កំណត់និពន្ធ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់អ្នកស្រី Greta Van Susteren អ្នករាយការណ៍ព័ត៌មានជូន VOA បន្ទាប់ពីលោកបានបញ្ចប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី អំពីអ្វីដែលមេដឹកនាំទាំងពីរបានពិភាក្សានិងអ្វីដែលរំពឹងថានឹងកើតឡើងបន្ទាប់។
អ្នកស្រី Van Susteren៖ តើអ្វីដែលធ្វើឲ្យលោកភ្ញាក់ផ្អើលអំពីលោក គីម ជុងអ៊ុន?
លោក ត្រាំ៖ លោកមានបុគ្គលិកលក្ខណៈល្អ។ លោកជាមនុស្សកំប្លែង។ លោកឈ្លាសវៃណាស់។ លោកគឺជាអ្នកពូកែចរចាមួយរូប។ លោកស្រឡាញ់ប្រជាជនរបស់លោក ខ្ញុំមិនភ្ញាក់ផ្អើលនោះទេ ប៉ុន្តែលោកពិតជាស្រឡាញ់ប្រជាជនរបស់លោកមែន។ ហើយខ្ញុំគិតថា យើងបានចាប់ផ្តើមកិច្ចចរចាដ៏អស្ចារ្យមួយ។ យើងនឹងលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ វានឹងកើតឡើងភា្លមៗ ហើយអ្វីៗជាច្រើនទៀតកំពុងតែកើតឡើង រួមទាំងការយកអដ្ឋិធាតុទាហានមកវិញផងដែរ។ អ្នកដឹងទេ យើងចូលពាក់ព័ន្ធជាមួយនឹងកូរ៉េខាងជើងច្រើន ប៉ុន្តែការយកធាតុមកវិញគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សជាច្រើន។ ពួកគេបានហៅទូរស័ព្ធមកខ្ញុំ ពួកគេបានសរសេរសំបុត្រមកខ្ញុំ ដោយសុំខ្ញុំថា «តើអ្នកអាចធ្វើរឿងនេះបានទេ?» ហើយលោកគីម បានយល់ព្រម។ មនុស្សរាប់ពាន់នាក់បានស្លាប់ក្នុងសង្គ្រាម។ ដូច្នេះនេះជារឿងសំខាន់មួយ។
អ្នកស្រី Van Susteren៖ លោកបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សក្នុងកិច្ចប្រជុំថ្ងៃនេះ តើលោក គីម មានប្រតិកម្មដូចម្តេចខ្លះ?
លោក ត្រាំ៖ ល្អណាស់។ ខ្ញុំចង់មានន័យថា ការពិតទៅខ្ញុំនិយាយពីការលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ៩០ភាគរយ ប៉ុន្តែយើងក៏បានលើកឡើងពីបញ្ហាជាច្រើនទៀត រួមបញ្ចូលទាំងបញ្ហាសិទ្ធិមនុស្ស ការយកអដ្ឋិធាតុមកវិញក៏ជាកត្តាដ៏ធំមួយផងដែរ។ ជាការពិតទៅ យើងបានដាក់បញ្ចូលវាក្នុងកិច្ចព្រមព្រៀង យើងអាចបញ្ចូលវានៅក្នុងកិច្ចព្រមព្រៀង យើងបានលើកឡើងពីបញ្ហាជាច្រើននៅក្នុងកិច្ចព្រមព្រៀងនោះ គឺលើសពីអ្វីដែលគេគិតថានឹងកើតមានឡើង។
អ្នកស្រី Van Susteren៖ តើលោកអាចប្រាប់ពីអ្វីដែលកើតឡើងក្រោយឆាកនៃកិច្ចប្រជុំនោះ តើលោកបានចេញជាឱសានវាទអ្វីដល់លោក គីម ហើយតើលោក គីម មានបានផ្តល់ជាឱសានវាទអ្វីដល់លោកវិញឬទេ?
លោក ត្រាំ៖ ទេ! មិនមានអ្វីជាឱសានវាទនោះទេ។ យើងបានដោះស្រាយរឿងនេះជាមួយគ្នា៣ខែមកហើយ ហើយយើងបានព្យាយាមដោះស្រាយតាមរយៈអ្នកតំណាងរបស់យើង រួមបញ្ចូលទាំងលោករដ្ឋមន្ត្រីការបរទេស Mike Pompeo ដែលធ្វើការបានល្អអស្ចារ្យ។ ដូច្នេះយើងបានដោះស្រាយបញ្ហានេះអស់ពេលច្រើនគួរសម ហើយនៅពេលយើងជួបគ្នាក្នុងថ្ងៃនេះ យើងបានត្រូវរ៉ូវគ្នាតាំងពីពេលចាប់ផ្តើម។ អ្នកដឹងទេ សម្រាប់ខ្ញុំ ខ្ញុំធ្វើការជាប់ ២៥ម៉ោងហើយ។ ខ្ញុំមិនបានទទួលទានដំណេក ២៥ម៉ោងហើយ។ នេះគឺជាកិច្ចចរចាដ៏ធំ ហើយមានរយៈពេលវែង ហើយខ្ញុំមានមោទនភាពណាស់។ វាចាប់ផ្តើមដំណើរការមួយ។ អ្នកដឹងទេ ដំណើរការកិច្ចចរចានេះអាចប្រែក្លាយទៅជាសង្គ្រាមមួយ ដែលអាចសម្លាប់មនុស្សរាប់លាននាក់។ អ្នកស្គាល់កូរ៉េខាងជើងច្បាស់ ហើយ។ កូរ៉េខាងត្បូងមានពលរដ្ឋ ២៨លាននាក់ ដែលអាចធ្វើឲ្យមនុស្សរាប់លាននាក់បាត់បង់ជីវិត ប៉ុន្តែយើងនឹងមានកិច្ចព្រមព្រៀងមួយនៅទីបញ្ចប់។
អ្នកស្រី Van Susteren៖ ចុះចំណែកឯទាហានរបស់យើង? តើពួកគេនឹងបន្តឈរជើងនៅកូរ៉េខាងត្បូង?
