ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo រិះគន់ «ទង្វើ​ទុច្ចរិត» របស់​ចិន ក្នុង​ជំនួប​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ី


រដ្ឋមន្ត្រីការបរទេសឥណ្ឌា ជប៉ុន និងអូស្ត្រាលី ជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា ជប៉ុន និងអូស្ត្រាលី ជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​ព្រមាននៅ​ថ្ងៃ​អង្គារ​នេះ​អំពី «ទង្វើ​ទុច្ចរិត​នៅ​ក្នុង​តំបន់» របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ពេល​ដែល​លោក​ជួប​ជាមួយសម្ព័ន្ធមិត្ត​សំខាន់ៗ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដើម្បី​បង្ហាញ​អំពី​សាមគ្គីភាព​មួយ ប្រឆាំង​នឹង​ប្រទេស​ចិន​ដែល​កំពុង​បង្កើន​ឥទ្ធិពល។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន អូស្ត្រាលី និង​ឥណ្ឌាក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​ត្រូវ​បាន​បង្រួម ក្រោយពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​បុគ្គលិកក៏ដូចជា​ទីប្រឹក្សា​របស់​លោក​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ​កូវីដ១៩។

បើ​យោង​តាម​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ជំនួប​ដំបូង​របស់​លោក Pompeo គឺ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Marise Payne។ អ្នក​ទាំង​ពីរ «បាន​ពិភាក្សា​គ្នា​អំពី​ក្ដី​កង្វល់​រួម​ទាក់ទិន​នឹង​ទង្វើ​ទុច្ចរិត​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់»។

នៅ​ក្នុង​ជំនួប​នៅ​ក្នុង​ទីក្រុង​តូក្យូ​នេះ សហរដ្ឋ​អាមេរិក អូស្រ្តាលី និង​ឥណ្ឌា បាន​រួមគ្នា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន។ ចំណែក​ឯ​ប្រទេស​ជប៉ុន​វិញ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ ដែល​ត្រូវ​ប្រកាន់​ជំហរ​ឈរ​ជាមួយ​សម្ព័ន្ធមិត្ត ហើយ​ស្រប​ពេល​នោះ​ដែរ ព្យាយាម​រក្សា​ទំនាក់​ទំនង​ដែល​មាន​ភាព​ប្រសើរឡើង​ដោយ​សន្សឹមៗ​ជាមួយ​នឹង​ប្រទេស​ចិន។

លោក Pompeo គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ដំបូងដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ជប៉ុន បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ជប៉ុន​លោក Yoshihide Suga បាន​ចូល​កាន់​តំណែង​កាល​ពី​ខែ​មុន​មក។ លោក Pompeo បាន​ថ្លែង​ថា លោក​មាន​ទំនុកចិត្ត​ថា ​រដ្ឋាភិបាល​ក្រុង​តូក្យូ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដើរ​លើ​ផ្លូវ​តែ​មួយ។

លោក Pompeo បាន​បញ្ជាក់​នៅ​ពេល​ចាប់ផ្ដើម​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Toshimitsu Motegi ថា៖ «នៅ​ក្នុង​ការ​លើកឡើង​ដំបូង​របស់​លោក​ បន្ទាប់ពី​បាន​ឡើង​កាន់​តំណែង​មក លោក​នាយករដ្ឋមន្ត្រី Suga បាន​បញ្ជាក់​អំពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​លក្ខណៈ​សេរី និង​បើក​ចំហ ថា​ជា «មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់»។ លោក Pompeo ថា លោក​គាំទ្រ​ទាំងស្រុង​ចំពោះ​ការ​លើកឡើង​នេះ។

ប៉ុន្តែ​ប្រទេស​ជប៉ុន​បាន​ទទូច​ថា ការ​ពិភាក្សា​លើក​នេះ ​គឺ​មិន​សំដៅ​ផ្ទាល់​លើ​ប្រទេស​ណា​មួយ​នោះ​ទេ។ ក្រសួង​ការបរទេស​ជប៉ុន​បាន​បង្ហាញ​អំពី​សេចក្ដី​សង្ខេប​ដ៏​ទូលំទូលាយ​អំពី​ការ​ពិភាក្សា​នេះ ដោយ​បាន​បញ្ជាក់​ថា ការ​ពិភាក្សា​នេះ​ផ្ដោត​លើ «ស្ថានភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត សមុទ្រ​ចិន​ខាង​ត្បូង និង​កូរ៉េខាងជើង»។

លោក Pompeo បាន​ត្រឡប់​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។ គម្រោង​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង និង​ម៉ុងហ្គោលី ត្រូវ​បាន​លុបចោល៕

XS
SM
MD
LG