សភាគ្រប់គ្រងដោយពួកយោធានៃប្រទេសថៃបានបោះឆ្នោតជ្រើសរើសលោកឧត្ដមសេនីយ៍ Prayuth Chan-Ocha ឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ក្នុងពេលជិតបីខែក្រោយពីលោកបានក្តាប់អំណាចក្នុងរដ្ឋប្រហារដោយគ្មានការបង្ហូរឈាមមួយ។
ការបោះឆ្នោតដោយឯកច្ឆន្ទនៅថ្ងៃព្រហស្បតិ៍នេះដោយជ្រើសរើសអគ្គមេបញ្ជាការអាយុ៦០ឆ្នាំរូបនេះនៃកងទ័ពថៃឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ដែលជាការចៀសមិនរួចពីព្រោះលោកជាបេក្ខជនតែម្នាក់គត់សម្រាប់តំណែងនេះ។ លោក Prayuth បានដឹកនាំក្រុមប្រឹក្សាយោធាចាប់តាំងពីលោកបានបង្ខំរដ្ឋាភិបាលលោកស្រី Yingluck Shinawatra ឱ្យចុះចេញពីតំណែង។
លោក Prayuth នឹងចុះចេញពីតំណែងជាអគ្គមេបញ្ជាការកងទ័ពថៃនៅខែក្រោយនេះ។ លោកគ្រោងកាន់អំណាចរហូតដល់មានការបោះឆ្នោតជាថ្មីនៅចុងឆ្នាំ២០១៥៕