លោក ត្រាំ៖ ពួកគេនឹងបន្តឈរជើងនៅទីនោះ។ យើងមិនទាំងបានពិភាក្សាអំពីរឿងនោះផង។ យើងនឹងដើរចេញពីល្បែងសង្គ្រាមដែលត្រូវចំណាយថវិកាអស់យ៉ាងច្រើន ពីព្រោះទីមួយ ខ្ញុំគិតថា វាជាការបង្កហេតុខ្លាំងមួយ ហើយខ្ញុំចង់បញ្ចប់វា។ ខ្ញុំគិតថា ពួកគេសប្បាយចិត្តណាស់ដែលយើងមិនធ្វើសមយុទ្ធយោធា ពីព្រោះវាជាការបង្កហេតុខ្លាំង ហើយត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយយើងនឹងមិនធ្វើសមយុទ្ធនោះទេ ដរាបណាកិច្ចចរចានេះនៅតែមានដំណើរការទៅមុខបានល្អ។
អ្នកស្រី Van Susteren៖ តើអ្វីដែលបាននាំលោក គីម ចូលតុចរចា បន្ទាប់ពីលោកបានគំរាមកំហែងផ្នែកយោធាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ?
លោក ត្រាំ៖ ខ្ញុំគិតថា មិនមានការគំរាមកំហែងខ្លាំងពេកទេ មុខពេលខ្ញុំឡើងកាន់តំណែង។ ពួកគេតាមពិតទៅមានអាកប្បកិរិយាស្ងៀមស្ងាត់ ពួកគេមិនចង់និយាយពីវា ហើយអ្នកមិនអាចធ្វើដូច្នេះបាននោះទេ។ ខ្ញុំគិតថា វោហាសាស្ត្រដំបូងមានសារៈសំខាន់ខ្លាំងណាស់។ និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំស្អប់ការថ្លែងបែបនោះខ្លាំងណាស់ ហើយទោះជាមនុស្សមួយចំនួនគិតថា ខ្ញុំបានធ្វើរឿងដែលខុស ក៏ខ្ញុំគិតថា បើខ្ញុំមិនធ្វើដូច្នោះទេ យើងមិនបានមកចរចាគ្នានៅទីនេះទេ។ ខ្ញុំក៏គិតថា លោកចង់រកដំណោះស្រាយមួយ។ លោកចង់ធ្វើអ្វីមួយ។
អ្នកស្រី Van Susteren៖ ប៉ុន្តែ តើមូលហេតុអ្វីទៅ?
លោក ត្រាំ៖ ពីព្រោះលោកដឹងថា យើងនិយាយសាច់ការណ៍។ ខ្ញុំគិតថា កាលពីមុន លោកមិនយល់ដូច្នេះទេ។ ខ្ញុំគិតថា កាលពីមុន គឺមនុស្សផ្សេង ហើយមិនអាចដោះស្រាយបាន។ ប៉ុន្តែលោកដឹងថា យើងចង់បានអ្វីដែលយកជាការណ៍ យើងត្រូវតែធ្វើអ្វីដែលមានសាច់ការណ៍ ហើយយើងនឹងធ្វើវា។ អ្នកអាចនិយាយបានថា តាំងពីថ្ងៃទីមួយមក ដែលយើងបាននិយាយពីកូរ៉េខាងជើងក្នុងអាកប្បកិរិយាដ៏ម៉ឺងម៉ាត់មួយ។ ប៉ុន្តែខ្ញុំគិតថា យើងបានចុះកិច្ចព្រមព្រៀងមួយថ្ងៃនេះ ដែលទូលំទូលាយលើសឆ្ងាយពីអ្វីដែលគេអាចនឹកស្មានដល់។ គ្មាននរណាម្នាក់គិតថា ការចរចានេះអាចធ្វើទៅបាននោះទេ។
អ្នកស្រី Van Susteren៖ តើលោកគិតថា លោក គីម គិតអ្វីពីលោក បន្ទាប់ពីលោក គីម ចាកចេញទៅ?
