រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នឹងធ្វើដំណើរទៅកាន់តំបន់អាមេរិកឡាទីន ដើម្បីជួបពិភាក្សាជាមួយនឹងមេដឹកនាំនានានៅទីនោះ ស្របពេលដែលមានការចរចាតឹងតែងជាមួយនឹងប្រទេសម៉ិកស៊ិក និងបណ្ដាប្រទេសផ្សេងទៀតនៅទ្វីបអាមេរិកកណ្ដាលពាក់ព័ន្ធនឹងការស្វែងរកវិធីបញ្ឈប់លំហូររបស់ជនចំណាកស្រុកអាមេរិកឡាទីនដែលធ្វើដំណើរសំដៅទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Morgan Ortagus បានជូនដំណឹងលំអិតអំពីដំណើរទស្សនកិច្ចនេះ ដែលនឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ។
អ្នកស្រីថ្លែងនៅក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃយ៉ាងដូច្នេះថា៖ «ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកក្កដា លោករដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ប្រទេសអេក្វាទ័រ ទីក្រុង Mexico City នៃប្រទេសម៉ិកស៊ិក និងទីក្រុង San Salvador ប្រទេសអែលសាល់វាឌ័រ ដែលនៅទីនោះ លោកនឹងពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខនានា ពង្រឹងការប្ដេជ្ញារបស់សហរដ្ឋអាមេរិកចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសគាំទ្រប្រជាពលរដ្ឋគុយបា នីការ៉ាហ្គ័រ និងវេណេហ្ស៊ុយអេឡា និងគាំទ្រការតស៊ូរបស់ពួកគេដើម្បីសេរីភាព ក៏ដូចជាបង្កើនភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកឱកាសសេដ្ឋកិច្ចសម្រាប់ពលរដ្ឋអាមេរិកាំងផងដែរ»។
នៅក្នុងប្រទេសអាហ្សង់ទីន លោក Pompeo នឹងចូលរួមនៅក្នុងសន្និសីទប្រឆាំងភេរវកម្មជាមួយនឹងសម្ព័ន្ធមិត្តនានានៅក្នុងតំបន់ ហើយលោកគ្រោងនឹងប្រារព្ធខួបទី ២៥ នៃការទម្លាក់គ្រាប់បែកលើមជ្ឈមណ្ឌលជ្វីហ្វនៅក្នុងទីក្រុង Buenos Aires ដែលបានសម្លាប់មនុស្ស ៨៥ នាក់ ផងដែរ។
បញ្ហាចំណាកស្រុកទំនងជាបញ្ហាដ៏ធំសម្រាប់ការពិភាក្សារបស់លោកនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសផ្សេងទៀត។ អ្នកវិភាគខ្លះថា សហរដ្ឋអាមេរិកត្រូវតែដោះស្រាយបញ្ហាឫសគល់ដែលជំរុញឲ្យមនុស្សធ្វើចំណាកស្រុកសំដៅមកសហរដ្ឋអាមេរិកនេះ៕