ក្រុមរដ្ឋមន្ត្រីមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ត្រូវគេរំពឹងថា នឹងជំរុញឲ្យមានកិច្ចព្រមព្រៀងសមុទ្រចិនខាងត្បូងនៅក្នុងកិច្ចប្រជុំ។ ក្រុមរដ្ឋមន្ត្រីអាស៊ានការបរទេសរួមទាំងកម្ពុជាផងនឹងប្រកាសពីជំហរចុងក្រោយរបស់គេមួយដើម្បីតាក់តែងរបៀបអនុវត្តសេចក្ដីថ្លែងការណ៍រួមសមុទ្រចិនខាងត្បូងឆ្នាំ២០០២ដែលហៅថា DOC។ ដំណើរការនេះគឺជារឿងមួយអាចឈានទៅដល់ការតាក់តែងសេចក្តីព្រាងក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង COC ដែលគេយល់ថា ចាំបាច់សម្រាប់ស្ថិរភាពនិងសន្តិភាពក្នុងតំបន់។
ក្រុមរដ្ឋមន្ត្រីការបរទេសនឹងជួបប្រជុំគ្នាក្នុងប្រទេសម៉ាឡេស៊ីនៅសប្តាហ៍នេះ ជាទី កន្លែងដែលពួកគេរំពឹងថា នឹងពិភាក្សាអំពីជំហរចុងក្រោយរបស់គេលើបញ្ហា សមុទ្រចិនខាងត្បួង ហើយឈានទៅរកកិច្ចព្រមព្រៀងជាច្រើនទៀតដើម្បីធានាសន្តិភាពក្នុងតំបន់។ បើតាមឯកសារដែល VOA ភាសាខ្មែរទទួលបានមុនពេលកិច្ចប្រជុំ បានបញ្ជាក់ថាក្រុមរដ្ឋមន្ត្រីរំពឹងថានឹងបញ្ជាក់ពីជំហររឹងមាំរបស់ខ្លួនចំពោះសន្តិភាពនិងស្ថិរភាព ក៏ដូចជាសេរីភាពនាវាចរណ៍ ពាណិជ្ជកម្មដែលគ្មានការរំខាន និងការហោះហើរលើតំបន់នេះជាដើម។
ក្រុមរដ្ឋមន្ត្រីក៏បានធ្វើកិច្ចការឆ្ពោះទៅកាន់សេចក្តីថ្លែងការណ៍រួម DOC ដែលអនុញ្ញាតឲ្យមានការពិភាក្សាឈានទៅដល់ការតាក់តែងក្រមប្រតិបត្តិ COC មុនកាលកំណត់ ដែលនេះជាច្បាប់ឬក្រមដែលអាចបង្កើតយន្តការនានាដើម្បីបញ្ចៀសជម្លោះនៅសមុទ្រចិនខាងត្បូងដែលមានពេញដោយអរិភាពនោះ។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយដែលរំពឹងថានឹងអានដោយប្រធានកិច្ចប្រជុំអាស៊ាននៅឯទីបញ្ចប់នៃកិច្ចប្រជុំនៅថ្ងៃទី៦ ខែសីហាគឺរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។
ក្រុមរដ្ឋមន្ត្រីនឹងបង្ហាញឲ្យដឹងពីក្តីបារម្ភជុំវិញបញ្ហាការទន្ទា្រននិងសាងសង់សំណង់លើដែនសមុទ្រក្នុងសមុទ្រចិនខាងត្បូង ហើយពួកគេនឹងបញ្ចុះបញ្ចូលកុំឲ្យមានសកម្មភាពជាឯកតោភាគីឬការប្រើប្រាស់កម្លាំងដែលអាចធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់។