លោក ត្រាំ៖ ខ្ញុំគិតថា លោកចូលចិត្តខ្ញុំ ហើយខ្ញុំចូលចិត្តលោក។ ខ្ញុំយល់ពីអតីតកាល ហើយអ្នកដឹងទេ មិនចាំបាច់មាននរណាម្នាក់មកប្រាប់ខ្ញុំថា លោកជាមនុស្សពិបាកនោះទេ។ លោកត្រូវធ្វើជាមនុស្សដែលពិបាកម្នាក់ ឬលោកជាមនុស្សដែលពិបាកម្នាក់។ ប៉ុន្តែយើងត្រូវគ្នាណាស់។ លោកជាមនុស្សឆ្លាត ស្រឡាញ់ប្រជាជនរបស់លោក ស្រឡាញ់ប្រទេសរបស់លោក។ លោកចង់បានអ្វីដែលល្អជាច្រើន ហើយមូលហេតុនេះហើយដែលនាំឲ្យលោកចូលតុចរចា។
អ្នកស្រី Van Susteren៖ ប៉ុន្តែលោកបានបង្អត់អាហារប្រជាជនរបស់លោក។ លោកបានធ្វើអំពើសាហាវឃោរឃៅដាក់ពួកគេ។ តើទង្វើនេះបង្ហាញថា លោកស្រឡាញ់ប្រជាជនរបស់លោកដែរឬយ៉ាងណា?
លោក ត្រាំ៖ មើលចុះ លោកកំពុងធ្វើអ្វីដែលត្រូវបានគេមើលឃើញថា លោកបានធ្វើ ប្រសិនបើអ្នកក្រឡេកមើលវា។ ប៉ុន្តែ ខ្ញុំត្រូវក្រឡេកមើលអ្វីដែលកើតឡើងក្នុងថ្ងៃនេះ អ្វីដែលបានកើតឡើងកាលពីម្សិលម៉ិញ និងអ្វីដែលបានកើតឡើងកាលពីប៉ុន្មានសប្តាហ៍មុន ពីព្រោះទាំងនោះគឺនៅពេលដែលអ្វីទាំងអស់នេះបានចាប់ផ្តើម។ ជាថ្មីម្តងកុំតែបានវោហាសាស្ត្រទាំងនោះ និងទណ្ឌកម្មដ៏មានសារៈសំខាន់ទាំងនោះ។ ទណ្ឌកម្មទាំងនោះនឹងបន្តមានរហូតដល់ពេលវេលាមួយដែលកូរ៉េខាងជើងលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរអស់ហើយ។ ទណ្ឌកម្មនឹងបន្តមាន រហូតដល់ពេលដែលយើងចាប់ផ្តើមរុះរើអាវុធនុយក្លេអ៊ែរ។
អ្នកស្រី Van Susteren៖ ដោយសារតែនេះជាសំឡេង Voice of America ដូច្នេះពលរដ្ឋកូរ៉េខាងជើងនឹងបានឮបទសម្ភាសន៍នេះ។ តើលោកមានអ្វីចង់និយាយផ្ទាល់ទៅដល់ពលរដ្ឋកូរ៉េខាងជើងឬទេ?
លោក ត្រាំ៖ ខ្ញុំគិតថា ពួកគេមានអ្នកដែលយល់ពីអារម្មណ៍របស់ពួកគេ។ លោក គីម ចង់ធ្វើអ្វីដែលត្រូវសម្រាប់ពួកគេ ហើយយើងត្រូវគ្នាណាស់។ យើងនិយាយត្រូវគ្នាណាស់ អ្នកដឹងហើយថា ខ្ញុំយល់យ៉ាងម៉េចចំពោះការនិយាយត្រូវគ្នានេះ។ វាមានសារៈសំខាន់ណាស់។ ខ្ញុំចង់មានន័យថា ខ្ញុំស្គាល់អ្នកដែលនិយាយមិនត្រូវគ្នា ដូច្នេះមិនថា អ្នកធ្វើអ្វីនោះទេ គឺនៅតែមិនត្រូវគ្នា។ យើងមានវាតាំងពីដំបូង។ ខ្ញុំបាននិយាយពីរឿងនេះ ហើយខ្ញុំគិតថា អ្វីៗដែលអស្ចារ្យនឹងកើតមានឡើងសម្រាប់កូរ៉េខាងជើង។
អ្នកស្រី Van Susteren៖ លោកប្រធានាធិបតី រីករាយដែលបានជួបជាមួយលោក គឺមកតាំងពីរដ្ឋធានីវ៉ាស៊ីនតោន។
លោក ត្រាំ៖ វាជាការពិត។ វាអស់ពេលជាច្រើន។ ខ្ញុំគិតថា ខ្ញុំនឹងអាចគេងលក់។ គឺសម្រាកបន្តិច។
អ្នកស្រី Van Susteren៖ សូមលោកធ្វើដំណើរទៅវិញប្រកបដោយសុវត្ថិភាព។
លោក ត្រាំ៖ អរគុណ Greta ពិតជាកិត្តិយសមួយ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា និង ចាប ចិត្រា