នៅសប្តាហ៍នេះ សម្តេចសង្ឃរ៉ូម៉ាំងកាតូលិក Pope Francis ស្ថិតនៅក្នុងទ្វីបអាស៊ីជាលើកទី២ក្នុងរយៈពេលតិចជាង៦ខែ។ ព្រះអង្គមានគម្រោងតែងតាំងសន្តនៅក្នុងប្រទេសស្រីលង្កាដែលមានស្លាកស្នាមសង្គ្រាមស៊ីវិល ហើយបន្ទាប់មកព្រះអង្គយាងទៅប្រទេសហ្វីលីពីនដើម្បីជួបជាមួយជនរងគ្រោះនៃគ្រោះមហន្តរាយ២ ដែលបានកើតមានឡើងនៅចុងឆ្នាំ២០១៣។
ដំណើរបំពេញទស្សនកិច្ចទាំង២ត្រូវគេរំពឹងថា នឹងទាក់ទាញមនុស្សយ៉ាងច្រើនហើយនៅក្នុងប្រទេសហ្វីលីពីន ប្រធានាធិបតីប្រទេសនោះកំពុងអំពាវនាវឲ្យមានការបញ្ចប់សង្គ្រាម។
ពួកមន្រ្តីរំពឹងថា នឹងមានហ្វូងមនុស្សដ៏ធំជួបគ្នានៅគ្រប់ទីកន្លែងដែលសម្តេច Popeយាងទៅនៅក្នុងប្រទេសដែលមានអ្នកកាន់សាសនាកាតូលិកដ៏ច្រើនលើសលុបនេះ។
ពួកមន្រ្តីវិមានវ៉ាទីកង់បាននិយាយថា សម្តេច Pope Francis បានទទូចឲ្យបើកដំបូលរថយន្តដើម្បីឲ្យព្រះអង្គអាចប៉ះមហាជន ហើយនឹងឮសំឡេងរបស់ពួកគេ។ ពួកអ្នករៀបចំចាត់ចែងមានការព្រួយកង្វល់ជាពិសេសអំពីការសូត្រធម៌ដែលបានគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យខាងមុខនៅឧទ្យានម៉ានីឡាដែលត្រូវគេរំពឹងថា នឹងទាក់ទាញមនុស្ស៦លាននាក់។
នៅក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិកាលពីថ្ងៃច័ន្ទ ប្រធានាធិបតី Benigno Aquino នៃប្រទេសហ្វីលីពីនបានរំឭកសាធារណជនឲ្យរក្សាការស្ងប់ស្ងៀម ហើយមិនត្រូវធ្វើឲ្យជ្រុលហួស ដោយការរំភើបដែលបានស្ថិតនៅជិតសម្តេចPope ដែលអាចធ្វើឲ្យព្រះអង្គមានគ្រោះថ្នាក់ដល់រាងកាយ។
«លោកប្រធានាធិបតីមានប្រសាសន៍ថា យើងត្រូវការការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់អស់លោកអ្នក។ វាជាការបញ្ជាក់យ៉ាងច្បាស់ថា ដំណើរបំពេញទស្សនកិច្ចរបស់សម្តេច Pope Francis នេះ ជាការទទួលខុសត្រូវយ៉ាងសម្បើមសម្រាប់ប្រទេសយើង។ សុវត្ថិភាពរបស់ព្រះអង្គ និងសុវត្ថិភាពសាធារណជននឹងពឹងផ្អែកលើយើងទាំងអស់គ្នា។ ខ្ញុំសុំសួរអស់លោកអ្នក ថាតើយើងចង់ឲ្យប្រវត្តិសាស្រ្តរបស់ហ្វីលីពីនត្រូវបានកត់សម្គាល់ដោយសោកនាដកម្មមួយចំពោះសម្តេច Pope ឬទេ?
