ប្រទេសអ៊ីស្រាអែលនិងប្រទេសអេមីរ៉ាតអារ៉ាប់រួម បានព្រមព្រៀងគ្នាបង្កើតចំណងទាក់ទងខាងការទូតពេញលេញដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ នេះបើតាមការប្រកាសរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោកប្រធានាធិបតី ត្រាំ បានហៅកិច្ចព្រមព្រៀងនោះថា «កិច្ចព្រមព្រៀង Abraham» ដោយយកឈ្មោះអ្នកបង្កើតសាសនា៣នៅក្នុងតំបន់មជ្ឈិមបូព៌ាគឺ គ្រឹស្តសាសនា ឥស្លាមនិង Judaism។ នេះជាកិច្ចព្រមព្រៀងសន្តិភាពទី៣ដែលអ៊ីស្រាអែលបានធ្វើជាមួយប្រទេសអារ៉ាប់មួយចាប់តាំងអ៊ីស្រាអែលបានក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ១៩៤៨មក។
លោកប្រធានាធិបតី ត្រាំ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងព្រះអង្គម្ចាស់រជ្ជទាយាត Al Nahyan នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បាននិយាយថា ពួកអស់លោកសង្ឃឹមថា «ការសម្រេចជោគជ័យជាប្រវត្តិសាស្ត្រនេះ នឹងធ្វើឲ្យជឿនលឿនសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា»។
លោកប្រធានាធិបតី ត្រាំ បាននិយាយក្នុងអំឡុងការប្រកាសនៅសេតវិមានថា «ឥឡូវនេះគឺថា ដុំទឹកកក បានត្រូវបំបែកហើយ ខ្ញុំរំពឹងថា ប្រទេសអារ៉ាប់និងប្រទេសកាន់សាសនាឥស្លាមជាច្រើនទៀតនឹងធ្វើតាមប្រទេសអេមីរ៉ាតអារ៉ាប់រួម»។
លោកប្រធានាធិបតី ត្រាំ បាននិយាយទៀតថា ពួកអ្នកកាន់សាសនាឥស្លាមជនជាតិ អេមីរ៉ាតអារ៉ាប់រួម ឥឡូវនេះអាចសូត្រធម៌នៅវិហារឥស្លាមប្រវត្តិសាស្ត្រAl-Aqsa ក្នុងទីក្រុង Jerusalem ដែលជាកន្លែងពិសិដ្ឋបំផុតទី៣ក្នុងសាសនាឥស្លាម៕