ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម ​ការរំលោភបំពាន​ និង​ជម្លោះ​បណ្តាល​ឲ្យ​មាន​ចំនួនជនភៀស​ខ្លួន​កើន​ឡើង​ខ្ពស់​បំផុត


រូបឯកសារ៖ ជនចំណាកស្រុកវេ៉ណេស៊ុយអេឡាលីឥវ៉ាន់របស់ខ្លួន ពេលកំពុងដើរកាត់ទីស្នាក់អាស្រ័យបណ្តោះអាសន្នមួយនៅក្រុង Bogota ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
រូបឯកសារ៖ ជនចំណាកស្រុកវេ៉ណេស៊ុយអេឡាលីឥវ៉ាន់របស់ខ្លួន ពេលកំពុងដើរកាត់ទីស្នាក់អាស្រ័យបណ្តោះអាសន្នមួយនៅក្រុង Bogota ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ទីភ្នាក់ងារ​បាន​ប៉ាន់ស្មាន​ថា​ប្រជាពលរដ្ឋ​វេ៉ណេស៊ុយអេឡា ​ប្រហែល៤លាននាក់ ​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​របស់​ពួកគេ ប៉ុន្តែ​ភាគច្រើន​នៃ​ពួកគេ​ទាំងនោះ​មិន​បាន​ស្វែង​រកសិទ្ធិជ្រកកោន​ទេ​ ហេតុដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មិន​ត្រូវ​បាន​រាប់បញ្ចូល​ក្នុងចំ​ណោម​ជនភៀស​ខ្លួន​ទាំងនោះ។

ទីភ្នាក់ងារទទួលបន្ទុក​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា​ មនុស្ស​ជិត ៧១លាន​នាក់ ​នៅ​ជុំវិញ​ពិភពលោក​ បាន​បាត់បង់​ទីជម្រក​ដោយសារ​សង្គ្រាម​ ការរំលោភបំពាន​ និង​ជម្លោះ ​ដែល​នេះ​គឺ​ជា​តួលេខ​ខ្ពស់បំផុត​ចាប់តាំងពី​អង្គការ​ UNHCR​ ត្រូវ​បាន​បង្កើតឡើង​ជិត ៧០ឆ្នាំ​កន្លង​មក​នេះ។

ទីភ្នាក់ងារ​ជនភៀស​ខ្លួន​បាន​ប្រកាស​ថា ​ចំនួន​មនុស្ស​ដែល​បាត់បង់​ទីជម្រក​ដែល​មាន​ចំនួន ៧០លាន ៨សែននាក់​នេះ​ នៅ​មិន​ទាន់​រាប់​បញ្ចូល​ជនរងគ្រោះ​ដោយសារ​វិបត្តិ​នៅប្រទេសវេ៉ណេស៊ុយអេឡា​នៅ​ឡើយ​ទេ។

ទីភ្នាក់ងារ​បាន​ប៉ាន់ស្មាន​ថា​ ប្រជាពលរដ្ឋ​វេណេស៊ុយអេឡា​ប្រហែល៤លាននាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​របស់​ពួកគេ ប៉ុន្តែ​ភាគច្រើន​ពួកគេមិន​បាន​ស្វែង​រកសិទ្ធិជ្រកកោន​ទេ​ ហេតុដូច្នេះ​ហើយ​បាន​ជា ​ពួកគេ​មិន​ត្រូវ​បាន​រាប់បញ្ចូល​ក្នុងចំណោម​ជនភៀស​ខ្លួន​ទាំងនោះ។

កាល​ពី​ឆ្នាំមុន​ ទីភ្នាក់ងារ​បាន​រាយការណ៍​ថា​ សង្គ្រាម​ និង​ជម្លោះ​បាន​បង្ខំ​ឲ្យ​មនុស្ស​ជិត ២៦លាននាក់ ​ដែលពាក់កណ្តាល​ជា​កុមារ​ ភៀសខ្លួន​ចេញ​ពី​ប្រទេស​របស់​ពួកគេ។ មនុស្ស​ជាង ៤១លាននាក់ ​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្លាស់ប្តូរ​ទីជម្រក​នៅក្នុង​ប្រទេស។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា​ ជាង២ភាគ៣​នៃជនភៀសខ្លួននៅក្នុង​ពិភពលោក មក​ពី​ប្រទេសចំនួន៥ គឺ​ប្រទេសស៊ីរី ​អាហ្វហ្គានីស្ថាន​ ស៊ូដង់ខាងត្បូង​ មីយ៉ាន់ម៉ា និង​សូម៉ាលី។ ប្រទេសតួកគី​បាន​ទទួល​យក​ជនភៀស​ខ្លួនច្រើន​ជាងគេ​បំផុត​ក្នុង​រយៈពេល​៥ឆ្នាំ​ជាប់ៗគ្នា​ ហើយ​បន្ទាប់​មក​មាន​ប្រទេសប៉ាគីស្ថាន អ៊ូហ្គាន់ដា ស៊ូដង់ និងអាល្លឺម៉ង់។

ឧត្តមស្នងការ​ទទួល​បន្ទុក​ជនភៀស​ខ្លួនលោក Filippo Grandi បាន​ថ្លែង​ថា​ ស្ថិតិ​នេះ​បង្ហាញ​ថា ​ប្រទេសអ្នកមាន​មិន​បាន​ជួយ​ទទួល​យក​ជនភៀស​ខ្លួន​ច្រើន​ទេ។

លោក Grandi បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ពេល​អ្នក​និយាយ​ថា​ អ៊ឺរ៉ុប ឬ​សហរដ្ឋអាមេរិក​មាន​បញ្ហា​អាសន្នរឿង​ជនភៀសខ្លួន​នោះ គឺ​វាមិនមែន​ទេ។ តាម​ពិត​ទៅ​ជនភៀស​ខ្លួន​ភាគច្រើន​ បាន​ភៀសខ្លួន​ទៅ​ប្រទេសនានា​ដែល​នៅ​ជិត​សង្គ្រាម ដែល​ភាគច្រើន ​គឺជា​ប្រទេស​ក្រីក្រ ឬ​ជា​ប្រទេស​មាន​ចំណូល​មធ្យម។ ទាំងនេះ​គឺ​ជា​វិបត្តិ្ដ​ដែល​យើង​ចាំបាច់​ត្រូវយក​ចិត្ត​ទុកដាក់»៕

XS
SM
MD
LG