ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ស្នើ​ឲ្យ​មាន​ការ​ដាក់​ទោស​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​វិបត្តិ Rohingya នៅ​មីយ៉ាន់ម៉ា


ស្រ្តី​ជនជាតិ​រ៉ូហ៊ីងយ៉ា អង្គុយ​នៅ​ក្រោម​ឆ័ត្រ​ខណ​ដែល​នាង​កំពុ​ងលក់ផ្លែឈើ​នៅ​កន្លែង​កម្សាន្ត​មួយ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Kutupalong កាលពី​ថ្ងៃទី​២៣ សីហា ឆ្នាំ ២០១៨។
ស្រ្តី​ជនជាតិ​រ៉ូហ៊ីងយ៉ា អង្គុយ​នៅ​ក្រោម​ឆ័ត្រ​ខណ​ដែល​នាង​កំពុ​ងលក់ផ្លែឈើ​នៅ​កន្លែង​កម្សាន្ត​មួយ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Kutupalong កាលពី​ថ្ងៃទី​២៣ សីហា ឆ្នាំ ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ចំពោះ​អ្នក​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ជា «ការ​បោស​សម្អាត​ជាតិ​សាសន៍​ដ៏​អាក្រក់​បំផុត‍» ទៅ​លើ​ជាតិ​សាសន៍ Rohingya កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Pompeo បាន​លើក​ឡើង​ដូច​នេះ​នៅ​ចំ​ពេល​ខួប​មួយ​ឆ្នាំ​នៃ​ជម្លោះ​នៅ​ក្នុង​រដ្ឋ Rakhine ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍ Rohingya ជាង ៧ សែន​នាក់ ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែសដែល​នៅ​ជិត​ខាង។

លោក Pompeo បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «កាល​ពី​មួយ​ឆ្នាំ​មុន បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​របស់​ពួក​សកម្ម​ប្រយុទ្ធ​មក កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​តបត​វិញ​ដោយ​ធ្វើ​យុទ្ធនាការ​បោស​សម្អាត​ជាតិ​សាសន៍ Rohingya នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើ​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ពួក​យោធា​ត្រូវតែ​គោរព​សិទ្ធិ​មនុស្ស ដើម្បី​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​រីក​ដុះដាល​ឡើង‍»។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ដែល​ដឹកនាំ​ដោយ​ម្ចាស់​ជ័យ​លាភី​ណូបែល​សន្តិភាព​លោកស្រី Aung San Suu Kyi បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ជន​ភៀស​ខ្លួន Rohingya អំពី​អំពើ​ឃោរឃៅ​របស់​ទាហាន​មីយ៉ាន់ម៉ា ដោយ​បញ្ជាក់​ថា កង​កម្លាំង​សន្តិសុខ​បង្ក្រាប​ពួក​សកម្ម​ប្រយុទ្ធ​ឥស្លាម​ទាំង​នោះ​នៅ​ក្នុង​រដ្ឋ Rakhine ដោយ​គ្មាន​ខុស​ច្បាប់​អ្វី​នោះ​ទេ។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ជន​ភៀស​ខ្លួន Rohingya នៅ​ក្នុង​ប្រទេស​បង់ក្លាដែសបាន​ធ្វើ​បាតុកម្ម និង​ការ​បួងសួង ដើម្បី​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជម្លោះ​នៅ​ក្នុង​រដ្ឋ Rakhine។

ការ​ដាក់​សម្ពាធ​របស់​អន្តរជាតិ​លើ​មីយ៉ាន់ម៉ា​បាន​កើន​ឡើង ស្រប​ពេល​ដែល​អ្នក​ស៊ើប​អង្កេត​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​ផ្សព្វផ្សាយ​នូវ​របាយការណ៍​មួយ​អំពី​វិបត្តិ Rohingya នេះ នៅ​ថ្ងៃ​ចន្ទ​ស្អែក ហើយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​បើក​កិច្ច​ប្រជុំ​អំពី​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​អង្គារ​ខាន​ស្អែក៕

XS
SM
MD
LG