រហូតដល់ថ្ងៃទី២៨ខែកក្កដា វិបត្តិនយោបាយនៅកម្ពុជាក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្របានឈានដល់គម្រប់មួយឆ្នាំគត់។ ប្រសិនបើមួយឆ្នាំនេះគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលជាគណបក្សជាប់ឆ្នោតតែពីរគត់រកច្រកទម្លុះវិបត្តិនេះមិនចេញនោះទេ គឺមានន័យថាវិបត្តិនយោបាយលើកនេះជាវិបត្តិដែលអូសបន្លាយយ៉ាងយូរបំផុតមួយបន្ទាប់ពីវិបត្តិជាប់គាំងនយោបាយរយៈពេលជិតមួយឆ្នាំកាលពីឆ្នាំ២០០៣។
ក៏ប៉ុន្តែអ្វីដែលនាំឲ្យជាប់គាំងនៅក្នុងពេលនេះគឺការខ្វែងគំនិតគ្នាលើការអនុម័តបង្កើតសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
ចំណុចនេះគឺជាការប្រទាញប្រទង់គ្នាយ៉ាងតឹងតែងបំផុត។
គណបក្សសង្គ្រោះជាតិបានស្នើឲ្យដាក់គ.ជ.ប ជាស្ថាប័នធម្មនុញ្ញឬមានន័យថាត្រូវចែងក្នុងរដ្ឋធម្មនុញ្ញហើយការជ្រើសតាំងសមាសភាពនៃគ.ជ.ប ត្រូវមានការយល់ព្រមពីសមាជិកសភាចំនួន២ភាគ៣។
គណបក្សប្រជាជនកម្ពុជាបានយល់ស្របឲ្យដាក់ស្ថាប័នរៀបចំការបោះឆ្នោតនេះទៅជាស្ថាប័នធម្មនុញ្ញ ប៉ុន្តែមិនយល់ព្រមឲ្យមានការបោះឆ្នោតជ្រើសតាំងសមាសភាពនៃស្ថាប័ននេះដោយសំឡេង២ភាគ៣នៃសមាជិកសភាទេគឺគណបក្សកាន់អំណាចទាមទារឲ្យការបោះឆ្នោតជ្រើសតាំងសមាសភាព គ.ជ.ប នេះដោយសំឡេង៥០បូក១នៃសមាជិកសភាសរុប។
ការខ្វែងគំនិតនេះបានធ្វើឲ្យគណបក្សជាប់ឆ្នោតទាំងពីរមិនអាចរកច្រកចរចាគ្នាទៅមុខទៀតបាន។
ហើយទុកឲ្យស្ថានការណ៍ជាប់គាំងរឹងស្តូកដោយគ្រាន់តែងាកមកគិតឡើងវិញរៀងៗខ្លួនដោយមិនទាន់កំណត់ពេលណាមួយចរចាគ្នាឡើងវិញឡើយ។
លោក ជាម យៀប តំណាងរាស្ដ្រនិងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាពន្យល់ថាគណបក្សរបស់លោកព្រួយបារម្ភថាការបោះឆ្នោតដោយសំឡេង២ភាគ៣នៅក្នុងរដ្ឋសភានេះអាចនាំឲ្យជាប់គាំងនយោបាយដូចរយៈពេលកន្លងមក។
«គាត់នៅតែលើកឡើង២ភាគ៣ៗ។ ២ភាគ៣នេះដែលធ្វើឲ្យយើងគាំងនយោបាយនៅក្នុងអណត្តិទី២និងទី៣។ត្រង់នេះហើយដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាពិនិត្យមើលសារឡើងវិញ»។
ប៉ុន្តែគេដឹងថាការបោះឆ្នោតជ្រើសតាំងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលកន្លងមកសំឡេងសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាលើសលប់ហើយសមាសភាពនោះស្នើមួយផ្នែកដោយរដ្ឋាភិបាលឬគណបក្សកាន់អំណាច។
លោកសុន ឆ័យ សមាជិកសភាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិនិងជាប្រធានក្រុមការងារក្នុងការចរចាជាមួយគណបក្សប្រជាជនកម្ពុជាពន្យល់ថាការទាមទាររបស់គណបក្សជំទាស់គឺដើម្បីទាមទារឲ្យស្ថាប័នគ.ជ.ប ទទួលបានឯករាជ្យភាពពេញលេញដោយមានការចូលរួមអនុម័តដោយសមាជិកសភាជំទាស់។
