ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ដេច​ប៉ាបនឹង​យាង​ទៅ​កាន់​ប្រទេស​ឈីលី​និង​ប៉េរូនៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ផ្ដោត​លើ​ជនជាតិ​ដើម


សម្តេចប៉ាប​ Francis ឈរ​ថតរូប​ជាមួយកូន​ទាហា​នអ៊ីតាលី Italian Guardia di Finanza អំឡុង​ការ​ជួប​ជុំ​នៅ​សាល Paul VI បុរី​វ៉ាទីកង់កាលពី​ថ្ងៃទី​១០ មករា ២០១៨។
សម្តេចប៉ាប​ Francis ឈរ​ថតរូប​ជាមួយកូន​ទាហា​នអ៊ីតាលី Italian Guardia di Finanza អំឡុង​ការ​ជួប​ជុំ​នៅ​សាល Paul VI បុរី​វ៉ាទីកង់កាលពី​ថ្ងៃទី​១០ មករា ២០១៨។

សម្ដេច​ប៉ាប ​ហ្វ្រង់ស៊ីស (Francis) នឹង​យាង​ទៅ​កាន់​ប្រទេស​ឈីលី​និង​ប៉េរូ​ នៅ​សប្ដាហ៍​ក្រោយ។ ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលបំណង ផ្ដោត​ទៅ​លើ​ទុក្ខ​កង្វល់​នានា​របស់​ជនជាតិ​ដើម​ ប៉ុន្តែ គេ​រំពឹង​ថា ដំណើរ​របស់​ព្រះអង្គ​នេះ ទំនង​ជា​នឹង​គ្រប់​ដណ្ដប់​ដោយ​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​បំពាន​ផ្លូវ​ភេទ​កុមារ​ ដោយ​បព្វជិត​នៃ​វិហារ​គ្រិស្ត​សាសនា ក្នុង​ប្រទេស​ឈីលី និង​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​ប៉េរូ។

តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​នេះ ជន​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នកដទៃ ក្នុង​ប្រទេស​ឈីលី បាន​គប់​គ្រាប់បែក​ចូល​ព្រះវិហារ​ចំនួន​៣​ក្នុង​រដ្ឋធានី សាន់ត្យាហ្គោ​នៃ​ប្រទេស​ឈីលី ហើយ​បាន​បន្សល់​ទុក​សារ​មួយ​ដែល​សរសេរ​ថា «‍សម្តេច​ប៉ាប ហ្វ្រង់ស៊ីស គ្រាប់បែក​បន្ទាប់​ទៀត​ នឹង​ស្ថិត​ក្នុង​ស្បង់​ចីពរ​របស់​ព្រះអង្គ​»។

អាជ្ញាធរ​ និយាយ​ថា មិន​មាន​នរណា​ម្នាក់ បាន​រង​របួស​ក្នុង​ការ​វាយប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នោះ​ទេ ហើយ​ថា មាន​របាយការណ៍​អំពី​ការ​ខូចខាត​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ប្រធានាធិបតី​ឈីលី គឺ​លោក​ស្រី Michelle Bachelet បាន​អំពាវនាវ​កាល​ពី​ថ្ងៃ​សុក្រ ដោយ​ស្នើ​ឲ្យ​ពលរដ្ឋ​ឈីលី ទទួល​ស្វាគមន៍​សម្ដេច​ប៉ាប ប្រកប​ដោយ​«‍បរិយាកាស​នៃ​ការគោរព»។ លោកស្រី​ប្រធានាធិបតី មាន​ប្រសាសន៍​ថា អាជ្ញាធរ​នៅ​មិន​ទាន់​ដឹង​ថា​តើ​នរណា​ ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​លើ​ព្រះវិហារ​ទាំង​បី​នោះ​នៅ​ឡើយ​ទេ។

​លោកស្រី​ប្រធានាធិបតី ​បាន​ថ្លែង​តាម​វិទ្យុជាតិ​ឈីលី​ថា «‍នេះ​ជា​រឿង​ចម្លែក​មែនទែន ដោយសារ​តែ​អ្នក​មិន​អាច​កំណត់​អត្តសញ្ញាណ​ក្រុម​ជាក់លាក់​ណាមួយ​បាន»។

សម្ដេច​ប៉ាប ​ហ្វ្រង់ស៊ីស ដែល​ជា​ជនជាតិ​អាហ្សង់ទីន និង​ជា​សម្តេច​ប៉ាប​ដំបូង​គេ ដែល​មាន​ដើម​កំណើត​អាមេរិក​អាទីន នឹង​យាង​ទៅ​ដល់​ប្រទេស​ឈីលី នៅ​ថ្ងៃ​ចន្ទ​ សប្ដាហ៍​ក្រោយ​នេះ៕

XS
SM
MD
LG