ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​​អាមេរិក​​សរសើរ​កិច្ចព្រមព្រៀង​ការ​ទូត​រវាង​​អ៊ីស្រាអែល​ និង​អេមីរ៉ាត​អារ៉ាប់​រួម


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ លោក Mike Pompeo និង​នាយករដ្ឋមន្ត្រី Benjamin Netanyahu ពាក់​ម៉ាស​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ បន្ទាប់​ពី​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​មួយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ លោក Mike Pompeo និង​នាយករដ្ឋមន្ត្រី Benjamin Netanyahu ពាក់​ម៉ាស​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ បន្ទាប់​ពី​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​មួយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Mike Pompeo បាន​និយាយនៅ​ថ្ងៃ​ចន្ទថា​ លោក​មាន​ក្តី​សង្ឃឹម​ថា រដ្ឋ​អារ៉ាប់​ផ្សេងៗ​ទៀត​ និង​យក​គំរូ​តាម​ប្រទេសអេមីរ៉ាត​អារ៉ាប់រួម​ ក្នុង​ការ​បង្កើតទំនាក់ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​អ៊ីស្រាអែល។​

លោក​រដ្ឋមន្ត្រី​ Mike Pompeo បាន​និយាយ​ក្នុង​ទី​ក្រុង​ Jerusalem ​នៅ​ក្បែរ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក ​Benjamin Netanyahu ថា​ ប្រសិន​បើ​មាន​ប្រទេស​ជា​ច្រើន​ទៀត​ យក​គំរូ​តាម​នេះ​ នោះ​វា​នឹង​បង្កើន​នូវ​ស្ថិរភាព​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ និង​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ផង​ដែរ​នូវ​ជីវភាព​របស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។​

សហរដ្ឋ​អាមេរិក​បានជួយ​ជ្រុម​ជ្រែង​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ ស្តី​ពី​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ជាមួយ​ប្រទេស​អ៊ីស្រាអែល​កាល​ពីដើម​ខែ​សី​ហា​នេះ។ លោក​នាយករដ្ឋមន្ត្រី​ប្រទេស​អ៊ីស្រាអែល​បាន​ហៅ​កិច្ច​ព្រម​ព្រៀង​នោះថា បាន​បើក​នូវ​សករាជ​ថ្មី​មួយ​ សម្រាប់​តំបន់​មជ្ឈឹម​បូព៌ា។​

លោក​ Netanyahu ក៏​បាន​បង្ហាញពី​ទស្សនៈវិស័យ​របស់​លោក​ សម្រាប់​ការ​បង្កើត​សន្តិភាព​ ជា​មួយ​ប្រទេស​ដទៃ​ ដោយ​លើក​ឡើង​នូវ​អ្វី​ដែល​លោកហៅ​ថា​ ជា​សម្ព័ន្ធភាព​នៃ​អ្នក​និយម​កណ្តាល​ប្រឆាំង​ក្រុម​រ៉ាឌីកាល់​នោះ។​

លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ក៏បាន​សរសើរ​ដល់​រដ្ឋបាល​របស់​លោក​ត្រាំ​ផង​ដែរ​ ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ជា​អន្តរជាតិ​ឡើង​វិញ​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់​ ដែល​ត្រូវ​បាន​គេ​ដក​ចេញ​ ក្រោម​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៥ ដែល​ហាមប្រាមដល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។​

ក្រោយ​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីស្រាអែល លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ Mike Pompeo ​ក៏​នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​ស៊ូដង់ អេមីរ៉ាត​អារ៉ាប់​រួម​ និង​ប្រទេស​បារ៉ែន​ផង​ដែរ៕​ ​

XS
SM
MD
LG