លោករដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់និយាយថា ប្រសិនបើសមាជិករបស់សហភាពអឺរ៉ុប បន្តស្ទាក់ស្ទើរក្នុងការយល់ព្រមលើប្រព័ន្ធទទួលយកជនភៀសខ្លួនតាមចំនួនកូតា សមាជិកផ្សេងទៀតអាចជំទាស់ប្រឆាំងនឹងការមិនទទួលយកចំនួនកូតាពីសមាជិកសហភាពអឺរ៉ុបនោះ។
លោករដ្ឋមន្រ្តីការបរទេស Frank–Walter Steinmeierបានប្រាប់កាសែតអាល្លឺម៉ង់ The Passauer Neue Press នៅថ្ងៃសុក្រនេះថា អឺរ៉ុបគួរតែពិចារណាលើការប្រើប្រាស់សំឡេងឆ្នោតភាគច្រើននៅឯជំនួបរបស់រដ្ឋមន្រ្តីការបរទេសរបស់សហភាពអឺរ៉ុបនៅថ្ងៃពុធសប្តាហ៍ក្រោយ ដើម្បីពិភាក្សាស្ថានភាពជនភៀសខ្លួន។ សមាជិកទាំង២៨របស់សហភាពអឺរ៉ុបជាធម្មតាបានព្យាយាមឈោងដល់ការយល់ព្រមលើបញ្ហាសំខាន់ៗ។
លោករដ្ឋមន្រ្តីការបរទេស Steinmeier បានមានប្រសាសន៍បន្តទៀតថា ប្រទេសអាល្លឺម៉ង់ អូទ្រីស ស៊ុយអែដ និងអ៊ីតាលី មិនអាចទទួលបន្ទុកទទួលជនភៀសខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់របស់អឺរ៉ុបនៅពេលបច្ចុប្បន្ននេះតែម្នាក់ឯងទេ។
ប្រទេស៤នៅអឺរ៉ុបខាងកើតដែលមាន ប្រទេសហុងគ្រីសាធារណរដ្ឋឆេក ស្លូវ៉ាគី និងប៉ូឡូញបាននិយាយថា ពួកគេនឹងមិនអនុវត្តទៅតាមផែនការកូតាដែលលោកSteinmeier កំពុងព្យាយាមជំរុញនោះទេ។ ជំនួបរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសហភាពអឺរ៉ុបកាលពីថ្ងៃច័ន្ទសប្តាហ៍មុនមិនបានឈានដល់ការព្រមព្រៀងលើផែនការនោះទេ ថ្វីបើសភាសហភាពអឺរ៉ុបបានអនុម័តវិធានការមួយនៅចុងសប្តាហ៍នេះក៏ដោយ។
ប្រទេសអាល្លឺម៉ង់បាននាំមុខនៅក្នុងការផ្តល់ការស្នាក់នៅដល់ជនភៀសខ្លួនភាគច្រើននៃជនភៀសខ្លួនទាំងនោះដែលមកពីប្រទេសរងការហែកហួរដោយសង្គ្រាមដូចជាប្រទេសស៊ីរី អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់៕