ការជាប់គាំងនយោបាយកម្ពុជាបានអូសបន្លាយជិតដល់មួយឆ្នាំធ្វើឱ្យសភាជាតិកម្ពុជាមានតែមួយបក្ស ដោយសារតែគណបក្សដែលឈ្នះឆ្នោតទាំងពីរបានជ្រុំជើងនៅមួយកន្លែងលើការខ្វែងគំនិតគ្នាលើនីតិវិធីក្នុងការជ្រើសរើសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិស្នើឱ្យប្រើប្រាស់រូបមន្តពីរភាគបី រីឯគណបក្សប្រជាជនកម្ពុជារក្សាជំហរបោះឆ្នោតជ្រើសរើសដោយសំឡេង៥០ភាគរយបូកនឹងមួយ។
យ៉ាងណាក៏ដោយ លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមើលឃើញថាការទាមទារនេះនៅ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។
លោកបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទកន្លងមកថា៖ «រូបមន្តនេះមិនធ្វើឱ្យស្ថាប័នមួយនេះ ក្លាយទៅជាស្ថាប័នឯករាជ្យទេគឺគ្រាន់តែឱ្យស្ថាប័ននេះមានបក្សពីរនៅក្នុងហ្នឹង»។
ប៉ុន្តែលោកអ៊ូ វីរៈយល់ថារូបមន្ត ពីរភាគបីផ្តល់ផលប្រយោជន៍ច្រើនដល់គណបក្សដែលមានសំឡេងក្នុងសភាជាពិសេសគណបក្សមិនកាន់អំណាច។
លោកបានបន្ថែមថា៖«ទោះបីមិនឯករាជ្យវាមានភាពវិជ្ជមានរឿងមួយគឺថាគណបក្សប្រជាជនមិនអាចធ្វើអ្វីដោយលាក់បានទេគឺដោយសារមានសមាជិកគណបក្សសង្គ្រោះជាតិនៅក្នុងហ្នុងបួននាក់អញ្ចឹងការព្យាយាមធ្វើដោយសម្ងាត់ឬព្យាយាមលាក់ពីសាធារណជនឬពីគណបក្សសង្គ្រោះជាតិគឺពិបាកបន្តិចលើកលែងតែមានការទិញសមាជិកគណបក្សសង្គ្រោះជាតិដែលនេះជាការព្រួយបារម្ភមួយ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលរងការរិះគន់យ៉ាងខ្លាំងនៅក្រោយពីការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៦៨ រីឯគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។ ប៉ុន្តែលទ្ធផលនេះត្រូវបានគណបក្សប្រឆាំងប្រកែកមិនទទួលស្គាល់ដោយចោទថាមានភាពមិនប្រក្រតី យ៉ាងធ្ងន់ធ្ងរ។
លោកអ៊ូ វីរៈ មើលឃើញពីភាពចាំបាច់ក្នុងការធានាឱ្យមន្ត្រីដែលចូលមកបម្រើការក្នុងស្ថាប័នបោះឆ្នោតត្រូវមានសុចរិតភាពនិងការធានាដល់សន្តិសុខការងារនិងសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេដោយមិនឱ្យមានឥទ្ធិពលគណបក្សជ្រៀតជ្រែកចូលបាន។
លោកអ៊ូ វីរៈបានផ្តល់នូវជម្រើសដោយការបញ្ជូលគ្នានូវរូបមន្តដែលគណបក្សទាំងពីរបានលើកឡើងនោះគឺទុកឱកាសឱ្យគណបក្សឈ្នះឆ្នោតទាំងពីរស្វែងរកការគាំទ្រដោយសំឡេងពីរភាគបីដល់សមាជិកដែលគណបក្សទាំងពីរបានដាក់មកចំនួនពីរឬបីដងហើយបើនៅតែមិនអាចស្វែងរកការគាំទ្របានទៀតគឺត្រូវទុកលទ្ធភាពឱ្យគណបក្សឈ្នះឆ្នោតស្វែងរកសំឡេងគាំទ្រដោយសំឡេង៥០ភាគរយបូកនឹងមួយ។
លោកបានបន្ថែមថា៖
«ក៏ប៉ុន្តែគណបក្សកាន់អំណាចក៏គាត់ខាតដែរដល់ពេលហ្នឹងគឺគាត់ខាតហើយដោយសារគ.ជ.បថ្មីដែលគាត់អនុម័ត្តបានដោយសំឡេងមិនពីរភាគបីនោះគឺជាគ.ជ.បមួយដែលមិនមានការទុកចិត្តទាំងស្រុងទេ។ អញ្ចឹងគណបក្សកាន់អំណាចក៏គាត់មិនចង់អញ្ចឹងហើយដល់ពេលហ្នឹងគណបក្សប្រឆាំងក៏ គាត់ប្រហែលជាចង់អញ្ចឹងដែរព្រោះអ្វីខ្លួនមិនមានលទ្ធភាពក្នុងការដាក់សមាសភាពកណ្តាលមួយ»។
លោកបានបញ្ជាក់ថាគន្លឹះដ៏សំខាន់នោះគឺការធានាថាបេក្ខជនដែលគណបក្សនយោបាយស្នើឡើងមិនមែនជាសមាជិកគណបក្សនយោបាយហើយនឹងមិនទទួលផលប្រយោជន៍ពីគណបក្សនយោបាយនៅក្រោយពីការចប់អណត្តិ។
លោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាលោកនឹងមិនដកថយសូម្បីបន្តិចទេក្នុងការទាមទារឱ្យបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយសំឡេងពីរភាគបីនៅក្នុងសភាជាតិ។
លោកបានផ្តល់ការពន្យល់ពីការទាមទារថា៖ «ពីព្រោះយើងអត់ចង់ឱ្យគ.ជ.បធ្លាក់ទៅក្នុងកណ្តាប់ដៃបក្សតែមួយ។ ការអនុម័ត៥០ភាគរយបូកមួយគឺគជបស្ថិតក្នុងកណ្តាប់ដៃគណបក្សប្រជាជនកម្ពុជាអញ្ចឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងត្រូវចប់ហើយពីព្រោះវានឹងឈានទៅរកអំណាចផ្តាច់ការទៀតហើយ»។
លោកអ៊ូ វីរៈមើលឃើញថាការពិភាក្សាគ្នាពីការបង្កើតគ.ជ.បនេះមិនអាចដាច់ដោយឡែកពីការចរចាពីបញ្ហាផ្សេងទេក្នុងនោះគឺការដូរបទបញ្ជាផ្ទៃក្នុងសភាដែលធានាតួរនាទីគណបក្សប្រឆាំងធំជាងមុននិងបណ្តាញព័ត៌មានជាជាងទូរទស្សន៍សម្រាប់គណបក្សហើយចំណុចចុងក្រោយគឺ ការប្រឹងប្រែងរុញ ឱ្យតុលាការឯករាជ្យផងដែរ៕