ខ្សែភ្លើងមើលទៅដូចជាសំបុកពីងពាងគ្របដណ្តប់នៅលើផ្នែកជាច្រើននៃតំបន់ Kibera។ ខ្សែខ្លះត្រូវបានគេប្តូរមកប្រើជាខ្សែសម្រាប់ភ្ជាប់បណ្តាញប្រព័ន្ធទូរស័ព្ទទាំងដែលត្រូវបានគេដាក់លើបង្គោលឈើឬបង្គោលដែកឆ្លងកាត់ដំបូលផ្ទះ។
ខ្សែភ្លើងដែលមានចរន្តអគ្គិសនី បង្កឲ្យមានគ្រោះថ្នាក់។ របាយការណ៍អំពីការរងរបួសនិងអគ្គិភ័យត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់។
នាង Effie Akumu អាយុ ២១ ឆ្នាំ ជាអ្នករស់នៅទីនោះបានឃើញមនុស្សពីរនាក់ស្លាប់ដោយសារការឆក់ចរន្តអគ្គិសនីក្នុងខែនេះ។ នាងខ្លួនឯងផ្ទាល់បានរត់គេចតាមច្រកដ៏តូចចង្អៀតផងដែរ។
នាងបាននិយាយថា៖ «ខ្ញុំរស់នៅក្នុងសង្កាត់មួយក្នុងតំបន់នេះដែលខ្ញុំមិនសូវស្គាល់កន្លែងនេះទាល់តែសោះ។ ខ្ញុំមិនមានស្បែកជើងពាក់ទេហើយបាតជើងខ្ញុំទទឹករហូត។ ខ្ញុំឃើញផ្កាមួយទងហើយខ្ញុំចង់ទៅកាច់ផ្កានោះ។ សំណាងខ្ញុំមិនល្អ ខ្ញុំបានដើរជាន់ខ្សែភ្លើងដែលមានចរន្តអគ្គិសនី។ ខ្ញុំរើមិនរួចប្អូនស្រីខ្ញុំបានរត់មកជួយសង្គ្រោះខ្ញុំ។ គាត់ក៏ឆក់ជាប់គាំងជាមួយខ្ញុំដែរ។ យើងចាប់ផ្តើមរើខ្លួនចេញពីចំណុចនោះ។ យើងអាចគេចខ្លួនផុតប៉ុន្តែប៉ុន្មាននាទីដំបូងខួរក្បាលខ្ញុំមិនអាចដំណើរការ ស្វែងយល់ពីអ្វីដែលបានកើតឡើង»។
ដោយសារតែការលួចថាមពលអគ្គិសនី គឺជាអំពើខុសច្បាប់ ជារឿយៗប្រជាពលរដ្ឋនៅទីនោះមិនរាយការណ៍ករណីនេះទៅប៉ូលិសទេ។ ប្រជាពលរដ្ឋដឹងថាមានគ្រោះថ្នាក់ ប៉ុន្តែពួកគេនៅតែប្រព្រឹត្តដដែលជាដដែល។
សំណុំខ្សែភ្លើងដែលមានចរន្តអគ្គិសនីត្រូវបានចងព្យួររលុងៗនៅខាងលើផ្ទះរបស់លោក George Juma ។
«គ្មានផ្លូវទេដែលខ្ញុំអាចមានលទ្ធភាពតនឹងដាក់ខ្សែភ្លើងរត់កាត់មុខមាត់ទ្វារផ្ទះខ្ញុំ អីចឹងហើយបានជាខ្ញុំមិនមានអគ្គសនីប្រើ។ ប៉ុន្ដែខ្ញុំដឹងថា ប្រសិនបើខ្ញុំគ្រាន់តែភ្ជាប់ខ្សែភ្លើងទៅនឹងខ្សែផ្សេងទៀតហើយយកដីមកកប់ខ្សែភ្លើងនោះ ខ្ញុំនឹងមានអគ្គិសនីប្រើប្រាស់ដូចគេដែរ។ ហេតុអ្វីបានជាខ្ញុំមិនអាចតអគ្គិសនីដោយខ្លួនឯង? អ្នកសាកគិតថា ខ្លួនអ្នកក្នុងស្ថានភាពដូចខ្ញុំទៅមើល»។
លោកនិយាយថាការផ្គត់ផ្គង់ថាមពលអគ្គិសនី គឺតិចតួចស្ដួចស្ដើង ប៉ុន្តែលោកមិនអាចមានលទ្ធភាពបង់វិក្កយបត្រអគ្គិសនីបានទេ។
