រដ្ឋាភិបាលហ្វីលីពីនបានបញ្ជាឲ្យបណ្តាញទូរទស្សន៍នាំមុខមួយបញ្ឈប់កិច្ចប្រតិបត្តិការ ដែលបាននាំឲ្យមានការចោទប្រកាន់ថា ចំណាត់ការនេះជាការវាយប្រហារលើបណ្តាញព័ត៌មានឯករាជ្យ។
គណៈកម្មការទូរគមនាគមន៍ជាតិបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ជាឲ្យក្រុមហ៊ុនទូរទស្សន៍ ABC-CBN Corp. ដែលជារឿយៗ បានរិះគន់ប្រធានាធិបតី Rodrigo Duterte បញ្ឈប់កិច្ចប្រតិបត្តិការ ពីព្រោះតែអាជ្ញាប័ណ្ណដែលមានអាយុកាល២៥ឆ្នាំនោះ បានផុតកំណត់កាលពីថ្ងៃទី៤ ខែឧសភា។
បទបញ្ជានេះបានកើតមាននៅពេលដែលហ្វីលីពីន ធ្វើការដើម្បីរាំងខ្ទប់ការរាតត្បាតនៃមេរោគកូរ៉ូណា ហើយប្រជាពលរដ្ឋពឹងផ្អែកកាន់តែខ្លាំងឡើងលើអង្គការព័ត៌មានដើម្បីផ្តល់ព័ត៌មានដល់ពួកគេអំពីការរាតត្បាតនៃជំងឺឆ្លងនេះ។
បណ្តាញទូរទស្សន៍នោះបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ពលរដ្ឋហ្វីលី ពីនរាប់លាននាក់នឹងបាត់បង់ប្រភពព័ត៌មាននិងគ្រឿងកំសាន្តរបស់ខ្លួននៅពេលដែល ក្រុមហ៊ុន ABC-CBN ត្រូវបានគេបញ្ជាឲ្យបញ្ឈប់ការផ្សាយទូរទស្សន៍និងវិទ្យុនៅពេលយប់នៅពេលដែលពលរដ្ឋ ត្រូវការព័ត៌មានសំខាន់និងទាន់សភាពការនៅពេលដែលប្រទេសជាតិដោះស្រាយការរាតត្បាតនៃជំងឺកូវីដ១៩នោះ»។
ពួកសមាជិកសភានិងអង្គការឃ្លាំមើលបណ្តាញព័ត៌មានក៏បានប្រកាសប្រឆាំងនឹងបទបញ្ជានេះដែរ ដែលមហាក្រុមហ៊ុនបណ្តាញព័ត៌មានបាននិយាយថា ខ្លួនមានរយៈពេល១០ថ្ងៃដើម្បីធ្វើការឆ្លើយតប។
តំបន់មួយចំនួនក្នុងប្រទេសហ្វីលីពីនបានត្រូវដាក់ក្នុងស្ថានភាពអាសន្នដើម្បីរារាំងការរាតត្បាតនៃជំងឺកូវីដ១៩។ កាលពីខែមុន ប្រធានាធិបតី Duterte បានព្រមានពលរដ្ឋក្នុងអំឡុងនៃសន្ទកថាផ្សាយតាមទូរទស្សន៍ថា ប៉ូលិសនឹងបាញ់សម្លាប់ពួកគេ ប្រសិនបើ ពួកគេបំពានបទបញ្ជាដាក់ប្រទេសក្នុងស្ថានភាពអាសន្ននេះ។
ក្រុមអ្នកឃ្លាំមើលបណ្តាញព័ត៌មាន បានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតី Duterte ពីការបំបិទមាត់បណ្តាញព័ត៌មានឯករាជ្យដែលបានធ្វើសេចក្តីរាយការណ៍មិនគាំទ្រចំណាត់ការនិងគោលនយោបាយរបស់ប្រធានាធិបតី Duterte រួមមានយុទ្ធនាការប្រឆាំងថ្នាំញៀនដ៏ប្រល័យរបស់លោកដែលបាននាំឲ្យស្លាប់មនុស្សដោយគ្មានភស្តតាងត្រឹមត្រូវ៕