ក្រោយមក លោកប្រធានាធិបតី Aquino បានប្រាប់ពួកអ្នកយកព័ត៌មានថា ទីភ្នាក់ងារសន្តិសុខហ្វីលីពីនកំពុងធ្វើការជាមួយក្រុមស៊ើបការណ៍សម្ងាត់អន្តរជាតិដូចជាប៉ូលិស Interpol ដើម្បីឃ្លាំមើលការគំរាមកំហែងដ៏ខ្លាំងពីខាងក្រៅ ដែលអាចកើតមានឡើង ជាពិសេសមកពីក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃហ្វីលីពីននិយាយថា បុគ្គលិកសន្តិសុខប្រហែល៤ម៉ឺននាក់នឹងបំពេញភារៈកិច្ចក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចរបស់ព្រះអង្គនេះ។
ពួកមន្រ្តីព្រះវិហារកាតូលិកនិយាយថា សម្តេច Pope Francis ជាអ្នកគាំទ្រដ៏ខ្លាំងដល់អ្នកក្រីក្រ និងមនុស្សដែលគេមិនយកចិត្តទុកដាក់នឹងយាងមកកាន់ប្រទេសហ្វីលីពីនជាលើកដំបូងដើម្បីស្ថិតនៅជាមួយអ្នកនៅរស់រានមានជីវិតពីមហាព្យុះសង្ឃរាហៃយ៉ាន ដែលបានធ្វើឲ្យមនុស្ស៧ពាន់៣រយនាក់ស្លាប់ ឬបាត់ខ្លួន ហើយរាប់លាននាក់ទៀតគ្មានទីកន្លែងរស់នៅ។ ព្រះអង្គក៏ត្រូវគេរំពឹងថា នឹងជួបជាមួយអ្នកនៅរស់រានមានជីវិតពីការរំជួយផែនដីដែលមានកម្លាំង៧,១ ដែលបានសម្លាប់មនុស្សរាប់រយនាក់ ហើយបានបន្សល់ទុកមនុស្សរាប់ពាន់នាក់គ្មានទីកន្លែងរស់នៅ។ មហន្តរាយនេះបានកើតមានឡើងក្នុងតំបន់ភាគកណ្តាលនៃប្រទេសហ្វីលីពីន ប៉ុន្មានសប្តាហ៍ពីគ្នានៅក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១៣។
នាង Celina Castro ជានិស្សិតមហាវិទ្យាល័យ ធ្វើការខាងផ្នែកជួយសង្គ្រោះមហន្តរាយជាមួយអង្គការ Dominican Network Youth Group របស់ហ្វីលីពីន។
នាងនឹងចូលរួមក្នុងកម្មវិធីមួយជាមួយសម្តេច Pope នៅឯសាកលវិទ្យាល័យ Santo Tomas ក្នុងរដ្ឋធានីម៉ានីល។ នាង Castro បានហៅដំណើរបំពេញទស្សនកិច្ចរបស់ព្រះអង្គជាការប្រសិទ្ធិពរជាពិសេសសម្រាប់អ្នកនៅរស់រានមានជីវិតពីការភិតភ័យក្នុងប្រទេសដែលមានមហន្តរាយនេះ។
«វត្តមានរបស់ព្រះអង្គនឹងធ្វើឲ្យជាសះស្បើយនូវការឈឺចាប់ខាងសតិអារម្មណ៍និងផ្លូវចិត្តរបស់ពលរដ្ឋនៅក្នុងប្រទេសនោះ»។
នៅ Tacloban និង Palo ជាទីក្រុងក្រខ្សត់២ដែលមានមនុស្សស្លាប់យ៉ាងច្រើនពីព្យុះសង្ឃរាហៃយ៉ាននេះ សម្តេចPope មានគម្រោងនឹងធ្វើពិធីសូត្រធម៌នៅកណ្តាលវាល ធ្វើពិធីឧទ្ធិសមជ្ឈមណ្ឌល Pope Francis សម្រាប់ជនក្រីក្រ ហើយនឹងជួបជាមួយសិក្ខាកាមហើយនឹងបព្វជិតផ្សេងទៀត។