តែបើតាមឯកសារផ្សេងទៀតទាក់ទងនឹងការតាក់តែងសេចក្ដីថ្លែងការណ៍រួម DOC ដែល VOA ទទួលបាននោះ ក្រុមប្រទេសអាស៊ាននិងចិនកំពុងធ្វើការតាក់តែងសេចក្តីថ្លែងការណ៍រួម DOC ប្រកបដោយអត្តន័យច្បាស់លាស់ជាងមុន។ ក្នុងកិច្ចប្រជុំនៅខែកក្កដានិងខែសីហានេះ ក្រុមការងារប្រទេសអាស៊ាននិងចិនបានព្រមព្រៀងគ្នាក្នុងការដោះស្រាយបញ្ហាដែលកើតឡើងនៅសមុទ្រចិនខាងត្បូង ក្នុងស្មារតីអ្នកជិតខាងល្អ ហើយធ្វើទៅតាមច្បាប់ដែនសមុទ្រអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំទាំងនោះក្រុមរដ្ឋមន្ត្រីអាស៊ាននិងចិនបានធ្វើការបង្កើតចំណុច ទាក់ទងសម្រាប់កិច្ចការបន្ទាន់រវាងក្រុមមន្ត្រីជាន់ខ្ពស់ ដែលរំពឹងថាអាចរារាំងមិនឲ្យមានជម្លោះកើនឡើង។ ទោះជាយ៉ាងដូច្នេះក្តី ឯកសារជាសេចក្តីព្រាងបានកត់សម្គាល់ថាមាន«គម្លាតកាន់តែធំឡើង»រវាងការចរចាតាមផ្លូវការទូតនិងស្ថានភាពជាក់ស្តែងនៃកំណើនភាពតានតឹងនៅលើទីតាំងផ្ទាល់។
ភាគីមួយៗបានព្រមព្រៀងត្រូវគោរពនិងអនុវត្តការទប់ចិត្ត (self-restraint) ដើម្បីជៀសវាងជម្លោះនិងជៀសវាងការតាំងទីលំនៅលើកោះដែលសព្វថ្ងៃគ្មានមនុស្សរស់នៅ និងតំបន់ដែលមានការប្រទាញប្រទង់ដទៃទៀត។ ភាគីទាំងពីរក៏កំពុងធានាថាបញ្ហាសមុទ្រចិនខាងត្បូងមិនបង្កបញ្ហាដល់ទំនាក់ទំនងជាទូទៅរវាងអាស៊ានចិនទេ។ ជាមួយគ្នានេះដែរពួកគេធ្វើការចរចាដើម្បីបង្កើតក្រមប្រតិបត្តិ COC ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ខណៈដែលមានការពង្រីកការជឿជាក់និងទំនុកចិត្តទៅវិញទៅមក។
សម្រាប់ប្រទេសចិនៗចង់បានជាចម្បងឲ្យមានការរក្សាទំនាក់ទំនងរឹងមាំជាមួយ អាស៊ាន ហើយនឹងរក្សាកិច្ចសហប្រតិបត្តិការចេញពីសេចក្តីថ្លែងការណ៍រួម DOC ឆ្នាំ២០០២ ដែលបានទទូចឲ្យមានសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហ ប្រតិបត្តិការជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។
ឯកសាររបស់ចិនដែល VOA ទទួលបាន ដែលពាក់ព័ន្ធនឹងការព្រមព្រៀងជាឯកច្ឆន្ទ ហើយពាក់ព័ន្ធនឹងក្រមប្រតិបត្តិ COC នោះ បានបញ្ជាក់ថា៖
«ការអនុវត្តន៍គម្រោងដែលបានយល់ព្រមជាមួយគ្នា វិធានការបណ្តោះអាសន្ន គម្រោងបញ្ចប់កិច្ចព្រមព្រៀងឲ្យបានមុនពេលកំណត់ រួមទាំងការអភិវឌ្ឍរួមគ្នា ក្រោមច្បាប់ក្រមប្រតិបត្តិ គួរតែត្រូវធ្វើតាមមូលដ្ឋានជាឯកច្ឆន្ទក្នុងចំណោមភាគីពាក់ព័ន្ធ ហើយនឹងតាមមូលដ្ឋានស្ម័គ្រចិត្ត ហើយប្រសិនបើយល់ថា មានសារៈសំខាន់ សេវាកម្មនានានៃក្រុមអ្នកជំនាញ និងអ្នកមានឥទ្ធិពលនឹងត្រូវផ្តល់ធនធានជាក់លាក់ស្តីពីគម្រោងពាក់ព័ន្ធ»។
