ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ថា​សេរីភាព​សារព័ត៌​មាន​កម្ពុជា​កាន់​តែ​អាក្រក់


រូបភាព​នេះ​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ១៤៣​ក្នុង​ចំណោម​១៨០ប្រទេស​ នៅ​ក្នុង​សន្ទស្សន៍​ស្ដី​ពី​សេរីភាព​សារព័ត៌មាន​លើ​ពិភពលោក​ឆ្នាំ​២០១៩ របស់​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Borders)។ (គេហទ័ព័រ/អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន)
រូបភាព​នេះ​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ១៤៣​ក្នុង​ចំណោម​១៨០ប្រទេស​ នៅ​ក្នុង​សន្ទស្សន៍​ស្ដី​ពី​សេរីភាព​សារព័ត៌មាន​លើ​ពិភពលោក​ឆ្នាំ​២០១៩ របស់​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Borders)។ (គេហទ័ព័រ/អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន)

មន្ត្រី​ជាន់ខ្ពស់​​រដ្ឋាភិបាល​បាន​ច្រាន​ចោល​​ថា​ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ ចំពោះ​​របាយការណ៍​ថ្មី​នេះ​ដែល​អះអាង​ថា សេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​​ឆ្នាំ២០១៨​កាន់​តែ​អាក្រក់​ ដោយ​សារ​គណបក្ស​កាន់​អំណាច​ព្យាយាម​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​ខ្លួន។

សន្ទស្សន៍​ស្ដី​ពី​សេរីភាព​សារព័ត៌មាន​លើ​ពិភពលោក​ឆ្នាំ​២០១៩ របស់​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Borders)​ ​បង្ហាញ​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ ​អាក្រក់​ជាង​ឆ្នាំ​២០១៧​មួយ​កម្រិត​ ​ដោយ​សារ​គណបក្ស​កាន់​អំណាច​ព្យាយាម​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​ខ្លួន​ ​ស្រប​ពេលប្រទេស​ចិន​កំពុង​បង្កើន​ឥទ្ធិ​ពល​លើ​ប្រទេស​នេះ។

បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៩​ (Press Freedom Index 2019) ដែល​អង្គការ​អ្នកសារ​ព័ត៌មាន​គ្មាន​ព្រំ​ដែន​ បានវាយ​តម្លៃសេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​ចំនួន​១៨០លើ​ពិភពលោក​ បង្ហាញ​ថា​ ការ​ថ្លែង​របស់​មេដឹកនាំ​នយោ​បាយ​ក្នុង​ប្រទេស​ជាច្រើន​ប្រឆាំង​ទៅ​នឹង​អ្នកសារ​ព័ត៌មាន​បាន​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​កាន់តែ​ធ្ងន់ធ្ងរ​ ​និង​ញឹកញាប់​ ​ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ភ័យខ្លាច​ ​និង​គ្រោះថ្នាក់​ដល់​អ្នក​កាសែត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

សម្រាប់​កម្ពុជា​ ​របាយការណ៍​របស់​អង្គការ​អ្នកសារ​ព័ត៌មាន​គ្មាន​ព្រំ​ដែន​ ​ចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ​បង្ហាញ​ថា ​ស្ថិត​ក្រោម​ការ​កើន​ឡើង​នូវ​ឥទ្ធិពល​របស់​ប្រទេស​ចិន​ ​ការ​រិត​ត្បិត​សេរី​ភាព​សារព័ត៌មាន​ត្រូវ​បាន​ពង្រីកនៅ​កម្ពុជា ​និង​ត្រូវ​ធ្លាក់​ចុះ​ចំណាត់​ថ្នាក់​កាន់​តែ​អាក្រក់​ ​ដោយ​ស្ថិត​ក្នុង​លេខ​១៤៣​ ​នៅ​ឆ្នាំ​២០១៨។

​របាយការណ៍​នោះ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖​

​«ដោយ​បារម្ភ​អំពី​លទ្ធភាព​នៃ​ការ​ចាញ់ការ​បោះ​ឆ្នោតខែ​កក្កដា​ ឆ្នាំ​២០១៨ បន្ទាប់​ពី​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ចាប់ផ្តើម​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ស្ថានីយ​វិទ្យុ​ចំនួន​៣០​ ត្រូវ​បាន​បិទ​ និង​កាសែត​ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ជា​កាសែត​ជា​ភាសា​អង់គ្លេស​ ​បាន​ជួយ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ផុយ​ស្រួយ​នៅ​កម្ពុជា ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ទ្វារ។ សារព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​ ​គឺ​កាសែត​ភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) ​ត្រូវ​បាន​ទិញ​ដោយ​ពាណិជ្ជករ​ជនជាតិ​ម៉ាឡេស៊ី​ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១៨»។