ក្រុមហ៊ុនថាមពលនិងការរៀបចំដាក់អំពូលភ្លើង កំពុងតែអនុវត្តវិធីសាស្រ្តគួរឱ្យចាប់អារម្មណ៍ដើម្បីបន្ថយការលួចថាមពលអគ្គិសនី។
យើងបានជួបលោក Ben Chumo នាយកក្រុមហ៊ុនថាមពលកេនយ៉ា ។
លោកបាននិយាយថា៖ «ដំណោះស្រាយគឺមិនមែនបញ្ឈប់ការតបណ្តាញអគ្គិសនីខុសច្បាប់នោះទេ។ ដំណោះស្រាយគឺត្រូវផ្តល់នូវជម្រើសដែលមានតម្លៃថោកជាងនិងមានសុវត្ថិភាពដល់ប្រជាជនដែលនៅក្នុងតំបន់ Kibera។ ក្រុមហ៊ុនយើងខ្ញុំបានផ្តល់ថាមពលអគ្គិសនីដល់ប្រជាជនប្រើប្រាស់ក្នុងតម្លៃ១០ដុល្លាក្នុងមួយខែ។ មិនមានការលើកទឹកចិត្ត ឬក៏អ្វីផ្សេងទៀតនៅក្នុងតំបន់ Kibera ដើម្បីឲ្យប្រជាជននៅទីនោះលួចថាមពលអគ្គិសនីនោះទេ ពីព្រោះការតភ្ជាប់ដោយខុសច្បាប់ គឺត្រូវចំណាយច្រើនជាងការតភ្ជាប់ដោយស្របច្បាប់ដែលយើងបានផ្តល់អោយពួកគេ។ ដូច្នេះអ្វីដែលយើងកំពុងមើលឃើញនៅក្នុងតំបន់ Kibera គឺជាការធ្លាក់ចុះនៃការតភ្ជាប់ដោយខុសច្បាប់ទាំងនោះ»។
អ្វីដែលលោកសំដៅទៅលើនោះ គឺកម្មវិធីមួយដែលបានទទួលមូលនិធិរួមពីធនាគារពិភពលោក និងដៃគូសកលទៅលើជំនួយផ្អែកលើទិន្នផល (GPOBA) ចាប់តាំងពីឆ្នាំ២០១៤ ។
គ្រប់ផ្ទះក្នុងតំបន់ Kibera ដែលក្រុមហ៊ុនថាមពលកេនយ៉ាតភ្ជាប់ចរន្តអគ្គិសនីឲ្យ ធនាគារពិភពលោកបានពិនិត្យការតភ្ជាប់ទាំងអស់ និងចេញថ្លៃលើការដំឡើង។ ធនាគារពិភពលោក និងក្រុមហ៊ុនថាមពលកេនយ៉ា ក៏បានទូទាត់ភាពខុសគ្នារវាងតម្លៃ១០ដុល្លារនៃការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំខែ និងការប្រើប្រាស់ជាក់ស្តែងរបស់ក្រុមគ្រួសារនៅទីនោះដែរ។
គម្រោងនេះត្រូវបានអនុវត្តតាមលំនៅដ្ឋានមិនស្របច្បាប់ទាំងអស់នៅក្នុងប្រទេសកេនយ៉ា។
ក្រុមហ៊ុនថាមពលកេនយ៉ាបានឲ្យដឹងថារហូតមកដល់ពេលនេះប្រហែល៦០ភាគរយនៃតំបន់ Kibera មានថាមពលអគ្គិសនីស្របច្បាប់ប្រើប្រាស់។ អ្នកតាំងទីលំនៅនៅតំបន់នោះ បានហៅគម្រោងនោះថា «Stima Ya Tokens» សំដៅលើលុយទឹកប្រាក់ចំនួន ១.០០០ Shilling Tokens សម្រាប់បង់វិក្កយបត្រប្រចាំខែ។ អ្នកអាចមើលឃើញឧបករណ៍ទប់ឬទាញចរន្តអគ្គិសនីចល័តតូចៗជាច្រើនដែលជាការផ្តួចផ្តើមដំបូង និងបានដំឡើងនៅជុំវិញតំបន់នោះ៕
ប្រែសម្រួលដោយ ផន បុប្ផា