កិច្ចចរចាជុំថ្មីមួយរវាងស.រ.អា.និងតាលីបង់ បានចាប់ផ្តើមធ្វើនៅក្នុងប្រទេស Qatar កាលពីថ្ងៃសៅរ៍ នៅពេលតែប៉ុន្មានថ្ងៃក្រោយពីលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo បានមានប្រសាសន៍ថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សង្ឃឹមថានឹងមានកិច្ចព្រមព្រៀងសន្តិភាពអាហ្វហ្គានីស្ថានមួយនៅមុនថ្ងៃទី១ខែកញ្ញា។
លោក Zabihullah Mujahid អ្នកនាំពាក្យតាលីបង់ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន The Associated Press ថាកិច្ចចរចាគ្នាបានចាប់ផ្តើមធ្វើហើយ។ ដោយបានកំណត់ជាដំបូងថាធ្វើការចរចានេះនៅពេលព្រឹក ភាគីទាំងពីរបានអង្គុយធ្វើកិច្ចចរចាគ្នានៅពេលរសៀលដែលជាការចរចាគ្នាលើកទី៧នៅក្នុងចំណោមកិច្ចចរចាដោយផ្ទាល់មួយចំនួនដែលបានចាប់ផ្តើមធ្វើកាលពីឆ្នាំទៅមិញនៅក្រោយការតែងតាំងលោក Zalmay Khalilzad ជាប្រេសីតសន្តិភាពរបស់ស.រ.អា.។
ដូចជានៅក្នុងកិច្ចចរចាលើកមុនៗដែររវាងលោក Khalilzad និងតាលីបង់ ការផ្តោតការយកចិត្តទុកដាក់នឹងមានធ្វើទៅលើការដកពួកទាហានស.រ.អា.និងការធានារ៉ាប់រងរបស់តាលីបង់ ថាបញ្ចៀសប្រទេសអាហ្វហ្គានីស្ថាន មិនឱ្យផ្តល់កន្លែងស្នាក់អាស្រ័យដល់ពួកជនសកម្មប្រយុទ្ធដែលអាចបើកធ្វើការវាយប្រហាសាកលបាន។
ភាគីទាំងពីរបាននិយាយថាពួកគេបានយល់អំពីការដកថយនៃពួកទាហានអាមេរិកាំងនិងអំពីការធានារ៉ាប់រងនេះ ក៏ប៉ុន្តែនឹងមានការធ្វើឱ្យសម្រេចអំពីសេចក្តីល្អិតល្អន់ផងដែរ។
ទាំងលោក Khalilzad និងទាំងលោក Pompeo បាននិយាយថាកិច្ចព្រមព្រៀងជាមួយតាលីបង់នឹងមានជាមួយកិច្ចព្រមព្រៀងអំពីការសន្ទនារវាងក្រុមអាហ្វហ្គានីស្ថាន នានានិងអំពីការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍មួយផងដែរ៕