នៅរដ្ឋធានីម៉ានីល ព្រះអង្គនឹងជួបជាមួយក្រុមគ្រួសារក្រីក្រ ធ្វើការសូត្រធម៌ជាលក្ខណៈឯកជនសម្រាប់បព្វជិត និងអ្នកកាន់សាសនា ជួបជាមួយមនុស្សក្មេងៗហើយនឹងធ្វើការសន្ទនាអន្តរសាសនាជាមួយមេដឹកនាំសាសនាចម្រុះ។
មនុស្សខ្លះនៅក្នុងសហគមន៍អ៊ីស្លាមសង្ឃឹមថា ព្រះអង្គនឹងរំឭកពីកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះរវាងក្រុមឧទ្ទាមអ៊ីស្លាមដ៏ធំបង្អស់និងរដ្ឋាភិបាលហ្វីលីពីន។
លោក Mussolini Lidansan ជានាយកវិទ្យាស្ថាន Al Qalam សម្រាប់អត្តសញ្ញាណអ៊ីស្លាម និងការសន្ទនានៅឯសាកលវិទ្យាល័យ Ateneo de Davao។លោកនិយាយថា វានឹងក្លាយជាជំនួយដ៏ធំមួយ ប្រសិនបើសម្តេច Pope Francis អាចរំឭកដោយការអំពាវនាវឲ្យមានការគាំទ្រដំណើរការសន្តិភាពក្នុងផ្នែកខាងត្បូងនៃប្រទេសហ្វីលីពីននោះ ដែលនៅទីនោះ ភាពចលាចលបានកើតចេញពីជម្លោះរវាងអ្នកកាន់គ្រឹស្តសាសនា និងអ្នកកាន់សាសនាអ៊ីស្លាមកាលរាប់រយឆ្នាំមុន។
«នៅទីនេះ យើងកំពុងព្យាយាមស្ថាបនាទំនាក់ទំនងដ៏ខ្លាំងមួយរវាងគ្រឹស្តសាសនា និងសាសនាអ៊ីស្លាម ហើយដំណើរបំពេញទស្សនកិច្ចរបស់សម្តេច Pope អាចជានិមិត្តរូបពិតប្រាកដសម្រាប់ការអំពាវនាវឲ្យមានសន្តិភាពនិងសាមគ្គីភាពនៅក្នុងប្រទេស»។
សម្តេច Pope បានវិលត្រឡប់ទៅកាន់តំបន់អាស៊ីមិនដល់កន្លះឆ្នាំផង បន្ទាប់ពីព្រះអង្គបានស្ថិតនៅក្នុងតំបន់នោះ ដែលសាសនាកាតូលិក មើលឃើញថា អាចជាតំបន់មានការរីកលូតលាស់យ៉ាងខ្លាំង។ តំបន់នេះក៏មានប្រទេសក្រីក្របំផុតខ្លះនៅក្នុងពិភពលោកដែរ។
លោក Marvin Meja អគ្គលេខាធិការនៃសន្និសីទអេវ៉ែកកាតូលីកនៃប្រទេសហ្វីលីពីន និយាយថា មុនដំណើរបំពេញទស្សនកិច្ចរបស់សម្តេច Pope ព្រះវិហារគ្រឹស្តសាសនាក្នុងមូលដ្ឋាន បានខំធ្វើបេសកកម្មរបស់ខ្លួនដោយដើរតាមគម្រូរបស់សម្តេច Pope។
«ការរំពឹងរបស់ខ្ញុំពិតប្រាកដគឺថា ព្រះវិហារកាតូលីកក្នុងប្រទេសហ្វីលីពីននឹងក្លាយជាព្រះវិហារគ្រឹស្តសាសនាសម្រាប់អ្នកក្រីក្រ។ ខ្ញុំចង់និយាយថា នៅក្រោមការដឹកនាំនេះ អេវ៉ែក សង្ឃកាតូលិក អ្នកកាន់សាសនា ដូនជី នឹងមានការយកចិត្តទុកដាក់ ការជាប់ជំពាក់កាន់តែខ្លាំងឡើងដល់ជនក្រីក្រ»។
សម្តេច Pope Francis នឹងស្ថិតនៅក្នុងប្រទេសស្រីលង្ការហូតដល់ថ្ងៃទី១៥។ ព្រះអង្គនឹងបំពេញទស្សនកិច្ចប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី១៩ ខែមករានេះ៕
ប្រែសម្រួលដោយ លោក ជឹង ប៉ូជីន