សម្តេចប៉ាប Francis បានសរសើរប្រទេសអ៊ូហ្គង់ដា (Uganda) អំពីការឆ្លើយតប «ប្រកបដោយការយល់ដឹង» ក្នុងការស្វាគមន៍ក្រុមជនភៀសខ្លួននៅពេលដែលព្រះអង្គចាប់ផ្តើមព្រះរាជទស្សនកិច្ចក្នុងប្រទេសនេះដែលជាប្រទេសទីពីរនៃទស្សនកិច្ចរបស់ព្រះអង្គក្នុងទ្វីបអាហ្វ្រិក។
សម្តេចប៉ាបមានព្រះបន្ទូលកាលពីថ្ងៃសុក្រនៅពេលព្រះអង្គយាងតាមយន្តហោះទៅដល់ក្រុង Entebbe ថា «នៅទីនេះក្នុងផ្នែកខាងកើតនៃទ្វីបអាហ្រ្វិក ប្រទេសអ៊ូហ្គង់ដាបានបង្ហាញកង្វល់ប្រកបដោយការយល់ដឹងចំពោះការស្វាគមន៍ក្រុមជនភៀសខ្លួន ដោយអាចឱ្យពួកគេកសាងជីវភាពជាថ្មីប្រកបដោយសន្តិសុខ និងសេចក្តីថ្លៃថ្នូរ។ ការដោះស្រាយបញ្ហារបស់ក្រុមជនទាំងនេះជាការសាកល្បងមួយនៃមនុស្សធម៌របស់យើង»។
ទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកកិច្ចការជនភៀសខ្លួននិយាយថា ប្រទេសអ៊ូហ្គង់ដាបានទទួលជនភៀសខ្លួនជាង៥សែននាក់ដែលភាគច្រើនបានរត់គេចខ្លួនចេញពីសង្គ្រាម និងអំពើហិង្សានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសស៊ូដង់ខាងត្បូង។
សម្តេចប៉ាប Francis ក៏បានមានបន្ទូលដែរថា «ពិភពលោកក្រឡេកមើលអាហ្វ្រិកថាជាទ្វីបមួយនៃសេចក្តីសង្ឃឹម» ដោយព្រះអង្គបានកត់សម្គាល់ថាព្រះរាជទស្សនកិច្ចរបស់ព្រះអង្គក្នុងប្រទេសបីនេះមានគោលដៅទាក់ទាញការយកចិត្តទុកដាក់លើ «សមិទ្ធិផល និងការតស៊ូ» របស់ទ្វីបអាហ្រ្វិក។
សម្តេចប៉ាបក៏នឹងគង់នៅក្នុងប្រទេសអ៊ូហ្គង់ដានៅថ្ងៃសៅរ៍នេះ នៅមុនព្រះអង្គយាងទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាលនៅថ្ងៃអាទិត្យ។ នៅក្នុងព្រះរាជទស្សនកិច្ចទាំងនេះ ព្រះអង្គនឹងយាងទៅទតទីសក្ការបូជាមួយខាងគ្រឹស្តសាសនា ព្រះវិហារឥស្លាមមួយ និងជំរុះជនភៀសខ្លួនមួយកន្លែងនៅមុនពេលព្រះអង្គយាងត្រឡប់ទៅកាន់ក្រុងរ៉ូម (Rome) វិញនៅថ្ងៃច័ន្ទ។
សម្តេចប៉ាបបានធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសអ៊ូហ្គង់ដាពីប្រទេស កេនយ៉ាងដែលនៅទីនោះព្រះអង្គបានសុំឲ្យក្រុមយុវជនកេនយ៉ាឱ្យចៀសវាងការប្រកាន់កុលសម្ព័ន្ធនិយម និងប្រកាន់យកជម្រើសនៃការស្តាប់គ្នា និងចាប់ដៃទៅវិញទៅមក៕