«ក្នុងស្ថានភាពស្រុកខ្មែរគណបក្សសង្គ្រោះជាតិបានលើកឡើងថាត្រូវតែមានការអនុម័ត២ភាគ៣ដោយរដ្ឋសភា។ នេះគឺជាយោងទៅតាមស្ថានភាពដែលពាក់ព័ន្ធនឹងស្ថាប័នជាតិមួយចំនួនមិនឯករាជ្យដែលយើងមិនអាចរំពឹងបានដូច្នេះបានជាយើងទាមទារបែបនេះ»។
ប្រទេសកម្ពុជាបានធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីខែកក្កដា ឆ្នាំ២០១៣ដែលបន្សល់ទុកដោយភាពចម្រូងចម្រាស់ជាច្រើនដោយសារតែគណបក្សសង្គ្រោះជាតិដែលជាគណបក្សឈ្នះឆ្នោតលំដាប់ទី២បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត។
បន្ទាប់ពីនោះគណបក្សនេះ បានដឹកនាំបាតុកម្មទ្រង់ទ្រាយធំនិងអូសបន្លាយជាច្រើនថ្ងៃ។
ក្រោយមកក៏មានការបង្រ្កាបដោយកម្លាំងអាជ្ញាធរ។ មានមនុស្សយ៉ាងតិច៧នាក់បានស្លាប់ក្នុងការបាញ់បង្រ្កាបក្នុងបរិបថនៃការតវ៉ាក្រោយពីការបោះឆ្នោតនោះ។
ព្រឹត្តិការណ៍ហិង្សា ការបង្រ្កាប ការតវ៉ាក្រោយពីការបោះឆ្នោតនេះហាក់បានក្លាយទៅជាបញ្ហាសាមញ្ញមួយដែលគ្មានអ្វីគួរភ្ញាក់ផ្អើលសម្រាប់ប្រទេសកម្ពុជាទេពីព្រោះចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣មក គឺ២១ឆ្នាំហើយវិបត្តិក្រោយការបោះឆ្នោតតែងតែកើតមានឡើងហើយរយៈពេលចុងក្រោយនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺជាគោលដៅដែលគណបក្សជំទាស់និងក្រុមអង្គការសង្គមស៊ីវិលស្តីបន្ទោសថាមិនមានឯករាជ្យភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចរបស់ខ្លួននិងមាននិន្នាការផ្តល់ផលប្រយោជន៍ដល់គណបក្សកាន់អំណាច។
ក្រុមអង្គការសង្គមស៊ីវិលនិងអង្គការអន្តរជាតិរួមទាំងសហគមន៍អឺរ៉ុបនិងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក សូរិយា ប្រាសាទ ស៊ូបេឌី ធ្លាប់បានជំរុញឲ្យមានការចូលពីគណបក្សជំទាស់ក្នុងការអនុម័តសមាសភាពគជបនេះ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា(Comfrel) យល់ថាប្រសិនបើការជ្រើសតាំងសមាសភាពគ.ជ.ប ដោយសំឡេង៥០បូក១ក្នុងរដ្ឋសភាគឺជាការផ្តល់សំឡេងទាំងស្រុងដល់គណបក្សប្រជាជនកម្ពុជាហើយប្រសិនបើធ្វើដូច្នេះនឹងធ្វើឲ្យស្ថាប័ននេះមិនទទួលបានការទុកចិត្តពីគណបក្សប្រកួតប្រជែងនោះទេ។
ការមិនទុកចិត្តដូចនេះនឹងបង្កឲ្យមានវិបត្តិនយោបាយក្រោយពីការបោះឆ្នោតតទៅទៀត។
លោក គល់ បញ្ញា យល់ថា ការជ្រើសរើសយករូបមន្ត២ភាគ៣ដើម្បីជ្រើសតាំងសមាសភាពគ.ជ.ប គួរតែអាចធ្វើទៅរួច។