រូបភាព​ឯកសារ៖ ម្ចាស់​ថ្មី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ លោក​ Siva Kuma Ganapathy ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ជា​លើកដំបូង​ នៅ​ថ្ងៃទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៨ ​ ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុន ណារិន/VOA)
រូបភាព​ឯកសារ៖ ម្ចាស់​ថ្មី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ លោក​ Siva Kuma Ganapathy ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ជា​លើកដំបូង​ នៅ​ថ្ងៃទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៨ ​ ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុន ណារិន/VOA)

របាយការណ៍​ដដែល​បន្ថែម​ថា ​លទ្ធផល​នៃ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​តែ​ព័ត៌មាន​ដែល​ផ្សាយ​ពី​សកម្មភាព​ល្អៗ​របស់​រដ្ឋាភិបាល​ ​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​រណប​នឹង​រដ្ឋាភិបាលរបស់​លោក ​ហ៊ុន សែន​ ប៉ុណ្ណោះ។

របាយការណ៍​នោះ​បញ្ជាក់​ថា៖​

«អ្នក​សារ​ព័ត៌មាន​ដែល​នៅ​តែ​ហ៊ាន​ធ្វើ​ព័ត៌មាន​ស៊ើបអង្កេត​លើ​ប្រធានបទផ្សេងៗ​ដែល​របប​នេះ​មិន​ចូល​ចិត្ត​ ​ដូច​ជា​ពេស្យាចារ​លើ​អនីតិជន​ ត្រូវ​ចាប់​ដាក់​ពន្ធនាគារ»។

លោក​ មាស សុភ័ណ្ឌ​ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ ​បាន​ច្រាន​ចោល​ការ​លើកឡើង​របស់​របាយការណ៍​អង្គការ​អ្នកសារ​ព័ត៌មាន​គ្មាន​ព្រំ​ដែន​នោះ​ ដោយ​លោក​ថា​ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា។​ លោក​ប្រាប់ VOA ថា​ ​កម្ពុជា​តែង​អនុវត្ត​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​តាម​បែបប្រជាធិបតេយ្យ​ ​ដោយ​មាន​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ​មាន​ជំនួប​រវាង​អ្នកសារ​ព័ត៌មាន​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ ​ព្រមទាំង​មាន​ការ​កើន​ឡើង​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន។

លោក​បញ្ជាក់​ថា៖​

«កម្ពុជា​គឺ​ជា​ប្រទេស​ដែល​ប្រកាន់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ ​ជា​ការ​គោរព​នូវ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ ជា​ការ​គោរព​នូវ​សិទ្ធិ​សេរីភាពបញ្ចេញ​មតិ ​ដែល​ផ្ទុយ​ពី​លើក​ឡើង​អំពី​ស្ថាប័ន​មួយ​ចំនួន​ដែល​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ពិត​ប្រាកដ​របស់​កម្ពុជា»។

​លោក​ ​មាស សុភ័ណ្ឌ​ បន្ថែម​ថា​ ​ស្ថាប័ន​ព័ត៌មាន​ដែល​ត្រូវ​បាន​បិទ​ទ្វារ​កន្លង​មក​ ​គឺ​កើត​ឡើង​ដោយ​សារ​ពួកគេ​មិន​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។

ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រួម​មាន​កាសែត​ឌឹ ខេមបូឌា​ ​ដេលី​ ​និង​វិទ្យុ​អាស៊ីសេរី​ ​ត្រូវ​បង្ខំ​ចិត្ត​បិទទ្វារ លែង​ដំណើរការ​នៅ​កម្ពុជា ចំណែក​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ជាច្រើន​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ឈប់​ឲ្យ​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​ជា​ភាសា​ខ្មែរ​របស់​វិទ្យុ​ VOA​ អាស៊ីសេរី​ និង​ VOD។

រូបភាព​ឯកសារ៖ ស្ត្រីម្នាក់ទិញ​កាសែត​ The Cambodia Daily ដែល​បោះពុម្ព​ផ្សាយ​លេខ​ចុងក្រោយ​ នៅ​តូប​លក់​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃទី៤​ ខែ​កញ្ញា​ ឆ្នាំ២០១៧។​ (Reuters / Samrang Pring)
រូបភាព​ឯកសារ៖ ស្ត្រីម្នាក់ទិញ​កាសែត​ The Cambodia Daily ដែល​បោះពុម្ព​ផ្សាយ​លេខ​ចុងក្រោយ​ នៅ​តូប​លក់​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃទី៤​ ខែ​កញ្ញា​ ឆ្នាំ២០១៧។​ (Reuters / Samrang Pring)

​លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​បាន​សរសេរ​សារ​អេឡិចត្រូនិកមួយ​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​បិទ​ទ្វា​របស់​សារព័ត៌មាន​មួយ​ចំនួន​កាល​ពី​ឆ្នាំ​២០១៧​ គឺ​ដោយ​សារ​តែ​អង្គភាព​ទាំង​នោះ​មិន​គោរព​តាម​ច្បាប់​របស់​កម្ពុជា។​ អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​ បន្ថែម​ថា បញ្ហា​កាសែត​ ឌឹ ខេមបូឌា ដេលី​ និង​វិទ្យុ​អាស៊ី​សេរី គឺ​បិទ​ទ្វារដោយ​ខ្លួនឯង​ដើម្បី​គេចវេស​មិន​បង់​ពន្ធ​ជូន​រដ្ឋ និង​ថា ​វិទ្យុ​ក្នុង​ស្រុក​ចំនួន​៣០​ស្ថានីយផ្សេង​ទៀត ​ត្រូវបានបិទ​ដោយ​ក្រសួង​ព័ត៌មាន​ ​ដោយសារ​វិទ្យុ​ទាំង​នោះ​មិន​គោរព​កិច្ច​សន្យា​ជាមួយ​ក្រសួង។

លោក​ សុខ ឥសាន​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

​«ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បាន​រីក​ចម្រើន​ និង​ដុះដាល​ច្រើន​ដូច​ផ្សិត។​ ក្នុង​ការ​ផ្សាយ​មាន​សិទ្ធិ​ផ្សាយ​ដោយ​សេរី​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ខ្លឹមសារ​ផ្សាយ​ជា​មុន​ដូច​នៅ​ប្រទេស​មួយ​ចំនួន​ទ្បើយ»។

​យ៉ាងណា​ក៏​ដោយ​ ​លោក​ ណុប វី​ នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ (CCIM) ​លើក​ឡើង​ថា​ របាយការណ៍​របស់​អង្គការ​អ្នកសារ​ព័ត៌មាន​គ្មាន​ព្រំ​ដែន​ ​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ និង​ថា​កំពុង​បន្ត​ធ្លាក់​ចុះ​ពិត​មែន។​ លោក​បន្ត​ថា​ រដ្ឋាភិបាល​គួរ​តែ​ចាត់​ទុក​សារព័ត៌មាន​គ្រប់​ប្រភេទ​ ជាដៃ​គូ​ដើម្បី​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ក្នុង​ការអភិវឌ្ឍ​សង្គម។

លោក​បញ្ជាក់​ថា៖​

«គួរ​តែ​មាន​ការ​បើក​លំហ​ឲ្យ​បានទូលំ​ទូលាយ​ច្រើន​ជាង​មុន​ ចំពោះ​សេចក្តី​សម្រេច​ចិត្ត ឬ​មួយ​ក៏​កិច្ច​សហ​ប្រតិបត្តិ​ការ​របស់​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ជាមួយ​នឹង​ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ស្ថាប័ន​ផលិត​កម្មវិធី​ ​ឬ​ក៏​ព័ត៌មាន​ឯករាជ្យ​ផ្សេងៗ​ ​ដើម្បី​ឲ្យប្រជាពលរដ្ឋ​ហ្នឹង​គាត់​អាច​ទទួល​បាន​ព័ត៌មាន​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ឬ​មួយ​ក៏​ព័ត៌មាន​ពី​គ្រប់​និន្នាការ​នយោបាយ​នៅ​ក្នុង​សង្គមយើង។​ ធ្វើ​ដូច្នេះ​នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​មាន​ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ»។

​យ៉ាង​ហោច​ណាស់​មាន​អ្នកសារ​ព័ត៌មាន​ចំនួន​១៤​នាក់​ ​ត្រូវ​បាន​សម្លាប់​នៅ​កម្ពុជា​ ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក​ ​ដោយសារ​តែ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ពួកគេ។​ ​នេះ​បើ​យោង​តាម​អង្គការ​អ្នក​សារព័ត៌មានគ្មាន​ព្រំដែន។

បច្ចុប្បន្ន​ ​មាន​អ្នកបកប្រែ​ភាពយន្ត​ឯកសារ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​បរទេស​មួយ​រូប​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ​ដោយ​រង់ចាំ​ការ​កាត់​ទោស​ ​និង​អតីត​អ្នក​កាសែត​២​នាក់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ ​ព្រម​ទាំង២​នាក់​ទៀត​ ​ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​ ​ដោយសារ​តែ​ការ​ចោទប្រកាន់​ពី​អាជ្ញាធរ។

​កាសែត​ ឌឹ ខេមបូឌា ដេលី ​បាន​បង្ខំ​ចិត្ត​បិទទ្វារ​ លែង​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៤​ខែ​កញ្ញា ឆ្នាំ២០១៧ ដោយសារ​តែ​រង​សម្ពាធ​ពី​រដ្ឋាភិបាល​ឲ្យ​បង់​ពន្ធ​៦.៣​លាន​ដុល្លារ៕

XS
SM
MD
LG