បើតាមឯកសារគម្រោងជាទូទៅសម្រាប់ការតាក់តែងក្រមប្រតិបត្តិដែល VOAខ្មែរទទួលបាន ហើយស្នើដោយប្រទេសថៃនោះ បានបញ្ជាក់ថា គោលបំណងជាចម្បងនៃក្រមប្រតិបត្តិ COC គឺដើម្បីលើកកម្ពស់ការជឿជាក់និងទំនុកចិត្តរារាំង ហើយនឹងដោះស្រាយព្រឹត្តិការណ៍ដែលកើតឡើង ដោយគ្មានការប៉ះពាល់ចំពោះការទាមទារជាកម្មសិទ្ធិ។ ក្រមប្រតិបត្តិគួរតែជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមច្បាប់អន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងរបស់អ.ស.ប.ឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រជាដើម។
សេចក្តីព្រាងគម្រោងនោះបានបញ្ជាក់បន្ថែមថា៖
«ក្រមប្រតិបត្តិ COC មិនមែនមានន័យថាជាឧបករណ៍ក្នុងការដោះស្រាយជម្លោះទេ។ ជំនួសមកវិញថាជាគម្រោងផ្អែកតាមច្បាប់ ដែលមានរបៀបជាបទដ្ឋាន ក្រឹត្យក្រមនិងនីតិវិធីដែលអាចនាំភាគីនានាឲ្យប្រតិបត្តិតាមទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង»។
លោកស្រី Shihoko Goto អ្នកស្រាវជ្រាវកិច្ចការអាស៊ីម្នាក់នៃអង្គការតាក់តែងគោលនយោបាយមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនឈ្មោះ Wilson Center បានថ្លែងថា ការឈានដល់កិច្ចព្រមព្រៀងជាឯកច្ឆន្ទនៃវិធាននានា គឺជារឿងសំខាន់សម្រាប់កិច្ចពិភាក្សាខាងមុខ ជាពិសេសលើបញ្ហានៃការព្យាយាមថ្មីៗរបស់ចិនក្នុងការសាងសង់សំណង់នានានោះ។
«មានការយល់ច្បាស់ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ដែលថា ទិដ្ឋភាពច្បាប់មិនច្បាស់លាស់បច្ចុប្បន្នគឺបានបន្ថែមភាពតានតឹងកាន់តែខ្លាំងឡើង ហើយរឿងនេះចាំបាច់ត្រូវតែដោះស្រាយជាបន្ទាន់។ តែកិច្ចប្រជុំនៅក្រុង Tianjinនៅតែបង្ហាញពីវិធីដ៏លំបាកយ៉ាងណាដែលកើតឡើងក្នុងការសម្រេចបានគោលបំណងរួមនោះ»។
លោកស្រីបានបន្ថែមថា៖
«ជំហានវិជ្ជមានមួយទៅមុខចុងក្រោយក្នុងកិច្ចប្រជុំក្រុង Tianjin គឺការបង្កើតប្រព័ន្ធទំនាក់ទំនងថ្នាក់រដ្ឋមន្ត្រីជាបន្ទាន់ ឬ Hotline ដើម្បីដោះស្រាយបញ្ហាកើតឡើងជាបន្ទាន់ៗ។ ប៉ុន្តែការពិបាកនោះគឺការបង្កើតក្រមប្រតិបត្តិ COC ដែលអាចពង្រីកការបែងចែកកាន់តែធំក្នុងចំណោមប្រទេសពាក់ព័ន្ធទាំងនោះ និងភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង»។
ដំណាលគ្នានេះដែរ សហរដ្ឋអាមេរិកក៏ចង់ឃើញមានការឈានដល់ដំណោះស្រាយដែរ ហើយលោកស្រី Shihoko បានបញ្ជាក់បន្តថា៖