«បើយើងយករូបមន្ត៥០បូកមួយ មានន័យថាយើងផ្តល់ឱកាសឲ្យតែសមាជិកសភានៃគណបក្សកាន់អំណាច។ដូច្នេះយើងទាត់ចោលគណបក្សផ្សេងៗ។មិនមែនជាការចៃដន្យទេ មុនឆ្នាំ២០០៦យើងអនុម័តច្បាប់នានាសុទ្ធតែធ្វើតាមគោលការណ៍២ភាគ៣។វាអាចមានបញ្ហាតែនៅពេលបង្កើតរដ្ឋាភិបាលតែប៉ុណ្ណោះ។ដោយសារតែរឿងបែងចែកអំណាចតែប៉ុណ្ណោះ។ប៉ុន្តែនេះដើម្បីរៀបចំស្ថាប័នឯករាជ្យមួយ ខ្ញុំគិតថាវាមិនមែនចំណោទនោះទេ»។
ស្ថិតក្នុងជំហរនេះលោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ដ្រជាប់ឆ្នោតនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិអះអាងថាគណបក្សជំទាស់រក្សាជំហរដាច់ខាតក្នុងការទាមទារឲ្យមានការបោះឆ្នោត២ភាគ៣សម្រាប់ជ្រើសរើសសមាសភាពគជប នេះ។
«គឺ២ភាគ៣យើងទាមទារដាច់ខាតពីព្រោះចង់ឲ្យស្ថាប័ននេះឯករាជ្យពិតប្រាកដនិងទទួលស្គាល់ដោយគ្រប់ភាគីបក្សនយោបាយដែលបានចូលរួមការបោះឆ្នោត»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងគ្នាធ្វើការកែទម្រង់ការបោះឆ្នោតដែលទទួលរងការរិះគន់ជាប្រចាំនោះ។
ប៉ុន្តែការចរចាអំពីបញ្ហានេះហាក់ដូចជានៅវែងឆ្ងាយទៀតនៅឡើយ។ កាលពីពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា គណបក្សកាន់អំណាចបានយល់ព្រមផ្តល់ឲ្យគណបក្សជំទាស់នូវសិទ្ធិបង្កើតទូរទស្សន៍ដែលជ្រកក្រោមហ្វ្រេកង់របស់ទូរទស្សន៍ជាតិ។ ការណ៍នេះដែលគេមើលឃើញថាជាចំណុចជឿនលឿននិងទំនងជាអាចឈានទៅរកច្រកចេញពីវិបត្តិនយោបាយបាន។
ប៉ុន្តែគណបក្សជំទាស់បានរក្សាការទាមទារសំខាន់ៗរបស់ខ្លួនជាពិសេសសម្រាប់សិទ្ធិបង្កើតប្រព័ន្ធផ្សព្វផ្សាយ ការបោះឆ្នោតមុនអាណត្តិនិងការរៀបចំឡើងវិញនៅក្នុងរដ្ឋសភាជាដើម។
កាលពីថ្ងៃអង្គារសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដែលមានអង្គការជាសមាជិកចំនួន២០បានស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់និងរដ្ឋធម្មនុញ្ញដែលទាក់ទងទៅនឹងដំណើរការរបស់គ.ជ.ប ទាក់ទងទៅនឹងការធ្វើបញ្ជីឈ្មោះនិងការចុះឈ្មោះអ្នកបោះឆ្នោត ការបង្កើតយន្តការដោះស្រាយវិវាទបោះឆ្នោតរួមទាំងដោះស្រាយចំណោទនៃប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលបោះឆ្នោតជាដើម។
លោកសុរិយា ប្រាសាទ ស៊ូបេឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាយល់ថាដោយសារអតីតកាល វាត្រូវការកែទម្រង់ការបោះឆ្នោតជាចាំបាច់។
លោកបន្ថែមថាការកែទម្រង់គ.ជ.ប និងការកែទម្រង់ច្បាប់បោះឆ្នោតនិងការអនុវត្តនានាគឺជាគន្លឹះដោះស្រាយវិបត្តិនយោបាយដែលអូសបន្លាយមកដល់ពេលនេះ៕