នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រអែលលោក Benjamin Netanyahu លើកឡើងកាលពីថ្ងៃអង្គារថា អ៊ីស្រអែលនឹងប្រឆាំងជំទាស់ទៅនឹងគម្រោងលក់យន្តហោះចម្បាំងអាមេរិក U.S. F-35 ទៅឲ្យប្រទេសអាមេរ៉ាតអារ៉ាប់រួម បើទោះបីជាទើបមានការបង្កើតនូវទំនាក់ទំនងការទូតជាមួយប្រទេសនេះយ៉ាងណាក្តី។ លោកថា អ៊ីស្រាអែលចង់រក្សានូវឧត្តមភាពខាងយោធារបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា។
ការលើកឡើងរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍មួយក្នុងកាសែត Yedioth Ahronoth ដែលថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មានផែនការធំមួយក្នុងការលក់យន្តហោះចម្បាំងអាមេរិក F-35 ដែលជាផ្នែកមួយនៃការជួយជ្រោមជ្រែមរបស់អាមេរិកឲ្យប្រទេសក្នុងឈូងសមុទ្រ ពែរ្សមួយនេះ មានទំនាក់ទំនងជាប្រក្រតីឡើងវិញជាមួយប្រទេសអ៊ីស្រអែលកាលពីសប្តាហ៍មុន។
ស្ថានទូតអាមេរិកក្នុងទីក្រុង Jerusalem និងតំណាងរដ្ឋាភិបាលប្រទេសអាម៉េរាតអារ៉ាប់រួម មិនបានឆ្លើយតបចំពោះសំណួរទាក់ទងនឹងរឿងនេះទេ។
ក្រោមការយោគយល់គ្នាជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិក បានព្យាយាមមិនលក់ប្រភេទសព្វាវុធខ្លះរបស់ខ្លួនទៅឲ្យប្រទេសក្នុងតំបន់មជ្ឈិមបូព៌ានោះទេ ព្រោះខ្លាចធ្វើឲ្យចុះខ្សោយឥទ្ធិពលយោធារបស់ប្រទេសអ៊ីស្រអែល ដែលនេះក៏រួមមានផងដែរទាំងការលក់យន្តហោះចម្បាំង F-35 ទៅឲ្យប្រទេសក្នុងពិភពអារ៉ាប់ ខណៈដែលប្រទេសអ៊ីស្រាអែល បានទិញនូវយន្តហោះប្រភេទនេះ និងកំពុងប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន។
រដ្ឋបាលរបស់លោកត្រាំ បានបង្ហើបកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងឱកាសនៃការប្រកាសពីទំនាក់ទំនងរបស់ប្រទេសអាមេរ៉ាតអារ៉ាប់រួមជាមួយអ៊ីស្រាអែលថា ប្រទេសអាមេរ៉ាត់អារ៉ាប់រួម អាចសំឡឹងរកមើលការបញ្ជាទិញអាវុធដែលផលិតថ្មីពីសហរដ្ឋអាមេរិក៕