«ដោយយល់ឃើញថា ប្រជាជាតិអាស៊ានជាច្រើនចាប់អារម្មណ៍ចង់ឲ្យមានការឈានដល់ដំណោះស្រាយក្នុងពេលឆាប់ៗដោយផ្តោតលើការកសាងទំនាក់ទំនងល្អ ជាមួយចិននោះ ការចាប់អារម្មណ៍របស់សរអាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជាអន្តរជាតិ ក្នុងការឈានដល់កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ហើយជាផ្នែកនៃការព្យាយាមក្នុងការអនុវត្តន៍តាមបទដ្ឋានអន្តរជាតិ»។
លោកស្រីក៏បានថ្លែងអះអាងបន្តថា បញ្ហាមួយគឺថាតើប្រទេសហ្វីលីពីន ដែលប្តឹង ប្រឆាំងនឹងចិននៅតុលាការអាជ្ញាកណ្តាលអន្តរជាតិក្នុងទីក្រុងឡាអេ អាចនឹងប៉ះពាល់ដល់ការសម្លឹងទៅរកទំនាក់ទំនងទៅអនាគតជាមួយចិនយ៉ាងដូចម្តេច។ ភាគីទាំងពីរ មិនចាំបាច់រាប់បញ្ចូលទៅវិញទៅមកនោះទេ។ ហើយសម្រាប់ប្រទេសកម្ពុជាដែលជា សមាជិកអាស៊ានមួយដែលមានចំណងទាក់ទងជិតដិតជាមួយចិន អាចមានតួនាទីក្នុងកិច្ចប្រជុំនៅពេលខាងមុខ ដែលលោកស្រីបានបន្ថែមថា នោះ គឺជាការសាកល្បងនៃកិច្ចការទូតដ៏ប៉ិនប្រសប់របស់រដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ កាលពីថ្ងៃច័ន្ទថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ចង់បញ្ចប់ជម្លោះសមុទ្រចិនខាងត្បូង។
«ខ្ញុំត្រូវការឲ្យអាស៊ាននិងចិនបន្តការចរចានិងអនុវត្តន៍ត្រឹមត្រូវតាមសេចក្តីថ្លែងការណ៍ភាគីសមុទ្រខាងត្បូង ដែលហៅថា DOC និងដើម្បីឈានឆ្ពោះទៅរកការធ្វើក្រមប្រតិបត្តិ COC ហើយនឹងលើកទឹកចិត្តផងដែរដល់ប្រទេសពាក់ព័ន្ធធ្វើការសន្ទនាគ្នា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មជាថ្មីថា វាជារឿងមិនសមរម្យទេក្នុងការស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាថាលម្អៀងទៅរកចិន ហើយមិនអាចធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០១២ក្នុងប្រទេសកម្ពុជា មិនអាចមានលទ្ធផល ជាពិសេសក្រមប្រតិបត្តិ COC ។ លោកថា ប្រទេសជាច្រើនរាប់ទាំង ភូមា ព្រុយណេ និងម៉ាឡេស៊ីមិនអាចធ្វើឲ្យចេញលទ្ធផលបានដែរ តែមិនរងការត្រូវស្តីបន្ទោសទេ។
លោក Achmad Rizal Purnama ជាលេខាទូតទី១នៃស្ថានទូតឥណ្ឌូណេស៊ីក្នុង រដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា ក្រមប្រតិបត្តិ COC នឹងជួយកសាងទំនុកចិត្តរវាងចិននិងអាស៊ាន តែវាជារឿងដែលគេមើលឃើញថាតើ ក្រមប្រតិបត្តិនេះនឹងដោះស្រាយបញ្ហាជាក់ស្តែងលើផ្ទៃសមុទ្រយ៉ាងណា ទាក់ទងនឹងការធ្វើនាវាចរណ៍ ព្រឹត្តការណ៍យោធាដ៏សំខាន់ៗ ហើយនឹងរឿងរ៉ាវផ្សេងៗទៀត។ លោកថា ក្រមប្រតិបត្តិនេះនឹងត្រូវការពេលវេលាខ្លះក្នុងការតាក់តែង។ តែលោកថា បើនិយាយឲ្យពិតគឺក្រមប្រតិ្តបត្តិនេះនឹងមិនត្រូវគេអនុម័តនៅឆ្នាំនេះទេ»៕