃច័ន្ទនៅក្នុងប្រទេសសិង្ហបុរី លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសចិនបាននិយាយសម្រាលការព្រួយបារម្ភលើការសាងសង់កោះរបស់ក្រុងប៉េកាំង ដែលបានសាងសង់វាលយន្តហោះនិងអគារយ៉ាងឆាប់រហ័សឡើង នៅលើអ្វីដែលធ្លាប់ជាទឹកដុំថ្មនិងថ្មប៉ប្រះទឹករហូតដល់ពេលនេះ ។
«នៅពេលនេះស្ថានភាពទូទៅនៅសមុទ្រចិនខាងត្បូងគឺមានភាពនឹងន និងប្រទេសចិនប្ដេជ្ញាយ៉ាងមោះមុតធ្វើការជាមួយគ្រប់ភាគីក្នុងការរក្សាស្ថានភាពនេះ ដែលមិនមែនជាការងារងាយស្រួលនោះទេ។ ហើយយើងនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយបង្កអស្ថិរភាពនៅសមុទ្រចិនខាងត្បូងនេះទេ»។
លោកវ៉ាងបានស្នើឲ្យមានការដោះស្រាយជម្លោះជាសន្តិវិធីតាមរយៈ «ការពិគ្រោះយោបល់នឹងការចរចា» ដែលបានស្ថិតក្នុងអ្វីដែលលោកបានហៅថា «ការប្តេជ្ញាចិត្តទាំងប្រាំចំណុច» របស់ប្រទេសចិនទាក់ទងនឹងសមុទ្រដែលមានជម្លោះនេះ៕
ប្រែសម្រួលដោយ មាន ឥស្សរាយស