សម្តេចប៉ាប Francis បានផ្ញើសារអំពីការយកចិត្តទុកដាក់របស់ព្រះអង្គចំពោះភពផែនដី ទៅកាន់ការិយាល័យកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងណៃរ៉ូប៊ី (Nairobi) ហើយបានអំពាវនាវឲ្យមានវិធានការរឹងមាំ នៅមុនកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុក្នុងទីក្រុងប៉ារីស។
សម្តេចប៉ាប Francis បានអំពាវនាវឲ្យមានវិធានការជាបន្ទាន់ដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងដើម្បីការពារបរិស្ថាន។ ព្រះអង្គបានមានបន្ទូលដូច្នេះ នៅឯទីស្នាក់ការកណ្តាលនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងណៃរ៉ូប៊ី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ។
សម្តេចមានព្រះបន្ទូលថា៖ «នៅក្នុងបរិបទអន្តរជាតិមួយនេះ យើងកំពុងប្រឈមមុខនឹងជម្រើសមួយដែលយើងមិនអាចព្រងើយកន្តើយបានឡើយ។ ជម្រើសនោះគឺថា តើយើងត្រូវជួយបរិស្ថានឲ្យប្រសើរឡើង ឬបំផ្លាញវាចោល»។
មានព្រះបន្ទូលនៅប៉ុន្មានថ្ងៃមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុអន្តរជាតិមួយនៅក្នុងក្រុងប៉ារីស សម្តេចប៉ាប Francis បានលើកទឹកចិត្តថា អំពើល្អសម្រាប់មនុស្សទាំងអស់គ្នានឹងយកឈ្នះលើប្រយោជន៍អាត្មានិយម។
«នៅក្នុងប៉ុន្មានថ្ងៃខាងមុខ កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុដ៏សំខាន់មួយនឹងធ្វើឡើងនៅក្នុងក្រុងប៉ារីស។ វាអាចជាខកចិត្ត ហើយខ្ញុំហ៊ាននិយាយបានថា ថែមទាំងអន្តរាយទៀតផង ប្រសិនបើប្រយោជន៍ជាក់លាក់ណាមួយមានលើសលប់លើប្រយោជន៍រួម»។
លោក Achim Steiner នាយកប្រតិបត្តិនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ យល់ស្របនឹងឆន្ទៈរបស់សម្តេចប៉ាប ក្នុងការឈានដល់កិច្ចព្រមព្រៀងប្រកបដោយចីរភាពមួយនៅក្រុងប៉ារីស។
«វិធានការមួយនេះ បានធ្វើឲ្យបម្រែបម្រួលអាកាសធាតុក្លាយទៅជាការយកចិត្តទុកដាក់ជាសកល។ ការយកចិត្តទុកដាក់នេះ មិនត្រឹមតែលើវិទ្យាសាស្រ្តនៃការបញ្ចេញឧស្ម័នអាក្រក់ និងការអនុវត្តយ៉ាងខ្ជះខ្ជាយនានាដែលបានរួមចំណែកដល់បញ្ហានេះប៉ុណ្ណោះទេ ប៉ុន្តែជាការយកចិត្តទុកដាក់លើសុខុមាលភាពពិភពលោកដ៏ប្រសើរមួយ ដែលរួមមានទាំងយុត្តិធម៌ សមភាព និងការរួបរួមគ្នាជាមួយនឹងអ្នកដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។ អ្នករងគ្រោះទាំងនោះ គឺជាអ្នកដែលទទួលខុសត្រូវតិចតួចបំផុតសម្រាប់បញ្ហានេះ ក៏ប៉ុន្តែ ពួកគេរងផលប៉ះពាល់ខ្លាំងជាងគេ»។
នៅក្នុងសុន្ទរកថារបស់ទ្រង់នៅទីស្នាក់ការរបស់អង្គការនេះក្នុងក្រុងណៃរ៉ូប៊ី សម្តេចប៉ាបបានអំពាវនាវឲ្យមានវិធានការប្រឆាំងនឹងការប្រមាញ់សត្វព្រៃ និងការជីករ៉ែខុសច្បាប់នៅអាហ្រ្វិក ហើយអំពាវនាវឲ្យមាន «ប្រព័ន្ធថាមពលថ្មីមួយ» ដោយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈឲ្យស្ថិតក្នុងកម្រិតអប្បបរមា និងការគិតឡើងវិញពី «គំរូនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