រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃអង្គារក្នុងអំឡុងនៃដំណើរទស្សនកិច្ចមិនប្រកាសមួយទៅកាន់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារថា «ពេលវេលាបានមកដល់សម្រាប់សន្តិភាពនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមនេះ»។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Pompeo បានជួបជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ដើម្បីពិភាក្សាពីការចរចាសន្តិភាពដែលកំពុងធ្វើឡើងរវាងសហរដ្ឋអាមេរិកនិងក្រុមតាលីបង់។
លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯស្ថានទូតសហរដ្ឋអាមេរិកក្នុងរដ្ឋធានីកាប៊ុលថា មេដឹកនាំទាំង២បានព្រមព្រៀងគ្នាថា សន្តិភាពជាអាទិភាពខ្ពស់បំផុត ហើយថា អាហ្វហ្គានីស្ថានមិនត្រូវជាកន្លែងរបស់ក្រុមភេរវកម្មម្តងទៀតទេ។
លោក Pompeo បានឈប់សំចតនៅប្រទេសអាហ្វហ្គានីស្ថានក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌាដើម្បីជួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងមន្រ្តីផ្សេងៗទៀត។ ការឈប់សំចតនេះកើតមានឡើងមុនពេលការចរចាសន្តិភាពលើកទី៧រវាងសហរដ្ឋអាមេរិក និងមន្រ្តីក្រុមតាលីបង់ដែលមានគោលបំណងបញ្ចប់សង្គ្រាម ដែលមានរយៈពេល១៨ឆ្នាំ។ មន្រ្តីអាមេរិក និងក្រុមតាលីបង់មានគម្រោងបន្តការចរចានៅថ្ងៃទី២៩ ខែមិថុនា នៅក្នុងរាជនៃប្រទេសកាតា។
ដោយមានការគាំទ្រពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិកបានចាប់ផ្តើមមវាយប្រហារកងកម្លាំងតាលីបង់នៅឆ្នាំ២០០១ បន្ទាប់ពីក្រុមបះបោរនោះមិនបានប្រគល់ អូសាម៉ា ប៊ិន ឡាឌិន បន្ទាប់ពីការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១លើសហរដ្ឋអាមេរិក៕